ចង់ស្លៀកពាក់ឃើញស្អាត ​ស្រីៗ​គួរ​​ដឹង​វិធី​​រើស​អាវ​​ទ្រនាប់​ឱ្យ​ត្រូវ​​ទម្រង់​ដើមទ្រូង

  • 2018-08-04 00:32:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្នា​យើង​មាន​ធ្លាប់​ឆ្ងល់​អត់​ថា ពេល​ខ្លះ​ទិញ​អាវ​ទ្រនាប់​មក​ពាក់ តែ​វា​ហាក់​មិន​ជួយ​ឱ្យ​ឃើញ​ដើមទ្រូង​ស្អាត ឬ​អាវ​ខ្លះ​ធ្វើ​ឱ្យ​ឃើញ​ហើបៗ ខ្លះ​ទៀត​តឹង​ពេក ខ្លះ​ទៀត​ពាក់​ទៅ​ឃើញ​ស្នាម​អាវ​តែ​ម្ដង? នេះ​មិន​មែន​មក​ពី​អាវ​ទ្រនាប់​នោះ​គុណភាព​អន់​នោះ​ទេ តែ​គឺ​មក​ពី​អ្នក​រើស​វា​មិន​សម​នឹង​ទម្រង់​ដើម​ទ្រូង​ ឬ​សុដន់​របស់​អ្នក។

​ដើម្បី​កែប្រែ​បញ្ហា​នេះ កញ្ញា នឹង​ប្រាប់​គន្លឹះ​ក្នុង​ការ​ជ្រើស​រើស​អាវ​ទ្រនាប់​ឱ្យ​សក្ដិសម​នឹង​ដើម​ទ្រូង ទើប​ជួយ​ឱ្យ​មើល​​ឃើញ​ដើមទ្រូង​ទាក់ទាញ និង​សិចស៊ី។ ដំបូង​យើង​ត្រូវ​ដឹង​ថា ដើមទ្រូង​នារី​បែងចែក​ជា​៦​ប្រភេទ ដូច​ខាង​ក្រោម៖

ប្រភេទ​ទី១

សុដន់​ទាំង​ពីរ​ញែក​ទៅ​ខាង​តែ​មិន​សូវ​មាន​សាច់​ពេញ​នៅ​ត្រង់​គល់ ឬ​ដើមទ្រូង​ឡើយ។ ចំណែក​អាវ​ទ្រនាប់​ដែល​សក្ដិសម​សម្រាប់​ដើមទ្រូង​ប្រភេទ​នេះ​គឺ អាវ​ដែល​មាន​ប៉ុង​ក្ដោប តែ​​ត្រឹម​ពាក់​កណ្ដាល ឬ​មិន​ពេញ​ដើម​ទ្រូង (ដូច​រូប)។

ប្រភេទ​ទី២

សុដន់​​ប្រភេទ​នេះ​ស្រដៀង​ទី​១​ដែរគឺ​ញែក​ចេញ​ទៅ​ចំហៀងៗ គ្រាន់​តែ​មាន​សាច់​ពេញ​នៅ​ដើម​ទ្រូង​ជាង។ បើ​អ្នក​មាន​សុដន់​ប្រភេទ​នេះ​គួរ​ជ្រើស​រើស​អាវ​ទ្រនាប់​ដែល​មាន​ប៉ុង​ក្ដោប តែ​មាន​ស្បៃ ឬ​​ក្រណាត់​បន្ថែម​នៅ​ខាង​លើ​ដើម្បី​​ក្ដោប​សាច់​សុដន់​ខាង​លើ​កុំ​ឱ្យ​ហៀរ​ចេញ​ក្រៅ។

ប្រភេទ​ទី៣

សុដន់​ដែល​មាន​រាង​តូច​ពី​ខាង​លើ តែ​ធំ​នៅ​ខាង​ក្រោម។ អ្នក​គួរ​ជ្រើស​រើស​អាវ​ទ្រនាប់​​ដែល​មាន​ក្រណាត់ ឬ​ប៉ុង​ពេញ​ដើម្បី​​ទប់​​សាច់​ដើម​ទ្រូង និង​លើក​សុដន់​ឱ្យ​ឡើង​ក្លំ​ស្មើ​គ្នា។ ប៉ុន្តែ​បើ​អ្នក​ប្រើ​អាវ​ទ្រនាប់​ប្រភេទ​ទី១ អ្នក​នឹង​ឃើញ​សាច់​ខាង​លើ​ចំហ ធ្វើ​ឱ្យ​ឃើញ​ស្នាម​អាវ​ទ្រនាប់​ ពេល​ពាក់​អាវ ឬ​រ៉ូប​ពី​លើ។

ប្រភេទ​ទី៤

ជា​ប្រភេទ​សុដន់​ដែល​ធំ​ស្មើ​តាំង​ពី​លើ​មក ហើយ​ទំហំ​ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​រវាង​​សុដន់​ម្ខាងៗ។ ដោយ​សារ​តែ​ដើម​ទ្រូង​ប្រភេទ​នេះ​មិន​សូវ​ត្រូវ​ការ​ការ​កល់ ឬ​រឹប​អ្វី​បន្ថែម អ្នក​អាច​ប្រើ​អាវ​ទ្រនាប់​ដែល​ស្ដើង ឬ​មិន​មាន​ប៉ុង​កល់ ហើយ​មិន​បាច់​គ្រប​ពេញ​ដើម​ទ្រូង​ក៏​បាន។

ប្រភេទ​ទី៥

ជា​ប្រភេទ​​នារី​ដែល​មាន​សុដន់​តូច ហើយ​វែង​។ អ្នក​គួរ​ជ្រើស​រើស​ប្រភេទ​អាវ​ទ្រនាប់​ដូច​ប្រភេទ​ទី​២ គឺ​មាន​ប៉ុង​ក្ដោប តែ​មាន​ស្បៃ ឬ​បង្ហៀរ​ឡើង​ដល់​លើ​ដើម្បី​ជួយ​ទប់ និង​លើក​ដើម​ទ្រូង​បាន​ស្អាត។ ក្រៅ​ពី​នេះ អ្នក​ក៏​គួរ​ជ្រើស​រើស​ប្រភេទ​អាវ​ដែល​មាន​បន្ទះ​ខ្នង​ពី​ក្រោយ។

ប្រភេទ​ទី៦

អ្នក​មាន​ដើម​ទ្រូង​ដែល​ស្រស់​ស្អាត គឺ​សុដន់​ពេញ​ មិន​ធ្លាក់ ក៏​មិន​ញែក​ទៅ​ខាងៗ។ បើ​អ្នក​មាន​ដើមទ្រូង​បែប​នេះ អាច​ជ្រើស​រើស​អាវ​ទ្រនាប់​ណា​ក៏​​បាន តាម​ការ​ស្រលាញ់​ចូល​ចិត្ត៕

ចុចអាន៖ អាវ​ទ្រនាប់ ៩ ប្រភេទ​ជា​តម្រូវ​ការ​ចាំបាច់ ហើយ​ស្ត្រី​គ្រប់​រូប​គួរតែ​ដឹង​ពី​ការ​​ប្រើប្រាស់​ផង​ដែរ!

ប្រភព៖ glamour ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម