ចំពោះ​ខ្ញុំ រឿង​ស្នេហា​គ្មាន​ឡើយ​ពាក្យ​ថា​ “ចែក​រំលែក”

  • 2018-07-14 02:13:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ គ្មាន​ឡើង​ពាក្យ​ថា​ចែក​រំលែក​ក្នុង​រឿង​ស្នេហា ព្រោះ​ចំពោះ​ខ្ញុំ មនុស្ស​ដែល​ខ្ញុំ​ជ្រើសរើស​គឺ​ជា​ពិភពលោក គឺ​ជា​របស់​ខ្ញុំ ហើយ​ជា​របស់​ខ្ញុំ​តែ​មួយ​គត់។ ប្រសិន​បើ​អ្នក​ណា​អាច​ចែក​រំលែក​អ្នក​ជាមួយ​ខ្ញុំ​បាន មាន​ន័យ​ថា សម្រាប់​គេ​អ្នក​ក៏​មិន​មែន​ជា​មនុស្ស​តែ​មួយ​គត់​ឡើយ។

ថ្ងៃ​នេះ​អារម្មណ៍​ខ្ញុំ​ហាក់​មិន​នៅ​ក្នុង​ខ្លួន នៅ​ពេល​អាន​ប៉ះ​សុទ្ធ​តែ​ចំ​ព័ត៌មាន​ជន​ទី​៣ ទាំង​គូ​សង្សារ ទាំង​ប្ដី​ប្រពន្ធ សុទ្ធ​សឹង​តែ​បែកបាក់​ដោយ​សារ​ជន​នេះ​ទាំង​អស់។ មូលហេតុ​ដែល​មាន​ជន​ទី​៣​ក៏​ដោយ​សារ​តែ​ភាព​ធុញ​ទ្រាន់​ជា​មួយ​មនោសញ្ចេតនា​បច្ចុប្បន្ន រឿង​នេះ​គ្រាន់​តែ​យូរ​ហើយ និង​ឆាប់​តែ​ប៉ុណ្ណោះ។ ថា​ខ្ញុំ​​ជា​មនុស្ស​ទុទិដ្ឋិនិយម​ក៏​បាន តែ​ខ្ញុំ​មិន​ជឿ​នូវ​អ្វី​ដែល​​ហៅ​ថា​និរន្តរ​នោះ​ឡើយ ព្រោះ​ខ្ញុំ​ឃើញ​ការ​បែកបាក់​ច្រើន​ពេក​ហើយ។

បង​អើយ បើ​ថ្ងៃ​ក្រោយ បើមាន​មនុស្ស​ស្រី​ណា​ម្នាក់​មក​ហើយ​សុំ​ត្រឹម​មនោសញ្ចេតនាមួយ​ចំណែក​របស់​បង ហើយ​បង​សុខ​ចិត្ត​បែប​នេះ​នោះ បង​អាចឲ្យ​គេ​ទាំង​អស់​ក៏​បាន។ ព្រោះ​ចំពោះ​ខ្ញុំ ខ្ញុំ​មិន​អាច​ឲ្យ​គេ​មួយ​ចំណែក​ទេ បើ​ឲ្យ​គឺ​ឲ្យ​ទាំង​អស់​តែ​ម្ដង។ ហើយ​នៅ​ពេល​នោះ បើ​ខ្ញុំ​ដើរ​ចេញ បង​ក៏​គ្មាន​កំហុស​ដែរ ព្រោះ​​ខ្ញុំ​ជា​អ្នក​សម្រេច​បែប​នេះ​ទាំង​ដឹង​ថា​បង​នៅ​ស្រលាញ់​ខ្ញុំ។

ទោះ​បី​ជា​ឈឺ​ខ្លាំង នៅ​ស្រលាញ់​ខ្លាំង​​ប៉ុណ្ណា ក៏​ខ្ញុំ​សុខ​ចិត្ត​បោះបង់​ ព្រោះ​ក្នុង​រឿង​ស្នេហា គ្មាន​ទេ​សិល្បៈ​នៃ​ការ​ចែក​រំលែក។ អ្វី​គ្រប់​យ៉ាង​អាច​ចែក​រំលែក​បាន លើកលែង​តែ​មនោសញ្ចេតនា។ ខ្ញុំ​មិន​ចិត្ត​បុណ្យ​ដល់​ថ្នាក់ ចែក​រំលែក​សុភមង្គល​របស់​ខ្លួន​ឲ្យ​គេ​ឡើយ៕

ចុចអាន៖

 

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម