​​​គួរ​​ឲ្យ​​សរសើរ​! ​យុវតី​​​ខ្មែរ​មាន​​​មហិច្ឆតា​​ខ្ពស់​ ពី​​​តារា​​បង្ហាញ​ម៉ូដ​​​​​ក្លាយ​​​​ជា​​​​ម្ចាស់​សិប្បកម្ម​​ផលិតផល​​ធម្មជាតិ

  • 2018-09-03 03:57:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​យុវតី​ខ្មែរ​​​​​​​វ័យ​​២៥​ឆ្នាំ​​មួយ​រូប​​​ដែល​​មាន​​ឈ្មោះ​ថា វត្ថា​ វិច្ឆិកា ​​មិន​​ត្រឹម​តែ​ជា​​​តារា​​បង្ហាញ​​ម៉ូដ​​អាជីព​សម្រាប់​​​​​ទស្សនាវដ្ដី​​ក្នុង​​​​ស្រុក​​និង​​​ក្រៅ​ស្រុក​​ប៉ុណ្ណោះ​​ទេ ​នាង​​​ថែម​​​ទាំង​មាន​​​គំនិត​ច្នៃ​​ប្រឌិត​​​​​បង្កើត​​ផលិត​ផល​​ធម្មជាតិ​ រហូត​​​ក្លាយ​​ជា​​ម្ចាស់​​​សិប្បកម្ម​ផង​ដែរ​​​​​​។

វត្ថា​ វិច្ឆិកា

​​​​​​​​​ថ្វី​​ត្បិត​តែ **វិច្ឆិកា** រៀន​​​​មិន​បាន​​ខ្ពង់​ខ្ពស់​ពិត​មែន​ ប៉ុន្តែ​​មហិច្ឆតា​របស់​​នាង​​​​​​គឺ​មិន​ទាប​ឡើយ។ មូល​​ហេតុ​​ដែល​​​​នារី​​​​​​​​ស្រអែម​​ស្រស់​​​​​មួយ​​រូប​នេះ​​មាន​​​​គំនិត​​បង្កើត​​​ប្រេង​​​ដូង​​​​ធម្មជាតិ​ ដោយ​​សារ​​​​តែ​​​​​ក្នុង​អំឡុង​ពេល​​ទៅ​​ថត​រូប​បង្ហាញ​ម៉ូដ​​នៅ​តាម​ខេត្ត អ្នក​ផាត់​​មុខ​​បាន​​យក​ប្រេង​ដូង​​មក​ជូត​​​សម្អាត​​គ្រឿង​សម្អាង​នៅ​លើ​មុខ​របស់​នាង​​​​​​​​​​​​​​​​ ហើយ​​​ឃើញ​​ថា​​វា​មាន​អត្ថ​ប្រយោជន៍​​​ជា​ច្រើន​​សម្រាប់​​​​ស្បែក​ ទើប​​​ធ្វើ​ឲ្យ​នាង​ចាប់​​​​ដៃ​គូ​សហការ​ជាមួយ​​​​​​បរទេស​មួយ​​ក្រុម​​​​​​​​​​​​​​​ នៅ​ក្នុង​​ឆ្នាំ​​២០១៤។ រហូត​មក​​ដល់​​​ឆ្នាំ​​២០១៧ **វិច្ឆិកា** ​​​​​​បាន​​បើក​​​​សិប្បកម្ម​​ផ្ទាល់​​​ខ្លួន​​មាន​ឈ្មោះ​​ថា​ **"ដៃ​ខ្មែរ”** ដែល​​មាន​​ផលិតផល​​សម្រាប់​​ថែរក្សា​សម្ផស្ស​​ជា​ច្រើន​ប្រភេទ​ខុសៗគ្នា។

វិច្ឆិកា បាន​​បញ្ជាក់​​មក​​កាន់​​​វេបសាយ កញ្ញា ថា​ "រាល់​ផលិត​​ផល​ទាំង​​អស់ គឺ​​​សុទ្ធ​​តែ​​ សម្រិតសម្រាំង​ចេញ​​ពី​​ធម្មជាតិ​ពិតៗ​ មិន​​​​​​​ភូតភរ​​កុហក​ ដើម្បី​​អាច​​ធានា​​​​ពី​គុណភាព​​យ៉ាង​​ពេញ​លេញ​​​សម្រាប់​​អ្នក​​ប្រើ​ប្រាស់។​" មក​​ទល់​នឹង​ពេល​​នេះ ក្រៅ​​​ពី​​ការ​​​​ចម្រាញ់​​ប្រេង​ដូង​​ និង​ការ​ផលិត​​សាប៊ូ​​ចេញ​​ប្រេង​ដូង សិប្បកម្ម​​ "ដៃ​ខ្មែរ" ក៏​​​​បាន​​បង្កើត ម្សៅ​ធ្យូង​​​​ត្រឡោក​​ដូង សម្រាប់​​​ដុស​ធ្មេញ​ឲ្យ​ស និង​​​អាច​ធ្វើ​​ជា​​ស្រ្កាប់​​​​ខាត់​មុខ​ ព្រម​ទាំង​​សាប៊ូ​​​​​ដុស​​ខ្លួន​​៦​ប្រភេទ​ផ្សេង​ទៀត។

​គម្រោង​នា​ពេល​អនាគត​របស់​​ម្ចាស់​សិប្បកម្ម​វ័យ​ក្មេង​រូប​នេះ​ គឺ​​​​ចង់​​​​​​​ច្នៃ​ប្រេង​​ដូង​​ទៅ​ជា​​សាប៊ូ​​កក់​សក់​បន្ថែម​ទៀត​ ហើយ​មាន​​ការ​​ដាក់​​លក់​​នៅ​តាម​​​បណ្តា​ផ្សារ​​ទំនើប​​ធំៗ និង​ការ​នាំ​​ចេញ​​ទៅ​​​ក្រៅ​ប្រទេស​​​​ផង​ដែរ ៕

ចុចអានបន្ត៖

​​​​​​​​​​​​

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម