​៦​យ៉ាង​ពុំ​គួរ​ធ្វើ​ឡើយ​ចំពោះ​សង្សារ​ចាស់ បើ​មិន​ចង់​ឲ្យ​ខ្លួន​កាន់​តែ​អន់ និង​ដុនដាប

  • 2018-08-14 09:42:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បែក​គ្នា​ទៅ​ហើយ ប៉ុន្តែ​អារម្មណ៍​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​សង្សារ​ចាស់ នៅ​តែ​ដិត​ជាប់​ក្នុង​ខួរ​ក្បាល។ ប៉ុន្តែ​ទោះ​បី​អ្នក​នៅ​តែ​ស្អប់ ឬ​នៅ​តែ​ស្រលាញ់​ប៉ុណ្ណា បើ​​គេ​សម្រេច​បោះបង់​អ្នក​ចោល​ទៅ​ហើយ គឺ​មាន​រឿង​ខ្លះ​ដែល​មិន​គួរ​ធ្វើ​ជាមួយ​គេ​ទៀត​នោះ​ទេ។ ចង់​ដឹង​ថា​មិន​គួរ​នោះ​មាន​អ្វី​ខ្លះ តោះ​មក​អាន​ខាង​ក្រោម​នេះ​ជាមួយ​កញ្ញា​តែ​ម្ដង៖

៦. ទាមទារ​ចំណាប់អារម្មណ៍​ពី​គេ

នៅ​ពេល​បែក​គ្នា​ទៅ​ហើយ ហើយ​គេ​គឺ​ជា​អ្នក​ដែល​បោះបង់​យើង​ទៅ​ទៀត​នោះ ការ​ដែល​យើង​នៅ​ទាមទារ​ការ​ចាប់​អារម្មណ៍​ពី​​មនុស្ស​បែប​នេះ​ទៀត​ គឺ​មាន​តែ​ខាត​លើ​ខាត​ប៉ុណ្ណោះ ខាត​ទាំង​ពេល​វេលា ខាត​ទាំង​អារម្មណ៍ ព្រោះ​ក្រៅ​ពី​គេ​មិន​ចាប់​អារម្មណ៍​យើង​ហើយ គេ​នឹង​មាន​អារម្មណ៍​ថា​យើង​គួរ​ឲ្យ​រំខាន រហូត​ដល់​ថ្នាក់ Block លេខ​ទូរសព្ទ line និង​វិធី​ទាក់ទង​ផ្សេង​ៗ​។ យក​ល្អ​គួរ​ចំណាយ​ពេល​មើល​ថែ​ខ្លួន​ឯង តែង​ខ្លួន​ឲ្យ​ស្អាត​ និង​ព្យាបាល​របួស​ចិត្ត​តែ​ម្នាក់​ឯង​វិញ​ប្រសើរ​ជាង។

៥. ផុស​តិះដៀល​​គេ​តាម​​បណ្ដាញ​សង្គម

ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ដទៃ​មើល​មក​ថា យើង​មិន​ចេះ​គ្រប់គ្រង​អារម្មណ៍ និង​បញ្ចេញ​រឿង​ខ្លួន​ឯង​ឲ្យ​គេ​ដឹង​ជ្រុល​ពេក។ យក​ល្អ គួរ​នៅ​ស្ងៀមៗ រក្សា​ភាព​ស្ងៀមស្ងាត់​ ឲ្យ​គ្រប់​យ៉ាង​សាបរលាប​ទៅ​ដោយ​ខ្លួន​ឯង​វិញ​ប្រសើរ​ជាង ដើម្បី​បង្ហាញទៅ​សង្សារ​ចាស់​ថា​យើង​មិន​បាន​ឈឺ មិន​​បាន​សោកស្ដាយ​ដែល​បែក​គ្នា​ពី​គេ​នោះ​ទេ ហើយ​ឈ្មោះ​គេ​ក៏​គ្មាន​អ្វី​សំខាន់​​នឹង​ឲ្យ​យើង​ត្រូវ​រំឭក​ទៀត​ដែរ។

៤. ផ្ញើ​សារ​ទៅ​គេ​ម្ដង​ហើយ​ម្ដង​ទៀត សង្ឃឹម​ថា​គេ​នឹង​ផ្ញើ​តប​វិញ

ការ​ដែល​យើង​នៅ​​កាត់​ចិត្ត​ពី​គេ​មិន​បាន និង​សម្រេច​ចិត្ត​ផ្ញើ​សារ​ទៅ​ច្រើន ព្រោះ​សង្ឃឹម​ថា​គេ​នឹង​ផ្ញើ​វិញ​មួយ​ម៉ាត់​ពីរ​នោះ​ គឺ​ជា​អ្វី​ដែល​មិន​គួរ​ធ្វើ​សោះ​ឡើយ ព្រោះ​វា​នឹង​កាន់​តែ​បង្ហាញ​យ៉ាង​ច្បាស់​ថា យើង​មិន​ទាន់​ភ្លេច​គេ ចំណែក​គេ​​ត្រូវ​អាន​សារ​របស់​យើង​ទាំង​ធុញ​ទ្រាន់។ មនុស្ស​បែក​គ្នា​ទៅ​ហើយ ប្រាកដ​ជា​មាន​អ្នក​ណា​អាច​ភ្លេច​មុន​ ហើយ​បើ​យើង​ជា​អ្នក​​ភ្លេច​ក្រោយ​គេ នោះ​ក៏​ត្រូវ​រស់​នៅ​ជាមួយ​ខ្លួន​ឲ្យ​បាន ហើយ​សឹម​បំភ្លេច​គេ​តាម​សម្រួល។ ខណៈ​ពេល​នេះ អាច​រក​មនុស្ស​ជុំវិញ​ខ្លួន​ណា​ម្នាក់​ដែល​យើង​អាច​និយាយ​បញ្ចេញ​អារម្មណ៍​ប្រាប់​គេ​បាន ដោយ​ព្យាយាម​យ៉ាង​ណា​កុំ​យក​ចិត្ត​ខ្លួន​ឯង​ទៅ​គិត​សង្សារ​ចាស់​ទៀត។

៣. នាំ​អ្នក​ថ្មី​ទៅ​ឡកឡើយ​នៅ​មុខ​គេ

ទោះ​បី​ចង់​ឲ្យ​គេ​ឈឺ​ចាប់​​ខ្លះ​​ដែល​យើង​កាត់​ចិត្ត​បាន​លឿន​ជាង និង​រក​អ្នក​ថ្មី​បាន​លឿន​ជាង​ក៏​ដយ ប៉ុន្តែ​ការ​ដែល​នាំ​អ្នក​ថ្មី​ទៅ​បញ្ឈឺ​មុខ​គេ​នោះ ក្រៅ​ពី​ដើម្បី​​ឲ្យ​ស្កប់​ចិត្ត​យើង វា​ក៏​គ្មាន​ផល​ល្អ​ចំពោះ​អ្នក​ណា​ទាំង​អស់ ហើយ​សង្សារ​ថ្មី​របស់​អ្នក​នឹង​​គិត​ថា​អ្នក​មិន​ទាន់​ភ្លេច​សង្សារ​ចាស់​បាន​ឡើយ ដែល​ធ្វើ​ឲ្យ​បញ្ហា​រាលដាល​កាន់​តែ​ធំ។

២. ធ្វើ​គ្រប់​យ៉ាង​ដូច​កាល​មិន​ទាន់​​បែក​គ្នា

នៅ​សុខ​ៗ​ក៏​ទូរសព្ទ​ទៅ​រក​គេ ផ្ញើ​សារ​ទៅ​រក​គេ ធ្វើ​ដូច​កាល​ដែល​នៅ​ស្រលាញ់​គ្នា។ បែប​នេះ​អ្នក​ដែល​ឈឺ​ចាប់​ខ្លាំង​បំផុត​មាន​តែ​​យើង​នេះ​ហើយ ព្រោះ​សង្សារ​ចាស់​គេ​បាន​ចាប់​ផ្ដើម​ជីវិត​ថ្មី​ទៅ​ហើយ មាន​តែ​យើង​ប៉ុណ្ណោះ​ដែល​មិន​អាច​ដើរ​ទៅ​មុខ​បាន ព្រោះ​រវល់​តែ​វិលវល់​ក្នុង​អតីតកាល​ម្នាក់​ឯង។ ដូច្នេះ​គួរ​តែ​ឈាន​ជើង​ចេញ​ពី​ស្នេហា​ចាស់​នោះ​ឲ្យ​ដាច់​ស្រលះ ហើយ​ចាប់​ផ្ដើម​ជួប​មនុស្ស​ថ្មី​ៗ ដែល​ថា​មិន​ត្រូវ​​មាន​មនុស្ស​​កំពុង​រង់​ចាំ​អ្នក​ក្បែរ​ៗ​ខ្លួន​អ្នក​ក៏​ថា​បាន។

១. ចង់​សុំ​ធ្វើ​មិត្ត​ជាមួយ​គេ​វិញ

នៅ​ពេល​ធ្វើ​ចិត្ត​បាន​ហើយ មិត្ត​នារី​ខ្លះ​ក៏​ចង់​ទៅ​រក​គេ​វិញ​ក្នុង​ឋានៈ​ជា​មិត្តភ័ក្ដិ។ ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ដែរ​ថា នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ឈឺចាប់​​ដដែល​ៗ នៅ​​ពេល​ត្រូវ​មក​ជួប​គេ​ស្និទ្ធស្នាល​ជាមួយ​អ្នក​ថ្មី ដោយ​អ្នក​គ្មាន​សិទ្ធិ​ប្រច័ណ្ឌ​ខឹង​អ្វី​ទាំង​អស់។ ដូច្នេះ​បើ​អ្នក​មិន​អាច​ទ្រាំ​នឹង​ស្ថានភាព​បែប​នេះ​បាន គួរ​កុំ​ធ្វើ​មិត្តជាមួយ​គេ​អី។  

ឃើញ​ស្រាប់​ហើយ​ថា​មួយ​ចំណុច​ៗ​ខាង​លើ​នេះ​គឺ​សុទ្ធ​តែ​ជា​អ្វី​ដែល​នាំ​​ឲ្យ​យើង​ឈឺ​ចាប់។ ផ្ទុយ​មក​វិញ បើ​សិន​ចង់​ឲ្យ​សង្សារ​ចាស់​អ្នក​​មាន​អារម្មណ៍​សោកស្ដាយ​ដោយ​សារ​ទង្វើ​របស់​គេ​ដែល​ធ្វើ​ជា​មួយ​យើង និង​សោកស្ដាយ​ដែល​គេមើល​មិន​ឃើញ​តម្លៃ​យើង​នោះ យើង​គួរ​តែ​ធ្វើ​ខ្លួន​ឲ្យ​ស្អាត មើល​ថែ​ខ្លួន​ឲ្យ​បាន​ល្អ បំភ្លេច​មនុស្ស​អាក្រក់​ៗ និង​រស់​នៅ​ឲ្យ​មាន​ក្ដី​​សុខ​បំផុត  ៕

ចុចអាន៖

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន