ជ្រុល​ចិត្ត​ស្រឡាញ់​មនុស្ស​ដែល​មាន​សង្សារ​ហើយ គួរ​រៀន​ដក​ខ្លួន​តាម​វិធី​នេះ

  • 2018-07-12 04:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​មែន​ស្នេហា​សុទ្ធ​តែ​សម​បំណង​ទេ អ្នក​ខ្លះ​មិន​ស្រឡាញ់​ទេ​អ្នក​ដែល​ស្រឡាញ់​ខ្លួន តែ​បែរ​ទៅ​ជា​ស្រឡាញ់​មនុស្ស​ដែល​គ្មាន​ថ្ងៃ​មក​ស្រឡាញ់​វិញ។ កុំ​បន្ទោស​ចិត្ត​អី ព្រោះ​ការ​ស្រឡាញ់​មិន​អាច​បង្ខំ​បាន​នោះ​ទេ ព្រោះ​វា​ជា​ធម្មជាតិ។ បើ​សិន​ពេល​នេះ​អ្នក​កំពុង​ជួប​វិបត្តិ​ស្រឡាញ់​ចំ​អ្នក​មាន​សង្សារ​ហើយ អ្នក​គួរ​ព្យាយាម​ដក​ចិត្ត​មក​វិញ​ខ្លះ​តាម​វិធី​នេះ៖

១. ដាស់តឿន​ខ្លួន​ឯង​ថា​គេ​មាន​ម្ចាស់​ហើយ

គួរ​តែ​ព្យាយាម​ប្រាប់​ខ្លួន​ឯង​ជា​រឿយ​ៗ​ថា​គេ​មាន​អ្នក​ដែល​គេ​ស្រឡាញ់​ហើយ គេ​គ្មាន​ថ្ងៃ​មក​ស្រឡាញ់​អ្នក​នោះ​ទេ បែប​នេះ​ហើយ​ទោះ​ប្រឹង​ដល់​ស្លាប់​ខ្លួន​ទៀត​ក៏​គេ​មើល​មិន​ឃើញ​ដែរ។ ការ​ដាស់តឿន​គឺ​ដើម្បី​កុំ​ឲ្យ​ចិត្ត​អ្នក​ងប់ងុល​ទៅ​លើ​គេ​ពេក ហើយ​វា​ក៏​អាច​ហេតុផល​មួយ​ដែល​ជំរុញ​ឲ្យ​អ្នក​ត្រូវ​តែ​ដក​ខ្លួន​ដែរ។

២. ព្យាយាម​នៅ​ឲ្យ​ឆ្ងាយ​ពី​គេ

បើ​អាច​គួរ​តែ​រក្សា​គម្លាត​រវាង​អ្នក​ និង​គេ ព្រោះ​បើ​សិន​ថ្ងៃ​ក្រោយ​គេ​មាន​រឿង​អី​បែក​បាក់​គ្នា អ្នក​អាច​នឹង​ត្រូវ​សង្សារ​គេ​ចោទ​ថា​អ្នក​ជា​ដើម​ហេតុ​ក៏​ថា​បាន។ គេច​ពី​គេ​បាន​គួរ​តែ​គេច ឬ​បើ​អ្នក​ជា​មិត្ត​ភក្តិ​នឹង​គ្នា​នោះ គួរ​តែ​ទាក់ទង​គ្នា​ត្រឹម​តែ​ជា​មិត្ត​បាន​ហើយ កុំ​ឲ្យ​មាន​អី​ពិសេស​លើស​នេះ។

៣ ព្យាយាម​ឃាត់​អារម្មណ៍​ពេល​ដែល​នឹក

ទោះ​យ៉ាង​ណា​ក៏​ដោយ​បើ​អ្នក​មាន​អារម្មណ៍​នឹក​គេ​ខ្លាំង​មិន​អាច​ទ្រាំ​បាន​នោះ​អ្នក​ត្រូវ​រក​ជំនួយ ដូច​ជា​ចែករំលែក​វា​ទៅ​មិត្ត​ល្អ​របស់​អ្នក ឬ​ចេញ​ក្រៅ​ដើម្បី​បន្លប់​អារម្មណ៍​នេះ។ លើស​ពី​នេះ​អ្នក​ត្រូវ​គ្រប់គ្រង​ខ្លួន​ឯង​ឲ្យ​បាន ធ្វើ​ម៉េច​កុំ​ជ្រុល​ទៅ​បំផ្លាញ​ទំនាក់ទំនង​គេ​អី។

រូបតំណាង

៤. កុំ​ប្រៀប​ធៀប​ខ្លួន​ឯង​ទៅ​នឹង​សង្សារ​របស់​គេ

កុំ​គិត​ថា​ ប្រហែល​ជា​នាង​ស្អាត​​ជាង​អ្នក​ ឬ​នាង​មាន​អី​ពិសេស​ជាង​អ្នក ព្រោះ​មនុស្ស​មិន​ដូច​គ្នា​ទេ អ្នក​ល្អ​ជា​អ្នក​ គេ​ល្អ​ជា​គេ​ ដូច្នេះ​វា​មិន​ជា​បញ្ហា​សម្រាប់​អ្នក​ដែល​ត្រូវ​គិត​នោះ​ទេ។ ការ​ប្រៀប​ធៀប​អាច​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​មិន​អាច​ដក​ខ្លួន​បាន ឬ​អាច​ឲ្យ​អាច​ផ្លាស់ប្ដូរ​ខ្លួន​ឯង​ដោយសារ​ចង់​ឲ្យ​គេ​ចាប់​អារម្មណ៍​ទៀត​ផង។

៥. សាក​បើក​ចិត្ត​ចំពោះ​មនុស្ស​ប្រុស​ដទៃ​ទៀត

គួរ​តែ​សាកល្បង​ឈាន​ជើង​ចូល​ទៅ​ក្នុង​សង្គម​ឲ្យ​បាន​ច្រើន​ ហើយ​បើក​ឱកាស​ឲ្យ​ខ្លួន​ឯង​មើល​ពី​មនុស្ស​ជុំវិញ​ខ្លួន​ មិន​មែន​នៅ​ងប់ងុល​ជាមួយ​មនុស្ស​តែ​ម្នាក់​ទេ។​ ពេល​ខ្លះ​វា​អាច​ជា​ពេល​ដែល​ធ្វើ​ឲ្យ​អ្នក​ជួប​មនុស្ស​ល្អ​ជាង​គេ​ក៏​ថា​បាន ហើយ​ម្យ៉ាង​ទៀត​អ្នក​ត្រូវ​ចាំ​ថា​ គេ​គ្រាន់​តែ​ជា​មនុស្ស​ប្រុស​ដែល​អ្នក​មាន​អារម្មណ៍​ស្រឡាញ់​ទី ១​តើ ហើយ​ទៅ​មុខ​ទៀត​នឹង​មាន​អារម្មណ៍​បែប​នេះ​ទៀត ដូច្នេះ​មិន​ចាំបាច់​អិ​តែ​ម្នាក់​ហ្នឹង​ទេ។

រួបតំណាង

រឿង​ខ្លះ​បើ​មាន​សង្ឃឹម​សឹម​ប្រឹង​បន្ត តែ​បើ​មើល​ឃើញ​ថា​ទោះ​ប្រឹង​ទៅ​មុខ​ទៀត​ក៏​អត់​ន័យ​នោះ បោះបង់​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត៕

ចុចអាន៖បន្ទាប់ពី​បែក​គ្នា​ហើយ មនុស្ស​ស្រី​ត្រូវ​ចាំ​រឿង​ប៉ុន្មាន​នេះ​​ជា​ចាំបាច់

កូនស្រី៖ កុំ​ដើរ​រាយ​មន្ត​ស្នេហ៍ពេក បើ​ស្រឡាញ់​គឺ​ស្រឡាញ់ មិន​ស្រឡាញ់​គឺ​បដិសេធន៍

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម