ហេតុផល​សំខាន់ ៤​ ដែល​មនុស្ស​ស្រីត្រូវ​ធ្វើ​ខ្លួន​ឲ្យ​រឹងមាំ​

  • 2018-07-12 07:29:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មក​ដល់​ពេល​នេះ​ទៅ​ហើយ​​បើ​អ្នក​នៅ​តែ​ធ្វើ​ខ្លួន​ជា​មនុស្ស​ស្រី​ដែល​ទន់ជ្រាយ ចាំ​តែ​ការ​ជួយ​ពី​គេ​ទៀត​នោះ អ្នក​នឹង​អាច​ប្រឈម​បញ្ហា​ជា​ច្រើន។ យ៉ាង​ណា​មិញ​បើ​អ្នក​អាច​ធ្វើ​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​មនុស្ស​ស្រី​ដែល​រឹងមាំ និង​ឯក​រាជ្យ​ម្នាក់​នោះ អ្នក​នឹង​មើល​ឃើញ​ពី​ភាព​ផ្លាស់ប្ដូរ​ដែល​អ្នក​ទទួល​បាន។ ខាង​ក្រោម​នេះ​ជា​ហេតុផល ៤​យ៉ាង​សំខាន់​ដែល​អ្នក​ត្រូវ​ធ្វើ​ជា​មនុស្ស​ស្រី​រឹង​មាំ​ម្នាក់ ៖​

១. លើក​តម្លៃ​ខ្លួន​ឯង

ប្រហែល​មាន​មនុស្ស​ស្រី​មួយ​ចំនួន​បាន​បណ្ដោយ​ខ្លួន​ឲ្យ​ខ្លួន​ឯង​មាន​ចរិត​ព្រះនាង​ម្ចាស់ ហើយ​គិត​ថា​ខ្លួន​ឯង​អស្ចារ្យ​មាន​អ្នក​ស្រឡាញ់ និង​ចង់​បាន​ច្រើន តែ​នេះ​គឺ​ប្រៀប​ដូច​បន្ទាប​តម្លៃ​ខ្លួន​ឯង​អីចឹង។ មនុស្ស​ស្រី​ដែល​ប្រើ​ចរិត​ Princess គ្មាន​អ្នក​ណា​ម្នាក់​លើក​តម្កើង​ និង​សរសើរ​នោះ​ទេ។ មួយ​វិញ​ទៀត​ការ​ធ្វើ​ខ្លួន​ស្លូត​ពេក អន់​ពេក ឲ្យ​គេ​ជាន់​ពេក​ក៏​មិន​អាច​រស់​ស្រួល​ក្នុង​សង្គម​មនុស្ស​ដែរ ព្រោះ​អ្នក​នឹង​ត្រូវ​បាន​គេ​ជិះជាន់ មើល​ងាយ និង​ធ្វើ​បាន។ បែប​នេះ​ហើយ​ទើប​មនុស្ស​ស្រី​គ្រប់​គ្នា​ត្រូវ​តែ​បង្វឹក​ខ្លួន​ឲ្យ​ក្លាយ​ជា​មនុស្ស​ស្រី​ឆ្នើម​ម្នាក់ រឹង​មាំ​ម្នាក់​ដែល​ទោះ​តៅ​ដល់​ទី​ណា​ក៏​គេ​គោរព និង​ឲ្យ​តម្លៃ​ មិន​ហ៊ាន​មើល​លើ មើល​ក្រោម។

រូបតំណាង

**២. ស្គាល់​ពិភពលោក​បាន​ទូលាយ**

មនុស្ស​ស្រី​ដែល​ឯករាជ្យ និង​រឹងមាំ​ភាគ​ច្រើន​មិន​ចូល​ចិត្ត​នៅ​មួយ​កន្លែង​ទេ នាង​តែង​តែ​ដើរ​ទៅ​រក​អ្វី​​ដែល​ថ្មី អ្វី​ដែល​ល្អ ដូច្នេះ​នាង​មាន​ឱកាស​ច្រើន​ក្នុង​ការ​ដើរ​ហើរ​ក្នុង​សង្គម។ អ្នក​ក៏​ត្រូវ​បែប​នេះ​ដូច​គ្នា កុំ​គិត​ថា​មនុស្ស​ស្រី​កើត​មក​ដើម្បី​តែ​បង្កើត​កូន​ឲ្យ​មនុស្ស​ប្រុស ឬ​ឲ្យ​មនុស្ស​ប្រុស​ចិញ្ចឹម​នោះ តែ​នៅ​មាន​រឿង​ជា​​ច្រើន​ទៀត​ត្រូវ​ធ្វើ​ដូច​គ្នា។

៣. មាន​ជីវិត​នឹង​ធឹង​សម្រាប់​ខ្លួន​ឯង

មាន​មនុស្ស​ស្រី​មិន​តិច​ទេ​ដែល​រង​គ្រោះ​ដោយ​សារ​ មិន​អាច​រស់​នៅ​ដោយ​ខ្លួន​ឯង​បាន បន្ទាប់​ត្រូវ​មនុស្ស​ប្រុស​បោះបង់​ចោល ឬ​លែង​លះ​គ្នា ឬ​មួយ​ទៀត​ត្រូវ​គ្រាំ​ចិត្ត​ដោយសារ​មិន​អាច​ធ្វើ​អ្វី​បាន។ តើ​នេះ​ជា​អ្វី​ដែល​មនុស្ស​ស្រី​ត្រូវ​ទទួល​បាន? បើ​អ្នក​មិន​អាច​ធ្វើ​ឲ្យ​ខ្លួន​ឯង​រឹង​មាំ​ទេ​ អ្នក​នឹង​ជួប​រឿង​បែប​នោះ តែ​បើ​អ្នក​ជា​មនុស្ស​ស្រី​ដែល​រឹង​មាំ​វិញ ទោះ​អ្នក​ជួប​បញ្ហា​អី​ក៏​ដោយ ក៏​អ្នក​នៅ​តែ​អាច​គ្រប់គ្រង​ជីវិត​ខ្លួន​ឯង និង​កូនៗ​អ្នក​បាន​យ៉ាង​ប្រសើរ។

រូបតំណាង

៤. ជួប​មនុស្ស​ប្រុស​ល្អ​

ហេតុ​អី​បាន​មនុស្ស​ស្រី​រឹង​មាំ​អាច​ជួប​មនុស្ស​ប្រុស​ល្អ? ព្រោះ​មនុស្ស​ស្រី​រឹង​មាំ​ម្នាក់​ មិន​ងាយ​ស្រឡាញ់​មនុស្ស​ប្រុស​ផ្ដេសផ្ដាស​នោះ​ទេ ដូច្នេះ​មនុស្ស​ប្រុស​ដែល​អាច​ឲ្យ​នាង​ស្រឡាញ់​បាន​ក៏​ត្រូវ​មាន​ចរិត​រឹងមាំ និង​អាច​ឲ្យ​នាង​ទុកចិត្ត​បាន​ដែរ។ ម្យ៉ាង​ទៀត​នៅ​ពេល​ដែល​អ្នក​មិន​ទន់ជ្រាយ រឹងមាំ ឯករាជ្យ ពេល​នោះ​អ្នក​ជា​មនុស្ស​ស្រី​ដែល​នៅ​ក្នុង​កែវ​ភ្នែក​មនុស្ស​ប្រុស​ល្អ​ហើយ ព្រោះ​មនុស្ស​ប្រុស​ល្អ​ តែង​សម្លឹង​រក​នារី​ល្អ​ដូច​គ្នា​ហើយ៕

ចុចអាន៖មនុស្ស​ស្រី​​ដែល​រស់​​នៅ​ដោយ​​រីករាយ​ និង​ស្រស់​ស្អាត​រាល់​ថ្ងៃ តែងមាន​ចំណុច​នេះ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម