អ្នក​អាយុ ២០ ឆ្នាំ​ជាង ធ្លាប់​ចំណាយ​ពេល​ធ្វើ​រឿង​ទាំង​នេះ ដោយ​គ្មាន​ផល​តបស្នង​មក​វិញ

  • 2018-07-16 07:21:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វ័យ​ប៉ុណ្ណេះ​ហើយ នរណា​ក៏​ធ្លាប់​បណ្ដោយ​ខ្លួន​ទៅ​ធ្វើ​រឿង​ខ្ជះខ្ជាយ​ទាំង​នេះ ដោយ​មិន​បាន​គិតគូរ​ដូច​គ្នាដែរ។ ប្រសិន​បើ​ដឹង​ថា​ នោះ​ជា​រឿង​ខ្ជះខ្ជាយ​ហើយ គួរ​ងាក​មក​សន្សំសំចៃ​ទាំង​ប្រាក់កាក់ និង​ពេលវេលា​វិញ ទើប​អាច​ជួយ​ឲ្យ​ជីវិត​អ្នក​ប្រសើរ​ទៅ​ថ្ងៃ​ខាង​មុខ​បាន។

១.ទិញ​សម្លៀកបំពាក់​តម្លៃ​ថ្លៃ​ៗ

មនុស្សជាច្រើន​មាន​ចូលចិត្ត​ទិញ​សម្លៀកបំពាក់​តុបតែង​ខ្លួន ប៉ុន្តែ​ពេល​អ្នក​ចំណាយ​លើ​វា​ច្រើន​ពេល ក្លាយជា​រឿង​ខ្ជះខ្ជាយ។ នៅ​វ័យ​ជំទង់ ឬ​វ័យ ២០ ឆ្នាំ ឬ​លើស​នេះ​តិច​តួច មិនមែន​ជា​ពេល​ប្រកួត​ម៉ូដ​សម្លៀកបំពាក់​ទេ តែ​បើ​ខ្វះ​មិន​បាន​អ្នក​អាច​ទិញ​បាន គួរ​ជា​របស់​មាន​តម្លៃ​ថោក​កុំ​និយម​ប្រេន​តាម​គេ។ ព្រោះ​មនុស្ស​ស្រី​ភាគច្រើន​មាន​និន្នាការ​ម៉ូដ​ថ្មី​រហូត ដូចនេះ​បើ​ទិញ​របស់​ថ្លៃ អ្នក​នឹង​ចំណាយ​ច្រើន​ឥតប្រយោជន៍។ ការ​វិនិយោគ​លើ​សម្លៀកបំពាក់ គ្មាន​បាន​អ្វី​ត្រលប់​មក​វិញ ក្រៅ​ពី​ពាក្យ​សរសើរ​របស់​អ្នក​ជុំវិញ​ខ្លួន​ទេ។

រូបតំណាង

**២.ដឹង​អំពី​អ្វី​ដែល​អ្នក​ដទៃ​គិត**

សភាវគតិ​របស់​មនុស្ស គឺមាន​ការ​ព្រួយបារម្ភ​អំពី​អ្វី​ដែល​អ្នក​ដទៃ​គិត​ចំពោះ​ខ្លួន។ បើ​អ្នក​ក្រៅ​និយាយ​និន្ទា ព្រោះ​ឃើញ​អ្នក​ល្អ​ជាង មិន​បាច់​ទៅ​ខ្វល់​ទេ ប៉ុន្តែ​បើ​គេ​និយាយ​ដោយសារ​អ្នក​ខុស គួរតែ​ពិចារណា​សម្ដី​គេ​ឡើង​វិញ។ ទោះជាយ៉ាងណាក៏ដោយ​ការ​ចាប់អារម្មណ៍​លើ​គំនិត​អ្នក​ផ្សេង អាច​ធ្វើឲ្យ​អ្នក​បាត់បង់​ការ​គេង និង​ភាព​ជា​ខ្លួនឯង។

៣.ស្រលាញ់​មនុស្ស​ខុស

អ្នក​ប្រហែល​ជា​ពិបាក​ស្វែងរក​នរណា​ម្នាក់​ដែល​មាន​តម្លៃ និង​សក្ដិសម​សម្រាប់​អ្នក​ក្នុង​វ័យជាង ២០ ឆ្នាំ​នេះ។ ឈប់ខ្ជះខ្ជាយ​ពេល​វេលា​តាម​រក​មនុស្ស​ប្រុស​ដែល​មិន​យល់​ពី​តម្លៃ​ស្នេហា​ទៀត​ទៅ ព្រោះ​អ្នក​នៅ​មាន​ភារកិច្ច​ជាច្រើន​ទៀត​ដូចជា​ស្វែងរក​ក្ដីសុបិន ធ្វើការ​ដែល​ខ្លួន​ចង់ ធ្វើ​ដំណើរកម្សាន្ត​ទៅ​កាន់​កន្លែង​ប្លែក​ៗ និង​ស្វែងរក​សេចក្ដី​សុខ​ដាក់​ខ្លួន។

៤.មិន​គ្រប់គ្រង​ហិរញ្ញវត្ថុ

ការ​សន្សំ​ប្រាក់​ទុក នៅតែ​ជា​រឿង​ដែល​មនុស្ស​គ្រប់​ជំនាន់​គួរតែ​ចងចាំ និង​ធ្វើ ដើម្បី​កុំឲ្យ​ជីវិត​លំបាក​នា​ពេល​ខាង​មុខ។ ប៉ុន្តែ​អ្នក​ដែល​ស្ថិត​ក្នុង​វ័យ​ប៉ុណ្ណេះ មិន​ដែល​គិត​ដល់​ចំណុច​នេះ​ឡើយ ច្រើន​តែ​បណ្ដោយ​ឲ្យ​ការ​ចង់​បាន ចង់​ស្គាល់​មក​បាំង​មុខ ហើយ​ចាយ​ប្រាក់​ដោយ​មិន​គិត។

៥.មិន​គិត​ពី​សុខភាព

វ័យ​នេះ​កំពុងតែ​ពេញ​មាន​កម្លាំង ដូចនេះ​ការ​ញ៉ាំ ការ​ផឹក និង​ធ្វើ​កិច្ចការ​អ្វី គឺ​មាន​សន្ទុះ​ខ្លាំង។ ប៉ុន្តែ​នៅ​ពេល​អ្នក​មាន​អាយុ​ប្រហែល ៣០ ឆ្នាំ​រាងកាយ​របស់​អ្នក​នឹង​ចាប់ផ្ដើម​លេចឡើង​សញ្ញា​មួយ​ចំនួន​មិន​ប្រក្រតី​ដូច​ពី​មុន​ហើយ។

៦.ចង់​ដឹង​ឮ​រឿង​អ្នក​ដទៃ​ហួសហេតុ

គ្មាន​នរណា​ម្នាក់​ដែល​ថា​មិន​ចង់​ដឹង​រឿង​អ្នក​ដទៃ​ឡើយ ប៉ុន្តែ​អ្នក​ខ្លះ​ចេញ​មក​គឺ ចង់​ដឹង​ខ្លាំង​តែម្ដង រហូត​យក​ពេល​វេលា​ផ្ទាល់​ខ្លួន​ទៅ​សួរនាំ​រឿង​ហេតុ​អ្នក​ដទៃ ទាំង​គ្មាន​បាន​អ្វី​ត្រលប់​មក​វិញ។ មិន​ត្រឹមតែ​ខាតបង់​ពេល​វេលា​​ទេ ថែមទាំង​ត្រូវ​គេ​ជ្រេញ​ឫក​ទៀត​ផង៕

រូបតំណាង

ចុចអាន៖មេរៀន​ជីវិត​ដែល​មនុស្ស​អាច​រៀន​ចេះ​ពី​រឿង​អកុសល​​ទាំង​៥​យ៉ាង

ប្រភព៖ bestie ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម