​មេរៀន​​ក្រៅ​សាលា ៥ ​ដែល​​មនុស្ស​ស្រី​រឹង​មាំ​ម្នាក់​ត្រូវ​ចាំ​​ក្រោយ​រៀបការ

  • 2018-07-16 06:22:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិត​មនុស្ស​ស្រី​ក្រោយ​រៀបការ​មិន​មែន​ងាយ​ស្រួល​​ដូច​ដែល​មនុស្ស​ជា​ច្រើន​គិត​នោះ​ទេ។ អ្នក​អាច​នឹង​ធ្លាប់​ត្រូវ​បាន​គេ​ប្រាប់​ថា បើ​រក​បាន​ប្ដី​​ពូកែ​រក​លុយ​ម្នាក់​ អ្នក​នឹង​មាន​ជីវិត​រស់​នៅ​ស្រួល​មិន​បាច់​គិត​ច្រើន ឬ​មិន​បាច់​ខំ​ប្រឹង​រៀន​សូត្រ ធ្វើ​ការ​ខ្ពង់ខ្ពស់​ពេក​ទេ ព្រោះ​ការ​ហើយ​ត្រូវ​នៅ​ផ្ទះ​មើល​កូន​ដដែល -ល-។ ប៉ុន្តែ​អ្នក​ពិត​ជា​ចង់​បាន​ជីវិត​បែប​នេះ​មែន? ​ខាង​ក្រោម​នេះ កញ្ញា​សូម​ចែក​រំលែក​មេរៀន​​ជីវិត​ក្រោយ​រៀបការ​ខ្លះ​ៗ​ដែល​មនុស្ស​ស្រី​​សម័យ​នេះ​ត្រូវ​ដឹង៖​

១. ជា​មនុស្ស​ស្រី​ហាម​ឈប់​ស្អាត

បើ​ទោះ​បី​រៀប​ការ​រួច​ហើយ​ក៏​ដោយ ប៉ុន្តែ​ហាម​បណ្ដោយ​ខ្លួន​បណ្ដោយ​ប្រាណ​ឲ្យ​មើល​ទៅ​ទ្រុឌទ្រោម​ដាច់​ខាត។ កុំ​ទាន់​គិត​ថា​ខ្លួន​មាន​ប្ដី​ហើយ​ មិន​ដឹង​តែង​ខ្លួន​ឲ្យ​អ្នក​ណា​មើល ព្រោះ​គ្មាន​មនុស្ស​ប្រុស​ណា​មិន​ចូល​ចិត្ត​មនុស្ស​ស្រី​ស្អាត​​ៗ​នោះ​ទេ រួម​ទាំង​ប្ដី​របស់​អ្នក។ ម្យ៉ាង​ទៀត​មនុស្ស​ស្រី​ដែល​មិន​បណ្ដោយ​ឲ្យ​សម្រស់​ខ្លួន​ទ្រុឌទ្រោម នោះ​គឺ​មាន​ន័យ​ថា​នាង​ចេះ​មើល​ថែ​ យក​ចិត្ត​ទុក​ដាក់​នឹង​ខ្លួន​ឯង​បាន​យ៉ាង​ល្អ។

២. ហួស​សម័យ​ហើយ​ដែល​មនុស្ស​ស្រី​ត្រូវ​ឈប់​ធ្វើ​ការ​ដើម្បី​​មក​ធ្វើ​ការងារ​ផ្ទះ

ការងារ​ផ្ទះ​គឺ​ជា​អ្វី​ដែល​មនុស្ស​ស្រី​គួរ​ធ្វើ​ដើម្បី​សុភមង្គល​គ្រួសារ ប៉ុន្តែ​អ្នក​ក៏​​មិន​ចាំបាច់​លា​ឈប់​ពី​ការងារ​ដើម្បី​មក​ធ្វើ​មេ​ផ្ទះ​ទាំង​ស្រុង​នោះ​ទេ ព្រោះ​ការងារ​ ឬ​មុខ​របរ​រក​ស៊ី​ក៏​សំខាន់​ដូច​គ្នា ជា​ពិសេស​បើ​សិន​ថ្ងៃ​ណា​មួយ​គ្មាន​គេ អ្នក​នឹង​មិន​លំបាក​បើ​អ្នក​មាន​ចំណូល​ផ្ទាល់​ខ្លួន។ ការងារ​ផ្ទះ​មិន​មែន​ជា​ការងារ​ផ្ដាច់​មុខ​សម្រាប់​មនុស្ស​ស្រី​ទៀត​ទេ ប៉ុន្តែ​វា​ជា​ទំនួល​ខុស​ត្រូវ​រួម​របស់​​ប្ដី​ប្រពន្ធ​ដែល​ត្រូវ​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ទៅ​តាម​ស្ថានភាព​ជាក់ស្ដែង។

៣. កុំ​បណ្ដោយ​ឲ្យ​ជីវិត​គូ​សោះកក្រោះ

​ពិត​មែន​ថា ជីវិត​ក្រោយ​រៀប​ការ​អាច​មិន​ផ្អែមល្ហែម​​ដូច​ពេល​ដំបូង​ៗ​ដែល​ស្រលាញ់​គ្នា ប៉ុន្តែ​ធ្លាប់​ឮ​គេ​និយាយ​អត់​ថា ការ​រៀប​ការ​មិន​មែន​ជា​ចំណុច​បញ្ចប់​នោះ​ទេ ប៉ុន្តែ​វា​ជា​ការ​ចាប់​ផ្ដើម​យ៉ាង​ផ្លូវ​ការ​នៃ​ជីវិត​គូ។ អ្នក​​ត្រូវ​ចេះ​ថែ​រក្សា​ទំនាក់ទំនង​គ្រួសារ​ឲ្យ​បាន​រលូន​ល្អ។ ដូច្នេះ​ត្រូវ​យក​ចិត្ត​ទុក​ដាក់ បន្ថែម​ភាព​ផ្អែមល្ហែម​ឲ្យ​គ្នា​ខ្លះ​ ស្វែង​រក​ឱកាស​រឹត​ចំណង​ទំនាក់ទំនង​ក្នុង​គ្រួសារ និង​អ្វី​ដែល​ខ្វះ​មិន​បាន​​នោះ​គឺ​សិច ព្រោះ​បើ​អ្នក​រវល់​តែ​ធ្វើ​ការ ហើយ​ចេះ​តែ​ព្រងើយ​ៗ​ចំពោះ​រឿង​លើ​គ្រែ វា​ក៏​ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​ស្វាមី​ចេញ​ទៅ​រក​ខាង​ក្រៅ​ដែរ។

៤. កុំ​ប្រើ​អារម្មណ៍​ដោះ​ស្រាយ​បញ្ហា

ចំណុច​នេះ​គឺ​ពិត​ហួស​ពី​ការ​ពិត​ទៅ​ទៀត។ ចំនួន​ឆ្នាំ​ដែល​អ្នក​ស្រលាញ់​គ្នា គឺ​មិន​អាច​ធានា​បាន​ទេ​ថា បុរស​ម្នាក់​នោះ​នឹង​ស្មោះ​ត្រង់​ជាមួយ​​អ្នក​មួយ​ជីវិត។ អ្វី​ក៏​អាច​កើត​ឡើង​ដែរ​ក្នុង​ជិវិត​គូ ដូច្នេះ​ហើយ​​​អ្នក​​ត្រូវ​តាំង​សតិ​ឲ្យ​បាន​ល្អ​​ក្នុង​ការ​ដោះស្រាយ​បញ្ហា ចៀសវាង​ធ្វើ​អ្វី​តាម​អារម្មណ៍​ដែល​ធ្វើ​ឲ្យ​បញ្ហា​កាន់​តែ​ធ្ងន់ធ្ងរ។

៥. បើ​បែក​គ្នា​ ត្រូវ​ក្រោក​ឈរ​វិញ​ឲ្យ​បាន​លឿន​បំផុត

ការ​លែងលះ​គឺ​ជា​សុបិន​ដ៏​អាក្រក់​ដែល​គ្មាន​​មនុស្ស​ស្រី​ណា​ចង់​ជួប​ តែ​បើ​ទី​បំផុត​អ្នក​​​ត្រូវ​ចែក​ផ្លូវ​ពិត​មែន អ្វី​ដែល​​ត្រូវ​ធ្វើ​គឺ​ត្រូវ​តាំង​សតិ និង​​ក្រោក​ដើរ​ឡើង​វិញ​ឲ្យ​បាន​លឿន​បំផុត។ បើ​រវល់​តែ​អង្គុយ​យំ អង្គុយ​សោក ​អ្វី​ៗ​ក៏​មិន​ប្រសើរ​ឡើង​ដែរ។ ជា​ពិសេស​បើ​អ្នក​មាន​កូន គឺ​ត្រូវ​គិត​កូន​នៅ​លំដាប់​ទី​មួយ។ បើ​ទោះ​បី​ជា​វា​ឈឺ ប៉ុន្តែ​បើ​យើង​ឆ្លង​កាត់​ចំណុច​នេះ​បាន យើង​នឹង​ក្លាយ​ជា​មនុស្ស​រឹង​មាំ​ម្នាក់ ៕

ចុចអាន៖

ប្រភព៖ Mthai ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម