ភើ​ច្រើន មិន​ត្រឹម​តែ​គួរ​ឲ្យ​​​ខ្មាស ប៉ុន្តែ​​ជា​សញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងរ​ជា​ច្រើន

  • 2018-08-11 06:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ម្នាក់​ៗ​មាន​ការ​យល់​ឃើញ​ចំពោះ​ការ ភើ ខុស​ៗ​គ្នា។ អ្នក​ខ្លះ​គិត​ថា​វា​ជា​រឿង​ធម្មជាតិ​ដែល​រាង​កាយ​ត្រូវ​បញ្ចេញ​ខ្យល់​ចេញ​មក ដើម្បី​ជួយ​កុំ​ឲ្យ​ណែន​ពោះ​ពិបាក ហើយ​ជា​សញ្ញា​បង្ហាញ​ថា​ប្រព័ន្ធ​រំលាយ​អាហារ​នៅ​ធ្វើ​ការ​​ល្អ។ ប៉ុន្តែ​សម្រាប់​អ្នក​ខ្លះ​ទៀត ក៏​ចាត់​ទុក​ថា​ជា​ការ​គ្មាន​សុជីវធម៌ និង​គួរ​ឲ្យ​ខ្មាស ដោយ​សារ​មាន​ទាំង​សំឡេង និង​ក្លិន​មិន​ល្អ។ ប៉ុន្តែ​អ្វី​ដែល​កញ្ញា​ចង់​យក​មក​ចែក​រំលែក​នៅ​ថ្ងៃ​នេះ មិន​មែន​គ្រាន់​តែ​ជា​​រឿង​ដែល​គួរ​ឲ្យ​ខ្មាស​ ឬ​ក៏​អត់​នោះ​ទេ ព្រោះ​ពេល​ខ្លះ​ការ​ភើ​ក៏​អាច​ជា​សញ្ញា​ប្រាប់​ថា​សុខភាព​របស់​យើង​មាន​អ្វី​ខុស​ប្រក្រតី​ផង​ដែរ។ ចង់​ដឹង​ថា​ការ​ភើ​ញឹកញាប់​អាច​ជា​សញ្ញា​នៃ​ជំងឺ​អ្វី​ខ្លះ សូម​តាមដាន​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា៖

១. ភើ​ញឹកញាប់​ខុស​ធម្មតា

បើ​អ្នក​មាន​អាការ​ភើ​លើស​ពី ៣​ដង​ក្នុង​មួយ​ថ្ងៃ និង​បន្ត​បែប​ហ្នឹង​ដល់​មួយ​សប្ដាហ៍ នោះ​អាច​ជា​សញ្ញា​ប្រាប់​ថា​អ្នក​ខ្យល់​ក្នុង​ពោះ​ច្រើន​ពេក ដែល​ច្រើន​ធ្វើ​ឲ្យ​កើត​មាន​ការ​ភើ​ចេញ​មក​ម្ដង​ច្រើន​ៗ។ ការ​ភើ​បែប​នេះមិន​គ្រោះថ្នាក់​ដល់​សុខភាព​ខ្លាំង​នោះ​ទេ ប៉ុន្តែ​អ្នក​គួរ​សង្កេត​មើល​ថា មាន​អាការ​ផ្សេង​ៗ​មក​ជាមួយ​គ្នា​ដែរ​ឬ​ក៏​អត់។

២. ហើម​ពោះ

នៅ​ពេល​អ្នក​ភើ​ដោយ​​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ខ្លួន​ព្រោះ​មាន​ខ្យល់​ក្នុង​ពោះ​ច្រើន​ខ្លាំង​ពេក នោះ​អាច​ជា​អាការ​ហើម​ពោះ រលាក​ក្នុង​ពោះវៀន ឬ​សម្រាប់​អ្នក​ដែល​អាឡែស៊ី​ជាមួយ​ទឹក​ដោះគោ បើ​មាន​អាការ​ហើម​ពោះ​និង​ក្អួត​ចង្អោរ ត្រូវ​ប្រញាប់​ទៅ​ជួប​ពេទ្យ​ដើម្បី​ព្យាបាល​ទើប​បាន។

៣. អាស៊ីត​ច្រាល​បញ្ច្រាស

បើ​ក្រោយ​ញ៉ាំ​បាយ​ហើយ អ្នក​ភើ​ចេញ​មក ហើយ​មាន​អាការ​​ក្រហាយ​ក្ដៅ​ត្រង់​បំពង់ក ឬ​នៅ​ទ្រូង នោះ​ប្រាកដ​ណាស់​ថា​អ្នក​មាន​ជំងឺ​អាស៊ីត​ច្រាល​បញ្ច្រាស។ មនុស្ស​ជា​ច្រើន​អាច​គិត​ថា វា​មិន​អី ប៉ុន្តែ​ការ​ពិត បើ​ទុក​មិន​ព្យាបាល​បែប​នេះ វានឹង​វិវត្ត​ទៅ​ជា​ជំងឺ​ធ្ងន់​ៗ​ផ្សេង​​ទៀត បំពង់​អាហារ​ត្រូវ​​មាន​បញ្ហា​ដោយ​សារ​អាស៊ីត​ពី​ក្នុង​ក្រពះ​ ហើយ​ធ្ងន់ធ្ងរ​ជាង​​នេះ​ទៀត​គឺ​មហារីក។

៤. ស្រក​គីឡូ

កុំ​គិត​ថា​ការ​ដែល​ទម្ងន់​ខ្លួន​របស់​អ្នក​ស្រក​គឺ​ជា​រឿង​ល្អ ព្រោះ​វា​អាច​បណ្ដាល​មក​ពី​បញ្ហា​សុខភាព។ ការ​ភើ​ច្រើន​ខុស​ធម្មតា​អាច​បណ្ដាល​មក​ពី​ការ​អាឡែស៊ី​អាហារ ឬ​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​នេះ​គឺ​មហារីក​ពោះវៀន។

៥. បញ្ហា​ការ​បញ្ចេញចោល

បើ​អ្នក​មាន​អាការ​ភើ​ញឹកញាប់ រួម​ទាំង​​ដើរ​ខ្យល់​ខុស​ធម្មតា និង​មាន​បញ្ហា​រាករូស​ញឹកញាប់ នោះ​គឺ​ជា​រោគសញ្ញា​របស់​អ្នក​ដែល​អាឡែស៊ី​ជា​ស្ករ Lactose ឬ​អាហារ​ប្រភេទ​មួយ​ចំនួន រួម​ទាំង​ជា​សញ្ញា​នៃ​ជំងឺ​ពោះវៀន​ដូច​គ្នា​ដែរ។

៦. ឈឺ​ពោះ​ម្ដុំ​បរិវេណ​ឆ្អឹងជំនី

នេះ​គឺ​ជា​អាការ​គួរ​ឲ្យ​ខ្លាច​មួយ​ទៀត បើ​អ្នក​មាន​អាការ​ភើ រួម​ជាមួយ​អាការ​ឈឺ​ចាប់​នៅ​បរិវេណ​ឆ្អឹង​ជំនី ឬ​ពោះ​នោះអាច​ជា​រោគ​សញ្ញា​នៃ​ជំងឺ​ក្លន (Hernia) ដែល​មិន​គួរ​ទុក​យូរ ព្រោះ​វា​អាច​​នាំ​ឲ្យ​ឆ្លង​មេរោគ​​តាម​លំហូរ​​ឈាម​ ដែល​នាំ​ឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត។

៧. ក្អួត​ចង្អោរ

បើ​ក្រៅ​ពី​ភើ​ហើយ​ អ្នក​មាន​អាការ​ក្អួត​ចង្អោរ​ខ្លាំង​ញឹកញាប់ សូម​កុំ​ទុក​យូរ ព្រោះ​វា​អាច​ជា​សញ្ញា​មិន​ប្រក្រតី​នៃ​ពោះវៀន​ដូច​ជា មាន​អ្វី​រាំង​ស្ទះ​ក្នុង​ពោះវៀន រលាក​ពោះវៀន ឆ្លង​មេរោគ​ក្នុង​ពោះវៀន និង​ធ្ងន់ធ្ងរ​បំផុត​គឺ​មហារីក​ពោះវៀន។

សុខភាព​ល្អ​មិន​មាន​ដាក់​លក់​លើ​ទី​ផ្សារ​នោះ​ទេ បើ​យើង​ចង់​បាន​គឺ​ត្រូវ​តែ​ថែ​រក្សា​ដោយ​ខ្លួន​ឯង ដូច្នេះ​សូម​កុំ​ព្រងើយ​កន្តើយ​នឹង​អាការ​ផ្សេង​ៗ​នៃ​រាងកាយ ព្រោះ​វា​អាច​ជា​ការ​​ឲ្យ​​សញ្ញា​គ្រោះថ្នាក់​ឲ្យ​អ្នក​ដឹង​មុន ៕

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម