អ្នក​ជិត​ខាង​ចរិត​យ៉ាប់​៥​ប្រភេទ ដែល​គ្មាន​​នរណា​ចង់​រស់​នៅ​ក្បែរ​

  • 2018-08-12 07:15:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ផ្ទះ​ស្អាត ទី​តាំង​ល្អ តម្លៃ​ថ្លៃ​ប៉ុន​ណា​ក៏​ដោយ បើ​​​មាន​អ្នក​ជិត​ខាង​ដែល​ពិបាក​យល់​​គ្នា​ គឺ​ពិត​ជា​តឹង​ទ្រូង​ខ្លាំង​ណាស់។ ពេល​ខ្លះ​​ទោះ​បី​​ខឹង​ប៉ុនណា​ក៏​សុខ​ចិត្ត​ទ្រាំ ​​ព្រោះ​​មិន​ចង់​បង្ក​ជម្លោះ​នាំ​រឿង​ក្តៅ​ក្រហាយ​ច្រើន។ ម្យ៉ាង​វិញ​ទៀត​ ​គិត​ថា​អ្នក​​ជិត​​ខាង​​ជា​មនុស្ស​​ដែល​រស់​នៅ​ក្បែរ​គ្នា ឃើញ​មុខ​គ្នា​រាល់​ថ្ងៃ ​ភាព​ចុះ​​សម្រុង ​ការ​ចេះ​ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន គឺ​​​រឿង​​ដែល​សង្គម​ឲ្យ​តម្លៃ​បំផុត។ ហេតុ​​នេះ​ហើយ​បាន​ជា​​អ្នក​មិន​ត្រូវ​ ធ្វើ​ខ្លួន​​ដូច​ជា​អ្នក​ជិត​ខាង​ចរិត​យ៉ាប់​៥ប្រភេទ​ខាង​ក្រោម​នេះ។

១. ប្រកាន់​​ខឹង​រឿង​​តូច​តាច

រស់​នៅ​ក្បែរ​​ខាង​គ្នា តែង​តែ​មាន​ហើយ​នូវ​​​​ការ​ប៉ះ​ពាល់​​បន្តិច​បន្តួច ជៀស​មិន​ផុត​នោះ​​ទេ ដូច​ជា​​​ការ​ដាំ​ដើម​ផ្កា ការ​​ដាក់​សំរាម ឬ​ការ​ចិញ្ចឹម​សត្វ​ជា​ដើម។ បើ​​បញ្ហា​ណា​​អាច​ដោះ​ស្រាយ​បាន និយាយ​តាម​សម្រួល​ទៅ មិន​ចាំ​​បាច់​​​​​​ឈ្លោះ​​គ្នា​នាំ​​ឲ្យ​រឿង​​តូច​ទៅ​ជា​ធំ​ឥត​ប្រយោជន៍។

២. ផឹក​ស៊ី​ឡូឡា​មិន​ក្រែង​ចិត្ត

បើ​សិន​​គ្រាន់​តែ​ជា​ពិធី​ជប់​លៀង​​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ ឬ​ធ្វើ​យូរៗ​ម្តង​មិន​​​អី​ទេ​ ប៉ុន្តែ​អ្នក​ខ្លះ​វិញ​​សឹង​រាល់​ថ្ងៃ។ ស្រែក​ច្រៀង​ឮៗ​ផង និយាយ​ឡូឡា​ផង ហើយ​​​នៅ​ដល់​យប់ជ្រៅ​ ​ស្ទើរ​តែ​ទល់​ភ្លឺ មិន​ក្រែង​ចិត្ត​គេ​​បន្តិច​សោះ។ អ្នក​ជិត​ខាង​ប្រភេទ​នេះ បើ​នៅ​ជិត​ចង់​តែ​រើ​ចេញ​ស្អែកៗ។

៣. អត់​​ការងារ​ធ្វើ​ចាំ​តែ​​អង្គុយ​និយាយ​ដើម​គេ

អ្នក​ជិត​ខាង​ខ្លះ​​ពិបាក​យល់​ណាស់ មិន​ថា​ហេតុ​អ្វី​ទេ មួយ​ថ្ងៃៗ​ដូច​ទំនេរ​ដល់​ហើយ។ អង្គុយ​​​ចាំ​តែ​និយាយ​ដើម​អ្នក​ដទៃ​ ចូល​ចិត្ត​ឆាប់​វាយ​តម្លៃ​គេ​ទាំង​ដែល​មិន​រឿង​សោះ។ ជា​ពិសេស​​ពូកែ​ខាង​ចាប់​កំហុស រិះ​គន់​គ្មាន​ហេតុផល ឲ្យ​តែ​បាន​សប្បាយ​មាត់​ខ្លួន​ឯង​។ គូរ​​​យក​ពេល​​ទំនេរ​ទៅ​ធ្វើ​រឿង​អ្វី​ផ្សេង​ល្អៗ មាន​ប្រយោជន៍​វិញ​ប្រសើរ​ជាង​។

៤.​ ពូកែ​​​ច្រណែន​ឈ្នានីស​

ធ្លាប់​ជួប​អត់​ ប្រភេទ​​មនុស្ស​ដែល​​មក​ស្អប់​អ្នក​​​ ទោះ​​បី​ជា​អ្នក​មិន​បាន​ធ្វើ​អ្វី​ដាក់​គេ​ក៏​​ដោយ។ នេះ​ដោយ​សារ​តែ​គេ​មាន​ចិត្ត​ច្រណែន​​ឈ្នានីស​ ពេល​ឃើញ​អ្នក​រីក​ចម្រើន ទិញ​​ឡាន​​ទំនើប ទិញ​របស់​ថ្មី​ចូល​ផ្ទះ។ បើ​​បាន​ជួប​​មាន​អ្នក​ជិត​ខាង​​​បែប​នេះ កុំ​ទៅ​ខ្វល់​អី​ នៅ​តែ​និយាយ​រក​​ធម្មតា​ៗ​ទៅ សំខាន់​អ្នក​​​​​ខំ​ប្រឹង​ដោយ​សមត្ថភាព​ខ្លូន​ឯង ​អ្នក​ផ្សេង​​មិន​អាច​ធ្វើ​បាន​ទើប​គេ​ច្រណែន។

​៥. វាយ​ឫក​ឆ្មើង​​ឆ្មៃ​​ អួត​ក្អេង​ក្អាង​​​​

នៅ​​ផ្ទះ​​ជាប់​គ្នា​​សោះ​ ពេល​ខ្លះ​​សូម្បី​តែ​ញញឹម​ក៏​កំណាញ់​ដែរ។ ចេញ​​​បាត់​ ចូល​បាត់ គ្មាន​មើល​មុខ​ និយាយ​រក​អ្នកណា ហើយ​​ចូល​ចិត្ត​​បង្អួត​សំញែង របស់​ប្រើ​ថ្លៃៗ​ប្រេនៗ ធ្វើ​ដូច​​អ្នក​ដទៃ​មិន​ដល់​ខ្លួន។ រស់​នៅ​ក្បែរ​គ្នា ញញឹម​ដាក់​តែ​បន្តិច​ក៏​អាច​បង្ហាញ​ពី​ភាព​រួសរាយ​បាន​ដែរ កុំ​ចាំ​បាច់​​វាយ​ឬក​ឆ្មើង​ឆ្មៃ​អី ព្រោះ​ពេល​មាន​អាសន្ន​ មាន​តែ​អ្នក​ជិត​​ខាង​នេះ​ហើយ​​ដែល​អាច​ជួយ​​គ្នា​ទៅ​វិញ​ទៅ​មក។ ​

ចុចអានបន្ត៖

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម