បើ​មាន​ក្លិន​មាត់​មិន​ល្អ​ សាក​វិធី ​៧​យ៉ាង​នេះ​ដឹង​តែ​បាត់​ហើយ

  • 2018-08-06 08:32:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បញ្ហា​ក្លិន​មាត់​គឺ​ជាបញ្ហា​ចម្បង​នៃ​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា។​ បញ្ហា​ក្លិន​មាត់​អាច​មក​ពី​មូលហេតុ​ជា​ច្រើន​យ៉ាង​ដូច​ជា​បាក់តេរី​ ខ្យល់​ដង្ហើម​មិន​ល្អ​ បញ្ហា​សុខភាព។ល។​ អ្នក​ដែល​ជួប​ប្រទះ​បញ្ហា​នេះ​ច្បាស់​ជា​ខិត​ខំ​រក​គ្រប់​វិធី​ដើម្បី​បំបាត់​វា​ តែ​ពេល​ខ្លះ​នៅ​តែ​មិន​អាច​បាត់​ទាំង​ស្រុង​នោះ​ទេ។ អញ្ចឹង​ហើយ​​អ្នក​ចង់​កម្ចាត់​បញ្ហា​ក្លិន​មាត់​ និង​បាក់តេរី​ក្នុង​មាត់​ទាំង​អស់​គួរ​តែ​សាក​វិធី​ ៧​យ៉ាង​នេះ​ដើម្បី​បំបាត់​ក្លិន​មាត់​យ៉ាង​ប្រសិទ្ធភាព​៖

១.​ ប្រើ​ទឹក​ខ្ពុល​មាត់​ពី​ធម្មជាតិ

ស្លឹក​ជី​អង្កាម​ជួយ​កម្ចាត់​ខ្យល់​ដង្ហើម​មិន​ល្អ​និង​ជួយ​ឱ្យ​អ្នក​មាន​ខ្យល់​ដង្ហើម​ស្រស់​ស្រាយ​ឡើង​វិញ​។រីឯ​ផ្កា​ក្លាំ​ពូ​ (Cloves)​ ផ្លែ​ក្រវាញ​ (Cardamom) និង​ គ្រាប់​ Fennels)​ គឺ​ល្អ​បំផុត​សម្រាប់​កម្ចាត់​ក្លិន​មាត់។​ ដូច​ដែល​អ្នក​បាន​ដឹង​ហើយ​ថា​ ម្សៅ​សូដា​គឺ​ល្អ​សម្រាប់​ការ​សម្អាត​។​ វិធី​ងាយៗ​បំផុត​គឺ​អ្នក​គ្រាន់​តែ​លាយ​ម្សៅ​សូដា​១​ស្លាប​ព្រា​កាហ្វេ​ជាមួយ​ទឹក​មួយ​កែវ​ហើយ​ខ្ពុល​មាត់​ជា​ការ​ស្រេច​។ ឬ​ក៏​អ្នក​អាច​ប្រើ​វា​ជា​ថ្នាំ​ដុស​ធ្មេញ​ហើយ​ដុស​តាម​ធម្មតា។​

២.​ ផឹក​ទឹក​យ៉ាង​ហោច​ណាស់​២​លីត្រ​ក្នុង​១​ថ្ងៃ

ជាតិ​ទឹក​ក្នុង​ខ្លួន​មនុស្ស​គឺ​សំខាន់​ជាង​អ្វីៗ​ទាំង​អស់។​ ការ​ផ្តល់​ជាតិ​ទឹក​ឱ្យ​ខ្លួន​ឯង​បាន​គ្រប់​គ្រាន់​ជួយ​ដល់​សុខភាព​អ្នក​បាន​ច្រើន​ ហើយ​ថែម​ទាំង​ជួយ​ការពារ​មិន​ឱ្យ​មាន​បញ្ហា​ក្លិន​មាត់​។ ទឹក​មាត់​ជួយ​ការពារ​បាក់តេរី​មិន​ឱ្យ​លូត​លាស់​ ហើយ​បើ​សិន​ជា​អ្នក​មិន​សូវ​ផឹក​ទឹក​ទេ​នោះ​អ្នក​ក៏​មិន​សូវ​មាន​ទឹក​មាត់​ដែរ។ វា​ជា​ហេតុ​បណ្តាល​ឱ្យ​មាន​បាក់តេរី​កាន់​តែ​ច្រើន​ ក្លិន​មាត់​កាន់​តែ​អាក្រក់។

៣.​ ប្រយ័ត្ន​ចំពោះ​អាហារ​ដែល​អ្នក​ញ៉ាំ

អាហារ​ខ្លះ​មិន​ត្រឹម​តែ​មិន​ជួយ​ឱ្យ​មាន​ក្លិន​មាត់​ល្អ​ទេ​ថែម​ទាំង​ធ្វើ​ឱ្យ​មាន​ក្លិន​អាក្រក់​ទទួល​យក​មិន​បាន​ទៀត។​ ជា​ពិសេស​ខ្ទឹម​បារាំង​ ខ្ទឹម​ក្រហម​ និង​ពពួក​ខ្ទឹម​ផ្សេងៗ​ទៀត​សុទ្ធ​តែ​ធ្វើ​ឱ្យ​មាត់​អ្នក​ជាប់​ក្លិន​មិន​បាត់។​ បន្ថែម​ពី​នេះ​ដែរ​ អាហារ​ដែល​មាន​ជាតិ​ស្ករ​និង​អាស៊ីត​ក៏​គួរ​តែ​លះ​បង់​ដែរ​ព្រោះ​វា​ធ្វើ​ឱ្យ​មាន​បាក់តេរី​កាន់​តែ​ច្រើន។

៤.​ ដុស​អណ្តាត

មនុស្ស​មួយ​ចំនួន​ធំ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​លើ​អណ្តាត​ទេ​ពេល​ដែល​ដុស​ធ្មេញ​ម្តងៗ​។ បាក់តេរី​ជា​ច្រើន​ក៏​មាន​ជាប់​នៅ​លើ​អណ្តាត​ដែរ​ ហើយ​បាក់តេរី​កាន់​តែ​ច្រើន​ ក្លិន​មាត់​ក៏​អាក្រក់​ទៅ​តាម​នោះ​ដែរ។

៥.​ ដុស​ធ្មេញ​២​ដង​ និង​ឆ្កឹះ​ធ្មេញ​១ដង​

ជា​ទូទៅ​អ្នក​ណា​ក៏​ដុស​ធ្មេញ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​ដែរ​ រី​ឯ​អ្នក​ខ្លះ​ទៀត​ក៏​ដុស​៣​ដង​ក្នុង​មួយ​ថ្ងៃ​។ យក​ល្អ​អ្នក​គឺ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​​ប្រើ​ខ្សែឆ្កឹះ​ធ្មេញ​វិញ​ល្អ​ជាង​ដុស​ធ្មេញ​៣​ដង​ ព្រោះ​បាក់តេរី​ និង​កំណក​អាហារ​ខ្លះ​នៅ​ជាប់​ប្រលោះ​ធ្មេញ​តូចៗ​ដែល​ច្រាស​ដុស​ធ្មេញ​មិន​អាច​សម្អាត​អស់។

៦.​ រក្សា​អញ្ចាញ​ធ្មេញ​អ្នក​ឱ្យ​មាន​សុខភាព​ល្អ

បាក់តេរី​ប្រមូល​ផ្តុំ​នៅ​គ្រប់​ប្រលោះ​អញ្ចាញ​ធ្វើ​ឱ្យ​មាត់​អ្នក​មាន​ក្លិន​មិន​ល្អ​។ ហេតុ​នេះ​ហើយ​អ្វី​ដែល​សំខាន់​នោះ​គឺ​ ត្រូវ​ជ្រើស​រើស​ថ្នាំ​ដុស​ធ្មេញ​ឱ្យ​បាន​ត្រឹម​ត្រូវ​។ អ្នក​គួរ​តែ​ជ្រើស​រើស​ថ្នាំ​ដុស​ធ្មេញ​ណា​ដែល​មាន​សារធាតុ​ ហ្វ្រអូរ៉ាយ​ (Fluoride)។ បើ​សិន​ជា​អ្នក​ជក់​បារី​ឬ​ផឹក​កាហ្វេ​ច្រើន​នោះ​គួរ​តែ​កាត់​បន្ថយ។

៧.​ ទំពា​សំបក​ផ្លែ​ឈើ

សំបក​ផ្លែ​ឈើ​ក៏​អាច​ជួយ​បំបាត់​ក្លិន​មាត់​អ្នក​បាន​យ៉ាង​ឆាប់​រហ័ស​ដែរ។ នៅ​ពេល​ដែល​អ្នក​ទំពា​សំបក​ផ្លែឈើ​ដូចជា​ក្រូច​ និង​ក្រូច​ឆ្មា​ ជាតិ​អាស៊ីត​ស៊ីតិច​ (Citic) ​ដែល​មាន​នៅ​ក្នុង​សំបក​ក្រូច​ជួយ​ដល់​ការ​ផលិត​ទឹក​មាត់​និង​ការពារ​ខ្យល់​ដង្ហើម​មិន​ល្អ​៕

ចុចអាន៖

ប្រភព៖ Brightside ប្រែ​សម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម