វិធី​សងសឹក​ដ៏​ថ្លៃថ្នូរ​សម្រាប់​មនុស្ស​ស្រី ពេល​ដឹង​ថា​សង្សារ ឬ​ប្ដី​ក្បត់​ចិត្ត

  • 2018-08-04 07:13:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ហេតុ​អី​ត្រូវ​អង្គុយ​យំ ឬ​ទៅ​តាម​អង្វរ​គេ​ ពេល​គេ​ដាច់​ចិត្ត​ទៅ​មាន​ថ្មី? មនុស្ស​ស្រី​សម័យ​នេះ​មិន​គួរ​ធ្វើ​ខ្លួន​ឱ្យ​ទន់​ខ្សោយ​ក្នុង​រឿង​ស្នេហា​ទៀត​ទេ។ បើ​អ្នក​កំពុង​ស្ថិត​ក្នុង​កាលៈទេសៈ​ដែល​ត្រូវ​គេ​ក្បត់​ចិត្ត ឬ​ដើម្បី​ត្រៀម​ខ្លួន​នៅ​ពេល​ណា​មួយ គួរ​តែ​ធ្វើ​រឿង​ទាំង​នេះ ដើម្បី​ជា​ការ​សងសឹក​ឱ្យ​គេ​​ដេក​ស្ដាយ​ក្រោយ និង​រក្សា​តម្លៃ​ខ្លួន​​មិន​ឱ្យ​គេ​មើល​ងាយ​បាន។

ស្វែង​យល់​ពី​សត្រូវ​ថ្មី​នោះ​សិន

សម្រាប់​មនុស្ស​ស្រី​ថ្មី​ដែល​សង្សារ ឬ​ប្ដី​អ្នក​កំពុង​បែក​ចិត្ត​ពី​អ្នក​ទៅ​ទាក់ទង​នោះ អ្នក​គួរ​តែ​ស្វែង​យល់​ព័ត៌មាន​សំខាន់ៗ​ខ្លះ​ពី​នាង។ គោលបំណង​នៅ​ទី​នេះ​គឺ​ ដើម្បី​​ដឹង​ច្បាស់​ថា​ត្រូវ​ប្រឈម​មុខ​បែប​ណា ពេល​បាន​ជួប​ពួក​គេ​នៅ​​​ទី​សាធារណៈ។ កុំ​ធ្វើ​ខ្លួន​ជា​មនុស្ស​អវិជ្ជមាន ឬ​ឱ្យ​គេ​ឃើញ​ពី​ចំណុច​ខ្សោយ​យើង បើ​ជួប​មុខ​គ្នា អ្នក​ត្រូវ​ញញឹម​ឱ្យ​គេ​មើល ទើប​គេ​ដឹង​ថា​អ្នក​មិន​បាន​ស្ដាយ​ក្រោយ​ ឬ​ចង់​បាន​មនុស្ស​ក្បត់​នោះ​មក​វិញ​ឡើយ។

ស្រលាញ់​ខ្លួន​ឯង និង​បង្ហាញ​ឱ្យ​គេ​ឃើញ​ថា​អ្នក​មាន​ក្ដី​សុខ

ពេល​កំពុង​ស្រលាញ់​គ្នា ស្រីៗ​ច្រើន​តែ​ឱ្យ​អាទិភាព​ស្នេហា​ និង​មនុស្ស​ជា​ទី​ស្រលាញ់​មុន​គេ​បង្អស់។ តែ​ក្រោយ​ពេល​ត្រូវ​គេ​ក្បត់​ចិត្ត ទើប​ពួក​គេ​ភ្ញាក់​ខ្លួន និង​ស្គាល់​ពី​ខ្លួន​ឯង​ច្បាស់​ជាង​មុន។ ដូច្នេះ​អ្វី​ដែល​មនុស្ស​ស្រី​ត្រូវ​ធ្វើ​គឺ​ឱ្យ​គេ​គិត​ខុស កុំ​ឱ្យ​គេ​មោទនភាព​ថា អ្នក​នឹង​យំ​ ដេក​ស្ដាយ​គេ ញ៉ាំ​មិន​បាន គេង​ក៏​មិន​លក់ ស្រមៃ​ចង់​ទាមទារ​គេ​ត្រលប់​ទៅ​វិញ។ ផ្ទុយ​ទៅ​វិញ ត្រូវ​​ផ្ដល់​ការ​ស្រលាញ់​ដល់​ខ្លួន​ឯង​ឱ្យ​បាន​ច្រើន និង​បង្ហាញ​ឱ្យ​គេ​ឃើញ​ថា គ្មាន​គេ​ក៏​យើង​មិន​ស្លាប់។

ធ្វើ​ខ្លួន​ជា​មនុស្ស​រឹងមាំ មិន​ Drama

អ្នក​ណា​ក៏​ចេះ​ខូច​ចិត្ត ពេល​ត្រូវ​គេ​ក្បត់​ដែរ ប៉ុន្តែ​កុំ​បង្ហាញ​ឱ្យ​គេ​ឃើញ​ឱ្យ​សោះ។ អ្នក​មាន​សិទ្ធិ​នឹង​យំ ឬ​ខូច​​ចិត្ត​មួយ​រយៈ តែ​លើ​បណ្ដាញ​សង្គម ហាម​ដាច់​ខាត​យក​រឿង​ផ្ទាល់​ខ្លួន និង​អារម្មណ៍​ខ្លួន​ឯង​មក​ Drama។ មួយ​វិញ​ទៀត កុំ​ទៅ​ចំណាយ​ពេល​ផុស Status ដៀមដាម ឬ​ជេរ​ប្រទេច​មនុស្ស​ក្បត់​នោះ​ជា​សាធារណៈ​អី។ និយាយ​រួម បើ​ជ្រុល​ជា​ដាច់​គ្នា ឬ​គេ​ធ្វើ​ឱ្យ​ឆ្អែត​ចិត្ត​ហើយ ឈប់​យក​រូប​គេ​មក​ដាក់​ក្នុង​ខួរ​ក្បាល​ទៀត​គឺ​ចប់​ទៅ​ហើយ។

ខ្លាច​អី​នឹង​សាក​ទាក់ទង​អ្នក​ផ្សេង

ដូច​និយាយ​ខាង​លើ​អ៊ីចឹង អ្នក​ណា​ក៏​ឈឺ​ដែរ ពេល​ត្រូវ​គេ​ក្បត់ តែ​កុំ​យក​ទស្សនៈ​ត្រី​ស្អុយ​មួយ​ស្អុយ​ម៉ា​កន្ត្រក​ឱ្យ​សោះ​ ព្រោះ​មនុស្ស​ម្នាក់ៗ​តែង​តែ​ខុស​គ្នា។ កុំ​ឱ្យ​បទ​ពិសោធន៍​នេះ​មក​ឃុំ​អ្នក​លែង​ចង់​មាន​ស្នេហា ឬ​មើល​មនុស្ស​ប្រុស​ក្នុង​ផ្លូវ​អាក្រក់​ទាំង​អស់​អី។ អ្នក​អាច​មាន​សិទ្ធិ​ទាក់ទង​អ្នក​ថ្មី តែ​ត្រូវ​មើល​ឱ្យ​បាន​ច្បាស់​ជា​មុន​សិន។ ម្យ៉ាង​ទៀត កុំ​យក​វិធី​យក​អ្នក​ថ្មី​មក​បញ្ឈឺ​អ្នក​ចាស់ ដោយ​មិន​បាន​ពិនិត្យ​ច្បាស់​លាស់​ ព្រោះ​វា​មាន​តែ​ធ្វើ​ឱ្យ​អ្នក​ឈឺ​ជាង​មុន​៕

ចុចអាន​៖ គេ​ចង់​បែក​ទៅ​ហើយ តើ​យើង​អាច​ឃាត់​គេ​យ៉ាង​ម៉េច​ទៅ? មាន​តែ​បែរខ្នង​ដើរចេញ

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម