ការ​ពិត​នៅ​ពី​ក្រោយ​សារធាតុ​ផ្សំ​របស់​គ្រឿង​សម្អាង​ថោកៗ​ដែល​អ្នក​គួរ​ប្រយ័ត្ន

  • 2018-07-14 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​គ្រប់​រូប​សុទ្ធ​តែ​ចង់​ប្រើ​គ្រឿង​សម្អាង​ម៉ាក​ល្បីៗ របស់​សុទ្ធ និង​មាន​គុណភាព។ ប៉ុន្តែ​ដោយ​សារ​តែ​តម្លៃ​របស់​ផលិតផល​ទាំង​នោះ​ថ្លៃ​ខ្លាំង​ពេក ហើយ​នៅ​ពេល​មាន​ផលិតផល​ស្រដៀង​គ្នា​ ឬ​ដូច​គ្នា​ដាក់​លើ​ទី​ផ្សារ​ក្នុង​តម្លៃ​ថោក​ជាង នារី​ភាគ​ច្រើន​សុខ​ចិត្ត​ប្រថុយ​ទិញ​ ទាំង​មិន​ចាប់អារម្មណ៍​ពី​គុណភាព និង​​ការ​ផលិត​។ ​ថ្ងៃ​នេះ ស្រីៗ​យើង​នឹង​បាន​ដឹង​ពី​ការពិត​មួយ​ចំនួន​​នៃ​គ្រឿង​សម្អាង​វ៉ៃ​ម៉ាក​ល្បី តែ​តម្លៃ​ថោកៗ​ដែល​អ្នក​ចង់​ទិញ​នោះ ដឹង​ហើយ​​លែង​ចង់​ទិញ​តែ​ម្ដង។

គ្រឿង​សម្អាង​ក្លែងក្លាយ​របស់​អាមេរិក​ផលិត​នៅ​ចិន

កាល​ពី​កន្លង​ទៅ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន​បាន​រាយការណ៍​ថា ប៉ូលិស​ក្នុង​ខេត្ត Zhejiang បាន​ចុះ​បង្ក្រាប​​កន្លែង​ផលិត​គ្រឿង​សម្អាង​ក្លែង​បន្លំ​ម៉ាក​របស់​​បរទេស​ច្រើន​កន្លែង​រួច​មក​ហើយ។ កន្លែង​មួយ​ចំនួន​ត្រូវ​បាន​គេ​រក​ឃើញ​ថា ជា​កន្លែង​ផលិត​គ្រឿង​សម្អាង​ក្លែង​ក្លាយ​ជ្រក​​ក្រោម​ស្លាក​ឈ្មោះ​ក្រុមហ៊ុន​ផលិត​គ្រឿង​សម្អាង​ដែល​មាន​ការ​ចុះ​បញ្ជិកា និង​ទទួល​ស្គាល់​ត្រឹម​ត្រូវ។ ប៉ុន្តែ​ការពិត​នៅ​ខាង​ក្នុង​មិន​បាន​ផលិត​ឱ្យ​មាន​គុណភាព និង​ត្រូវ​ស្ដង់ដារ​ដូច​ពេល​ទៅ​ចុះ​បញ្ជី​ឡើយ មិន​ត្រឹម​តែ​ប៉ុណ្ណឹង ថែម​ទាំង​បន្លំ​ម៉ាក​ល្បីៗ​ផ្សេង​ដទៃ​ទៀត​ផង។

តាម​ការ​ឱ្យ​ដឹង​បន្ថែម ការ​ចំណាយ​លើ​ការ​ផលិត​​គឺ​ក្នុង​ទំហំ​ថោក​បំផុត ត្រឹម​តែ​២-៣​ដុល្លារ​ប៉ុណ្ណោះ។ គ្រឿង​សម្អាង​ក្លែង​ក្លាយ​ទាំង​នេះ​មាន​ច្រើន​ប្រភេទ រាប់​តាំង​ពី​ Eyeliner Mascara ដែល​​លក់​ក្នុង​តម្លៃ​តែ​ប៉ុន្មាន​សិប​យាន់ រហូត​ដល់​ផលិតផល​ប្រណីតៗ​ផ្សេង​ទៀត​លក់​ដល់​ទៅ​រាប់​ពាន់​យាន់​ក៏​មាន។ បន្ទាប់​ពី​ផលិត​រួច ពួក​គេ​យក​ទៅ​ដាក់​លក់​ដោយ​ដាក់​ថា បញ្ចុះ​តម្លៃ ឬ​លក់​លាង​ឃ្លាំង​ក្នុង​តម្លៃ​ថោកៗ ខុស​ពី​តម្លៃ​​ម៉ាក​​ពិត​ប្រាកដ។ ​

គ្រឿង​សម្អាង​ក្លែងក្លាយ​របស់​អាមេរិក​ផលិត​នៅ​វៀតណាម

ដើម្បី​បាន​ចំណេញ​ច្រើន ពួក​ឈ្មួញ​ខិល​ខូច​និង​អ្នក​ផលិត​មួយ​ចំនួន​បាន​ប្រើ​វិធី​ផលិត​ក្លែង​បន្លំ​ម៉ាក​ល្បីៗ ដែល​​កន្លែង​ផលិត​នៅ​វៀតណាម​នេះ​មាន​ទាំង​គ្រីម​បំបាត់​មុន និង​ឡេ​លាប​ខ្លួន​ ដាក់​លក់​ក្នុង​តម្លៃ​ថោកៗ​​លើ​ទី​ផ្សារ។

វេជ្ជបណ្ឌិត Tran The Vien ប្រធាន​ដេប៉ាតាម៉ង់​ពិនិត្យ​ព្យាបាល នៃ​មន្ទីរ​ពេទ្យ​​ផ្នែក​ព្យាបាល​ស្បែក​ទី​ក្រុង​ហូជីមិញ បាន​ព្រមាន​ពី​ការ​ប្រើ​ផលិត​លាប​លើ​ស្បែក​ដែល​គ្មាន​គុណ​ភាព​ ដែល​មាន​ផ្ទុក​សារធាតុ​គ្រោះថ្នាក់​​ថា​ អាច​បំផ្លាញ​ស្បែក បង្ក​ទៅ​ជា​អាលែហ្ស៊ី ​​ខូច​សរីរាង្គ​ណា​មួយ ឬ​​កើត​មហារីក​ក៏​មាន ក្រៅ​ពី​នេះ​វា​ក៏​អាច​បង្ក​ទៅ​ជា​ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​គភ៌​ក្នុង​ផ្ទៃ​ទៀត​ផង។

គ្រឿង​សម្អាង​ផលិត​ពី​ទឹក​នោម ឬ​កាក​សំណល់​នៅ​​អង់គ្លេស

មិន​មែន​មាន​តែ​នៅ​ប្រទេស​អាស៊ី​ប៉ុណ្ណោះ​ទេ តែ​នៅ​ប្រទេស​លោក​ខាង​លិច​ក៏​ឈឺ​ក្បាល​រឿង​កន្លែង​ផលិត​គ្រឿង​សម្អាង​ក្លែង​ក្លាយ​នេះ​ដែរ រាប់​បញ្ចូល​ទាំង​នៅ​អង់គ្លេស​ផង។ យោង​តាម​របាយ​ការណ៍​របស់​ប៉ូលិស​​​បាន​ឱ្យ​ដឹង​ថា ប្រជាជន​អង់គ្លេស​​ចំណាយ​ហោច​ណាស់ ១៤១លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ទិញ​គ្រឿង​សម្អាង​ក្លែង​ក្លាយ។

​ប៉ូលិស​អង្គភាព​កម្មសិទ្ធិ​បញ្ញា​របស់​អង់គ្លេស​បាន​រក​ឃើញ និង​ព្រមាន​ថា ទឹក​អប់​ក្លែង​ក្លាយ​ដែល​ចាប់​បាន​​ទាំង​នោះ​មាន​បញ្ចូល​ជាតិ​ពណ៌​ខ្លាំង ឯ​ខ្លះ​ទៀត​ផលិត​ពី​ទឹក​នោម​ក៏​មាន។ ក្រៅ​ពី​នេះ Eyeliner Mascara ក្រែម​លាប​មាត់ និង​ Foundation ផ្សំ​ពី​សារធាតុ​គីមី​គ្រោះថ្នាក់​ដូច​ជា យ៉ូណូវ (Arsenic) បារត និង​សំណ​ជា​ដើម។

ប៉ូលិស​បន្ត​ទៀត​ថា ផលិតផល​ទាំង​នោះ​បន្លំ​ស្ទើរ​តែ​គ្រប់​ម៉ាក​ល្បីៗ ដូច​ជា MAC, Benefit, Urban ជាដើម ហើយ​មាន​ដាក់​លក់​តាម​អនឡាញ​ជា​ច្រើន​ដូច​ជា​ នៅ​លើ Ebay និង Amazon៕

ចុចអាន៖

ប្រភព៖ Mashable | allure ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម