មនុស្ស​ប្រុស ៥​ប្រភេទ​ដែល​មាន​តែ​ក្នុង​រឿងភាគ កម្រ​មាន​ក្នុង​ជីវិត​ពិត

  • 2018-08-09 10:29:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រហែល​មាន​មនុស្ស​ស្រី​ជា​ច្រើន​តែង​ស្រមៃ​ថា​ខ្លួន​ឯង​ជា​តួ​ឯកស្រី ហើយ​បាន​ជួប​តួ​ឯកប្រុស រហូត​​មិន​អាច​ទទួល​អ្នក​ណា​បាន​ដោយសារ​តែ​ក្នុង​ជីវិត​ពិត​នាង​មិន​អាច​ជួប​មនុស្ស​ប្រុស​ប្រភេទ​នោះ។ គេ​តែង​និយាយ​ថា​មនុស្ស​ប្រុស​ល្អ​បែប​នោះ​មាន​តែ​នៅ​ក្នុង​កុន​ទេ តែ​តថភាព​ពិត​វា​មិន​អាច​ឡើយ។ ខាង​ក្រោម​នេះ​ជា​ប្រភេទ​មនុស្ស​ប្រុស​ដែល​មាន​តែ​ក្នុង​រឿង​ប៉ុណ្ណោះ បើ​ក្នុង​ជីវិត​ជាក់​ស្ដែង​វិញ​គឺ​កម្រ​ណាស់៖​

១. ស្ងប់ស្ងាត់​ខាង​ក្រៅ តែ​ខាង​ក្នុង​ស្រឡាញ់​ខ្លាំង

ភាគ​ច្រើន​នៅ​ក្នុង​រឿង​តួ​ប្រុស​គឺ​មាន​ចរិត​បែប​នេះ ខាង​ក្រៅ​គឺ​មិន​សូវ​ជា​រវីរវល់​នឹង​តួ​ស្រី​ទេ តែ​ការពិត​គេ​លួច​ធ្វើ​រឿង​ជា​ច្រើន​ដើម្បី​តួ​ស្រី ហើយ​ខាង​ក្នុង​វិញ​គឺ​ស្រឡាញ់​តួ​ស្រី​ខ្លាំង។ ចំណែក​ក្នុង​ជីវិត​ពិត​វិញ​តើ​មាន​មនុស្ស​ប្រុស​បែប​នេះ​ប៉ុន្មាន​នាក់​ទៅ? បើ​គេ​មាន​ចរិត​ស្ងប់ស្ងាត់​វិញ គឺ​ស្ងប់ស្ងាត់​ហួស ស្ងប់ស្ងាត់​ដល់​ទុក​មនុស្ស​ស្រី​ចោល ស្ងប់ស្ងាត់​រហូត​លែង​រវល់​នឹង​នាង លែង​ខ្វល់ខ្វាយ​ទាំង​អស់។ ពាក្យ​សម្ដី​ក៏​ស្ងាត់​ទង្វើ​ក៏​ស្ងាត់ និយាយ​ឲ្យ​ស្រួល​ស្ដាប់​សោះ​កក្រោះទាំង​ក្នុង​ទាំង​ក្រៅ។

រូបតំណាង

**២. នៅ​តែ​ស្រឡាញ់​តួ​ស្រី​ទោះ​បែក​គ្នា ១០​ឆ្នាំ​ក៏​ដោយ**

រឿង​ដែល​មិន​អាច​កើត​ឡើង​ក្នុង​ជីវិត​ពិត កុំ​ថា​ឡើយ​ ១០​ឆ្នាំ ៥ឆ្នាំ​ក៏​សឹង​តែ​មិន​អាច​ទៅ​រួច​ដែរ។ វា​មាន​តែ​នៅ​ក្នុង​រឿង​តែ​ប៉ុណ្ណោះ​ដែល​មាន​មនុស្ស​ប្រុស​ម្នាក់​នៅ​តែ​ស្រឡាញ់​មនុស្ស​ស្រី​ម្នាក់​មិន​ប្រែ និង​រង់​ចាំ​នាង​នោះ។ និយាយ​តាម​ត្រង់​ទៅ​ចុះ ប្រហែល​បែក​គ្នា​តែ ៣​ខែ ឬ​កន្លះ​ឆ្នាំ​ហ្នឹង​មាន​ស្រី​ថ្មី​បាត់​ទៅ​ហើយ។

៣. ចេញ​មុខ​ការពារ​តួ​ស្រី​​​គ្រប់​ពេល ហើយ​មិន​ដែល​ធ្វើ​ឲ្យ​នាង​ឈឺចាប់

ប្រហែល​មាន​តែ​តួ​ប្រុស​ក្នុង​រឿង​ប៉ុណ្ណោះ​ដែល​សុខ​ចិត្ត​លះបង់​ខ្លួន​ឯង​ការពារ​មនុស្ស​ស្រី​ដែល​ស្រឡាញ់​នោះ។ គេ​មិន​ខ្លាច​នឹង​បញ្ហា អ្វី​ដែល​សំខាន់​អាច​ឲ្យ​នាង​មាន​សុវត្ថិភាព ទោះ​បី​ពេល​ខ្លះ​ខ្លួន​ឯង​ត្រូវ​លំបាក​ប៉ុណ្ណា​ក៏​ដោយ។ សម្រាប់​ក្នុង​ជីវិត​ជាក់​ស្ដែង​ មនុស្ស​ប្រុស​តិច​ណាស់​ដែល​អាច​ធ្វើ​បែប​នេះ​បាន ព្រោះ​ប្រហែល​ពេល​មាន​បញ្ហា​អី​កើតឡើង គេ​អាច​គិត​ពី​អារម្មណ៍​ខ្លួន​គេ​ច្រើន​ជាង ឬ​ពេល​ខ្លះ​ទុក​នាង​ចោល ហើយ​ដើរចេញ​ក៏​ថា​បាន។ លើស​ពី​នេះ តើ​មាន​មនុស្ស​ប្រុស​ប៉ុន្មាន​នាក់​ទៅ​ដែល​មិន​ធ្លាប់​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ឈឺចាប់​សោះ ប្រហែល​ធ្វើ​ឲ្យ​នាង​ទឹក​ភ្នែក​រាល់​យប់​ក៏​មិន​ដឹង។

រូបតំណាង

៤. ស្រឡាញ់​នាង ស្មោះ​ត្រង់​នឹង​នាង​គ្រប់​កាលៈទេសៈ

បើ​ចៃដន្យ​នាង​ត្រូវ​ខូច​សម្រស់ បើ​ចៃដន្យ​នាង​ត្រូវ​ពិការ​ភ្នែក បើ​ចៃដន្យ​នាង​ពិការដៃ ឬ​ជើង នៅ​ក្នុង​រឿង​តួប្រុស​នឹង​មិន​ទៅ​ណា​ចោលនាង​ទេ ហើយ​មើល​ថែនាង​គ្រប់​ពេល​ទៀត​ផង។ ដោយ​ឡែក​តើ​ក្នុង​ស្ថានភាព​ជាក់ស្ដែង​តើ​មាន​ទេ មាន​មនុស្ស​ប្រុស​សុខ​ចិត្ត​ចំណាយ​ពេល​មួយ​ជីវិត​របស់​ខ្លួន​នៅ​ជាមួយ​មនុស្ស​ស្រី​ដែល​មិន​ស្អាត ដែល​មើល​មិន​ឃើញ ដែល​ដើរ​មិន​រួច ឬ​មាន​ជំងឺ​អី​មួយ​ទេ? ប្រហែល​កម្រ​ណាស់ ព្រោះ​ពេល​ខ្លះ​គេ​ក៏​មិន​អាច​យក​ពាក្យ​ស្រឡាញ់​ដាក់​មុខ​ហើយ​បំផ្លាញ​ជិវិត​ដែល​នៅ​សល់​នោះ​ទេ។

៥. បដិសេធន៍​មនុស្ស​ស្រី​ផ្សេង​ទៀត​ជា​ច្រើន ដើម្បី​តែ​មនុស្ស​ស្រី​ដ៏​សាមញ្ញ​ម្នាក់

បើ​នៅ​ក្នុង​រឿង​វិញ​ទោះ​មាន​ស្រី​ផ្សេង​ស្អាត​ប៉ុណ្ណា​ មាន​ប៉ុណ្ណា ឬ​ក៏​​ឲ្យ​ដៃ​ប៉ុណ្ណា ក៏​តួ​ប្រុស​មិន​ចាប់​អារម្មណ៍​ដែរ គឺ​សុខចិត្ត​តាម​ស្រឡាញ់​តួ​ស្រី និង​មាន​តែ​តួ​ស្រី​ម្នាក់​ក្នុង​ចិត្ត។ ចំណែក​ក្នុង​ជីវិត​ពិត​វិញ​ប្រហែល​គ្មាន​មនុស្ស​ប្រុស​ច្រើន​នោះ​ទេ​ដែល​អាច​តស៊ូ​តាម​ស្រឡាញ់​តួ​ស្រី​ដ៏​សាមញ្ញ​ម្នាក់​នោះ ដោយ​មិន​រវល់​ជាមួយ​អ្នក​ផ្សេង។ ប្រហែល​បើ​មាន​ស្រី​ណា​ម្នាក់​មក​ក្បែរ​ហ្នឹង ទៅ​ងប់ងុល​ជាមួយ​គេ​បាត់​ហើយ។

រូបតំណាង

មិន​មែន​ថា​ក្នុង​ជីវិត​ពិត​គ្មាន​មនុស្ស​ប្រុស​បែព​នេះ​ទេ តែ​វា​កម្រ ហើយ​ក៏​មិន​មាន​មនុស្ស​ស្រី​ច្រើន​ប៉ុន្មាន​ដែរដែល​សំំណាង​បាន​ជួប​មនុស្ស​ប្រុស​បែប​នេះ៕

ចុចអាន៖អាថ៌កំបាំង​​នារី​គួ​ដឹង បើ​ជ្រុលបាក់ចិត្ត​​ស្រឡាញ់​មនុស្ស​ប្រុស​មិន​សូវ​មាត់ក

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម