ស្រីៗ​គួរ​ដឹង​វិធី​គូស​ចិញ្ចើម​ឱ្យ​ត្រូវ​ទម្រង់​មុខ​ ទើប​មើល​ទៅ​ឃើញ​ស្អាត

  • 2018-07-14 04:33:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រីៗ​មួយ​ចំនួន​តែង​ជួប​ការ​លំបាក​ក្នុង​ការ​គូស​ចិញ្ចើម​ ដើម្បី​ឱ្យ​សម​និង​ស្រស់​ស្អាត​តែ​ម្ដង។ ដោយ​សារ​គ្រប់​គ្នា​មាន​ទម្រង់​មុខ​មិន​ដូច​គ្នា ទើប​ការ​គូស​ចិញ្ចើម​ក៏​មិន​អាច​គូស​ដូច​គ្នា ឬ​តាម​តែ​ចិត្ត​ស្រលាញ់​នោះ​ដែរ។ បើ​ចង់​ឱ្យ​មើល​ទៅ​ស្រស់ស្អាត និង​ទាក់ទាញ នារី​ៗ​គួរ​តែ​ដឹង​ពី​ទម្រង់​មុខ​របស់​ខ្លួន ហើយ​ដឹង​ពី​ទម្រង់​ចិញ្ចើម​ដែល​សក្ដិសម​នឹង​មុខ​ដូច​ខាង​ក្រោម៖

មុខ​ជ្រុង

សម្រាប់​នារី​ដែល​មាន​មុខ​ជ្រុង ឬ​ថ្គាម​ខ្លា​គួរ​​គូស​ចិញ្ចើម​រាង​ត្រង់​បន្តិច ហើយ​កាច់​ចុះ​ក្រោម​ត្រឹម​ប្រស្រី​ភ្នែក​ដើម្បី​ឱ្យ​មើល​ទៅ​ឃើញ​មុខ​តូច។ ចំណែក​កន្ទុយ​ចិញ្ចើម​គួរ​តែ​គូស​ឱ្យ​នៅ​ខ្ពស់​ជាង​គល់​ចិញ្ចើម (មើល​តាម​រូប)។

មុខ​វែង

ដើម្បី​ជួយ​ឱ្យ​មុខ​មើល​ទៅ​មិន​វែង​ពេក នារី​មាន​មុខ​បែប​នេះ​គួរ​តែ​គូស​ចិញ្ចើម​រាង​ត្រង់​ដូច​នារី​កូរ៉េ ហើយ​បន្ទាត់​ខាង​លើ​គូស​ចុះ​មក​ស្រួច​ចុង​ជាមួយ​បន្ទាត់​ខាង​ក្រោម​ដោយ​វាស់​ពី​ចុង​ភ្នែក​​បញ្ឆិត​ឡើង​មក​លើ។ ចំពោះ​ទំហំ​ពី​គល់​ដល់​ចុង​ចិញ្ចើម​អាច​គូស​ឱ្យ​ស្មើ​គ្នា​បាន។

មុខ​មូល

ចិញ្ចើម​រាង​បះ​បន្តិច​ហើយ​កាច់​ចុង គឺ​សក្ដិសម​សម្រាប់​នារី​ដែល​មាន​មុខ​មូល។ កន្ទុយ​ដែល​កាច់​ចុះ​មិន​មែន​កាច់​ត្រឹម​ផ្នែក​ប្រស្រី​​ភ្នែក​ដូច​នារី​ថ្គាម​ខ្លា​ទេ តែ​កាច់​នៅ​ចុង​ភ្នែក ហើយ​គួរ​គូស​ឱ្យ​មាន​រាង​ស្ដើង​ជាង​គល់​ចិញ្ចើម។

ទម្រង់​មុខ​ V ឬ​រាង​បេះដូង

នារី​ដែល​មាន​មុខ​ទ្រវែង ថ្ងាស​ទូលាយ មុខ V ឬ​មុខ​រាង​បេះដូង សក្ដិសម​នឹង​ទម្រង់​ចិញ្ចើម​កោង​ដូច​ធម្មជាតិ ដោយ​មិន​បាច់​គូស​កាច់​ឡើយ។ ចំពោះ​ពណ៌​រោម​ចិញ្ចើម​គួរ​គូស​ឱ្យ​ត្រូវ​នឹង​ពណ៌​សក់ ជៀសវាង​ពណ៌​ដិត​ជាង​ពណ៌​សក់​ដែល​នាំ​ឱ្យ​មើល​ទៅ​ហោះ​ពេក៕

ចុចអាន៖ មិនចេះគូសចិញ្ចើម​ក៏អាច​គូសបានស្អាត​ដូច​អ្នក​ជំនាញ​ដែរ បើដឹងល្បិចងាយៗនេះ​(វីដេអូ)

ប្រភព៖ bestie ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម