រឿង​ពិត​ពី​អ្នក​អាន៖ ខ្ញុំ​មិន​ហ៊ាន​រៀបការ​ ព្រោះ​ឃើញ​គំរូ​ប៉ា​របស់​ខ្ញុំ

  • 2018-07-18 04:22:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កញ្ញា​ បាន​ជួប​ប្អូន​ស្រី​ម្នាក់​ ហើយ​នាង​បាន​រៀបរាប់​រឿង​រ៉ាវ​ពី​ជីវិត​គ្រួសារ​នាង​ប្រាប់​ក្រុម​ការងារ​យើង ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ ថា​មូលហេតុ​ដែល​នាង​មិន​ហ៊ាន​ដាក់​ចិត្ត​លើ​បុរស​ណា​ម្នាក់ ក៏​ដោយ​​សារ​តែ​ទង្វើ​ប៉ា​របស់​នាង​ធ្វើ​​ដាក់​គ្រួសារ។ ប្អូន​ស្រី​បាន​រៀបរាប់​ថា៖

“ខ្ញុំ​អាយុ​២៧​ឆ្នាំ​ហើយ​បង! ខ្ញុំ​នៅ​ចាំ​បាន​ថា កាល​នៅ​តូច​ប៉ា​របស់​ខ្ញុំ​ចូល​ចិត្ត​ផឹក​ស្រា។ គាត់​ស្រវឹង​រាល់​ថ្ងៃ ហើយ​ស្រែក​ជេរ​ប្រទេច​ម៉ាក់​ខ្ញុំ និង​អ្នក​ជិត​ខាង។ ពេល​ណា​គាត់​យ៉ុង​ចិត្ត ឬ​មិន​សប្បាយ​ចិត្ត​រឿង​អី​មួយ គាត់​តែង​វាយ​ម៉ាក់​ខ្ញុំ ជួន​កាល​រាលដាល​ដល់​ពួក​ខ្ញុំ​ទៀត។ បើ​និយាយ​ពី​ចាន​ឆ្នាំង​មិន​ដឹង​បែក​អស់​ប៉ុន្មាន​ហើយ​ទេ ហើយ​ម៉ាក់​រក​លុយ​ទិញ​ថ្មី​ក៏​មិន​ដឹង​អស់​ប៉ុន្មាន​ដែរ។ មាន​ពេល​ខ្លះ​បាយ​ក្នុង​ចាន​ខ្ទាត​ប្រឡាក់​ពេញ​ដី​ក៏​មាន។ ហើយ​មាន​ពេល​ខ្លះ​ទៀត ម៉ាក់​និង​ពួក​ខ្ញុំ​ត្រូវ​រត់​ចេញ​ក្រៅ​ផ្ទះ ទៅ​នៅ​ផ្ទះ​អ្នក​ជិត​ខាង​​មួយ​យប់​ក៏​មាន ទម្រាំ​ហ៊ាន​ចូល​ក្នុង​ផ្ទះ​វិញ។

រូបតំណាង

ម៉ាក់​ខ្ញុំ​តែង​លាក់​រឿង​នេះ​ពី​គ្រួសារ ជា​ពិសេស​ពី​លោក​យាយ​ខ្ញុំ​ ព្រោះ​គាត់​មិន​ចង់​ឱ្យ​យាយ​តា​បារម្ភ ហើយ​ម៉ាក់​ក៏​មិន​ចង់​បង្ក​រឿង​ក្នុង​គ្រួសារ​ដែរ។ ខ្ញុំ​មាន​ប្អូន​ប្រុស​ម្នាក់​ កាល​នោះ​គេ​អាយុ​១៨​ឆ្នាំ គេ​បាន​ចូល​បម្រើ​ការ​នៅ​ផ្នែក​យោធា តែ​គេ​នៅ​តែ​គិត​ដល់​ម៉ាក់ ហើយ​មិន​អាច​ទ្រាំ​មើល​ប៉ា​វាយ​ម៉ាក់​ត​ទៀត​ទេ។ គេ​តែង​ប្រតាយ​ប្រតប់​ជាមួយ​ប៉ា ដើម្បី​ការ​ពារ​ម៉ាក់។ ទោះ​ជា​យ៉ាង​ណា ម៉ាក់​របស់​ខ្ញុំ​បាន​ស្លាប់​ទៅ​ហើយ គឺ​ស្លាប់​ទាំង​រស់​ដែល​ទ្រាំ​រស់​នៅ​ជាមួយ​ប៉ា​ក្នុង​ស្ថានភាព​បែប​​នេះ។

រូបតំណាង

​​ពេល​ខ្ញុំ​រៀន​ដល់​ឆ្នាំ​ទី​១ ម៉ាក់​ក៏​សម្រេច​ចិត្ត​លែង​លះ​​​ជាមួយ​ប៉ា ហើយ​ប៉ា​ក៏​យក​ទ្រព្យ​សម្បត្តិ​ទៅ ឯ​ម៉ាក់​បាន​ពួក​ខ្ញុំ​២​នាក់​ត្រលប់​ទៅ​ផ្ទះ​វិញ។ ប៉ុន្មាន​ខែ​ក្រោយ​មក ខ្ញុំ​ឮ​ដំណឹង​ថា ប៉ា​យក​ប្រពន្ធ​ក្រោយ។ ខ្ញុំ​មិន​យល់​សោះ ហេតុ​អី​ប៉ា​ប្រញាប់​រៀបការ​ប្រពន្ធ​ថ្មី​បែប​នេះ។ ប៉ុន្តែ​ខ្ញុំ​បាន​ប្រាប់​ខ្លួន​ឯង​ថា មិនបាច់​ខ្វល់​ច្រើន​ពី​រឿង​ដែល​មិន​សំខាន់​​សម្រាប់​ជីវិត​ខ្ញុំ​ពេល​នេះ​ឡើយ។

ប៉ា​បាន​ផ្លាស់​ប្ដូរ​ច្រើន ប្រពន្ធ​ក្រោយ​របស់​គាត់​បាន​បង្កើត​កូន​២​នាក់​ ប៉ុន្តែ​គ្រប់​យ៉ាង​មិន​ដូច​មុន​ទេ។ ប៉ា​លែង​ផឹក​ស្រា​អួទីនួ​ដូច​មុន មិន​វាយ​ធ្វើ​បាប​ប្រពន្ធ​កូន​ដូច​ជាមួយ​ពួក​ខ្ញុំ ជួយ​រក​ស៊ី​ចិញ្ចឹម​គ្រួសារ ហើយ​អ្នក​ណា​ៗ​ក៏​ស្រលាញ់​រាប់​អាន​គាត់។

សម្រាប់​ខ្ញុំ អតីតកាល​របស់​ប៉ា​មិន​បាន​ធ្វើ​ឱ្យ​ខ្ញុំ​នឹក​នា ឬ​ស្ដាយ​ស្រណោះ​អ្វី​ឡើយ ដោយ​សារ​តាំង​ពី​ចាប់​ដៃ​គ្នា​ជាមួយ​ម៉ាក់ រហូត​ដល់​លែងលះ​គ្នា ពួក​យើង​ហាក់​នៅ​ឆ្ងាយ​ពី​គ្នា​ដូច​មេឃ​និង​ដី ប៉ា​ក៏​មិន​ជាប់​កាតព្វកិច្ច​ចិញ្ចឹម​ពួក​ខ្ញុំ​ទៀត​ដែរ មិន​ដែល​បាន​ផ្ដល់​ប្រាក់​ផ្គត់ផ្គង់​ការ​សិក្សា​ពួក​ខ្ញុំ ហើយ​គាត់​ក៏​មិន​ដែល​មក​លេង​ពួក​យើង​សូម្បី​ម្ដង។

រូបតំណាង

វា​កើត​ឡើង​យូរ​មក​ហើយ​ដែរ ពេល​នេះ​ខ្ញុំ​អាយុ​២៧​ឆ្នាំ​ហើយ តែ​ខ្ញុំ​នៅ​មិន​ទាន់​មាន​សង្សារ​នៅ​ឡើយ។ ខ្ញុំ​មិន​ដែល​ចូល​ជិត​បុរស​ណា​ដែល​ផឹក​ស្រា ទោះ​បី​ពេល​មិត្តភក្ដិ​ខ្ញុំ​ជុំ​គ្នា ឬ​មាន​ពិធី​ជប់លៀង ហើយ​គេ​ផឹក​ស៊ី​សប្បាយ​ក៏​ដោយ។ ខ្ញុំ​ចេះ​តែ​ខ្លាច​ថា បុរស​គ្រប់​គ្នា​គឺ​ដូច​ប៉ា ទើប​ខ្ញុំ​មិន​ហ៊ាន​ដាក់​ចិត្ត​ស្រលាញ់​អ្នក​ណា​ឡើយ។ ខ្ញុំ​ខ្លាច​ខ្ញុំ​ត្រូវ​រង​ទុក្ខ​វេទនា​ដូច​ម៉ាក់​ទៀត ខ្ញុំ​មិន​ចង់​ឃើញ​កូន​ខ្ញុំ​ទៅ​ថ្ងៃ​ក្រោយ​រង​សម្ពាធ ឬ​ភាព​ភ័យ​ខ្លាច​ដូច​ខ្ញុំ​ពី​ក្មេង​ទេ ទោះ​បី​ពេល​នេះ​ប៉ា​បាន​កែ​ប្រែ ធ្វើ​ជា​ឪពុក​ល្អ​សម្រាប់​កូន​ៗ​ប្រពន្ធ​ក្រោយ​របស់​គាត់​ក៏​ដោយ។

តើ​ខ្ញុំ​គិត​បែប​នេះ​ខុស​ទេ? ហើយ​តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​បំភ្លេច​ស្រមោល​ដ៏​ខ្មៅ​កខ្វក់​នេះ​បាន?"

ចុចអាន៖ មនុស្ស​ស្រី​ហ៊ាន​យក​បុរស​ ៧ប្រភេទ​នេះ​ធ្វើ​ប្ដី ដូច​ហ៊ាន​ឱប​ទុក្ខ​មួយ​ជីវិត

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម