​ភាគ​ច្រើន​ជា​​​សិស្ស​ស្រី​​​​ ​មាន​​បញ្ហា​សុខភាព​​រហូត​ឈាន​ដល់​ការ​សង្គ្រោះ​​បឋម ​ក្នុង​​កំលុង​ពេល​​ប្រឡង​​បាក់​ឌុប

  • 2018-08-20 07:17:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​​បេក្ខ​ជន​​ប្រឡង​​​​​ជា​ច្រើន​រូប​ កំពុង​តែ​​មាន​បញ្ហា​សុខភាព​​ក្នុង​​អំឡុង​ពេល​​ប្រឡង​សញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិ  នៅ​​ថ្ងៃ​ទី ២០ សីហា ២០១៨ នៅ​តាម​មណ្ឌល​​​​និង​ខេត្ត​​មួយ​ចំនួន​។ ​

យោង​ទៅ​តាម​ ​ការ​​ផ្សព្វ​ផ្សាយ​នៅ​ក្នុង​ទំព័រ​​ហ្វេសបុក របស់​ក្រសួង​​អប់​រំ​យុវជន​​និង​កី​ឡា បាន​ឲ្យ​ដឹង​ថា " ដោយ​សារ​មាន​អាការៈ​វិល​មុខ ខ្យល់គរ ក្អួត ជាដើម​ បេក្ខជន​ខ្លះ បាន​បន្ត​ការ​ប្រឡង​ឡើង​វិញ បន្ទាប់​ពី​មាន​អាការៈ​ធូរ​ស្រាល​ក្រោយ​ទទួល​បាន​ជំនួយ សង្គ្រោះ​បឋម ពី​ក្រុម​គ្រូ​ពេទ្យ​ប្រចាំ​ការ​នៅ​តាម​មណ្ឌល​នោះ។ ”

ក្នុង​នោះ​ដែរ យើង​ឃើញ​ថា​ ភាគ​​ច្រើន​​​ជា​សិស្ស​ស្រី​ ដែល​​មាន​​បញ្ហា​សុខភាព​​រហូត​ឈាន​ដល់​ការ​សង្គ្រោះ​​បឋម ​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​គ្នា​​ដូច​ជា៖

ខេត្ត​កោះ​កុង​៖ បេក្ខនារី១រូប នៅ​មណ្ឌល​វិទ្យាល័យកោះកុង មានអាការក្អួត វិលមុខឥឡូវ ក្រុមគ្រូពេទ្យប្រចាំការ​កំពុងសង្គ្រោះបឋម។

ខេត្ត​កណ្តាល៖ បេក្ខជន​មាន​បញ្ហាសុខភាព ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​សង្គ្រោះបឋម។

ខេត្ត​កំពង់ចាម៖ បេក្ខនារី១រូប នៅមណ្ឌលសាកលវិទ្យាល័យវេស្ទើន មានជំងឺត្រូវព្យួរសេរ៉ូម ដើម្បី​ប្រឡង។

ខេត្តកំពង់ស្ពឺ៖ ​បេក្ខនារី១រូប សន្លប់ កំពុងទទួលការសង្គ្រោះបឋមពីក្រុមគ្រូពេទ្យប្រចាំការ។

​ខេត្តក្រចេះ៖ បេក្ខជន​ប្រឡងនៃមណ្ឌលវិទ្យាល័យក្រុងក្រចេះខាងកើត មាន​អាការៈស្លេកស្លាំងខ្លាំង ត្រូវបានជួយសង្គ្រោះដោយបញ្ចូន​ទៅមន្ទីរពេទ្យខេត្តក្រចេះ។ ​​​​​ ខេត្ត​តាកែវ៖ បេក្ខជនម្នាក់វិលមុខតែនៅបន្តការប្រឡងបាន ក្រោយ​ការ​សង្គ្រោះបឋម ដោយ​ក្រុមគ្រូពេទ្យប្រចាំការ។

រាជធានីភ្នំពេញ៖ បេក្ខជនមានអការៈចុកពោះខ្លាំង ក្រុមគ្រូពេទ្យបានឲ្យថ្នាំ ហើយលោកគ្រូក៏បានឲ្យបាយ និង ចេកដើម្បីបរិភោគ។ ដោយអការៈមិនបានធូរស្បើយ លោកប្រធានមណ្ឌលបានអនុញ្ញាតឲ្យបេក្ខជនប្រលងនៅក្រៅបន្ទប់ ដោយមាន​អនុរក្សឈ្មោះត្រួតពិនិត្យ៕

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម