ឈប់​ធ្វើ​បាប​ខ្លួន​ឯង​! ៦ទម្លាប់​ដែល​អាច​ឲ្យ​អ្នក​ឈឺ​ខ្នង និង​​ខូច​​​ឆ្អឹង​ខ្នង​ដោយ​មិន​ដឹង​ខ្លួន

  • 2018-07-11 08:23:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ដែល​គ្មាន​ជំងឺ​ឈឺថ្កាត់​គឺ​ចាត់​ទុក​ថា​ជា​ជោគ​លាភ​​យ៉ាង​ពិត​ប្រាកដ​សម្រាប់​មនុស្ស​យើង ព្រោះ​​ប្រាកដ​ជា​គ្មាន​នរណា​ដែល​ចង់​ធ្វើ​ការ​ហត់​មួយ​ថ្ងៃ​ៗ ដើម្បី​យក​លុយ​​ទៅ​ព្យាបាល​ជំងឺ​នោះ​ទេ។ ក្នុង​នោះ​អាការ​​ឈឺ​ចាប់​មួយ​​ដែល​មាន​​កើត​ឡើង​ច្រើន​តែ​ម្ដង​នៅ​ពេល​បច្ចុប្បន្ន​​គឺ​អាការ​ឈឺ​ខ្នង ដែល​អ្នក​ជំងឺ​​ជា​ច្រើន​មិន​បាន​ដឹង​ឡើយ​ថា​មូលហេតុ​ដែល​នាំ​ឲ្យ​ឈឺ​នេះ​គឺ​បណ្ដាល​មក​ពី​ទម្លាប់​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​របស់​ពួក​គេ។ ចង់​ដឹង​ទម្លាប់​នោះ​មាន​អ្វី​ខ្លះ​សូម​តាមដាន​ជាមួយ​កញ្ញា​ខាង​ក្រោម​នេះ៖

១. អង្គុយ​យូរ​ៗ

នេះ​ជា​ទម្លាប់​ដែល​ជួប​ច្រើន​សម្រាប់​អ្នក​ធ្វើ​ការ​ការិយាល័យ​។ បើ​ចៀស​បាន​គួរ​តែ​ចៀស ប៉ុន្តែ​បើ​ចៀស​មិន​បាន​ទេ​ក៏​គួរ​តែ​រក​ពេល​ក្រោក​ដើរ​ក្រោក​ឈរ​ដើម្បី​​សម្រួល​ចលនា​រាងកាយ​​ឲ្យ​បាន​ញឹក​​បន្តិច ព្រោះ​​ការ​អង្គុយ​យូរ​ៗ​ដល់​រាប់​ម៉ោង​ជាប់​គ្នា​គឺ​ជា​​មូលហេតុ​ធំ​មួយ​ដែល​បណ្ដាល​ឲ្យ​យើង​ឈឺ​ខ្នង។

២. ចូល​ចិត្ត​ពាក់​ស្បែក​ជើង​កែង

មនុស្ស​ស្រី​និង​ស្បែក​ជើង​កែង​គឺ​ជា​ដៃ​គូ​មិន​អាច​ខ្វះ​គ្នា​បាន​ទេ។ នារី​ជា​ច្រើន​សុខ​ចិត្ត​ឈឺ​ចុក​រោយ​​ខ្លួន ព្រោះ​ចង់​បន្ថែម​ការ​ជឿជាក់​ឲ្យ​ខ្លួន​ឯង ប៉ុន្តែ​ដឹង​អត់​ថា​ការ​ពាក់​ស្បែក​ជើង​កែង​រយៈ​ពេល​យូរ​ៗ នឹង​ធ្វើ​ឲ្យ​​អ្នក​មាន​បញ្ហា​ឆ្អឹង​ខ្នង ព្រោះ​វា​ធ្វើ​ឲ្យ​ឆ្អឹង​ខ្នង​របស់​អ្នក​ធ្វើ​ការ​​ធ្ងន់​លើស​កម្រិត។

៣. ស្ពាយ​កាតាប​ធំ​ៗ

កាតាប​ធំ​ៗ​ទើប​ដាក់​របស់របរ​បាន​ច្រើន ប៉ុន្តែ​​ការ​ស្ពាយ​កាតាប​ធំ​ៗ ហើយ​ធ្ងន់​ៗ​នេះ​ក៏​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​យើង​ឈឺ​ខ្នង​ដែរ។ ការ​ស្ពាយ​ ឬ​យួរ​កាបូប ឬ​កាតាប​ធ្ងន់​ញឹកញាប់​នឹង​ធ្វើ​ឲ្យ​ស្មា​របស់​យើង​ត្រូវ​​ទ្រ​ទម្ងន់​ធ្ងន់​លើស​កម្រិត។ យក​ល្អ​គួរ​តែ​ដាក់​អីវ៉ាន់​​ជាប់​ខ្លួន​តែ​អ្វី​​ដែល​ចាំបាច់​​ៗ​បាន​ហើយ​កុំ​ឲ្យ​វា​មាន​ទម្ងន់​ធ្ងន់​ពេក។

៤. គ្មាន​ពេល​ហាត់​ប្រាណ

មិន​ថា​មមាញឹក​ប៉ុណ្ណា​ អ្នក​ក៏​គួរ​ស្វែង​រក​ពេល​វេលា​ចេញ​ទៅ​ហាត់​ប្រាណ​ខ្លះ​ដែរ។ អាច​ជា​ការ​ជិះកង់ ឬ​រត់​ត្រឹក​ៗ​នៅ​ពេល​ព្រឹក ដើម្បី​ជួយ​ឲ្យ​សាច់​ដុំ​រឹង​មាំ និង​ជួយ​ការពារ​បញ្ហា​ឈឺ​ខ្នង​បាន​ផង​ដែរ។   ៥. កន្លែង​គេង​ទន់​ជ្រុល ឬ​រឹង​ជ្រុល

បើ​ទោះ​បី​វា​ធ្វើ​ឲ្យ​យើង​គេង​ស្រួល​ដំបូង​ៗ ប៉ុន្តែ​ការ​គេង​​លើ​​កម្រាល ឬ​ពូក​ដែល​ទន់​ខ្លាំង​ពេក ឬ​រឹង​ខ្លាំង​ពេក​ក៏​ដោយ សុទ្ធ​តែ​អាច​​ធ្វើ​ឲ្យ​ឈឺ​ខ្នង និង​បង្ក​​ឲ្យ​ខូច​ទ្រង់ទ្រាយ​ឆ្អឹង​ខ្នង​របស់​យើង។

៦. គិត​ច្រើន​ពេក

ការ​គិត​ច្រើន​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ចិត្ត​នោះ​ទេ ក៏​ប៉ុន្តែ​រាងកាយ​ក៏​ដូច​ជា​សាច់​ដុំ​របស់​យើង​ក៏​រង​ឥទ្ធិពល​ពី​នោះ​ដែរ។ យក​ល្អ​គួរ​តែ​រៀន​បន្ធូរ​ទុក្ខ​ចេញ​ខ្លះ​ កុំ​យក​អ្វី​គ្រប់​យ៉ាង​មក​គិត រហូត​ស្រ្តេស​ខ្លាំង និង​ធ្វើ​ឲ្យ​សាច់​ដុំ​របស់​យើង​​មាន​បញ្ហា​តានតឹង​តាម​នោះ​ដែរ។

បើ​ទោះ​បី​មនុស្ស​យើង​មិន​អាច​ចៀស​ផុត​ពី​ការ​ឈឺ​ថ្កាត់​បាន ប៉ុន្តែ​យ៉ាង​ហោច​បើ​បាន​ដឹង​ថា​អ្វី​​អាច​​ធ្វើ​ឲ្យ​យើង​កាន់តែ​ងាយ​កើត​ជំងឺ​ផ្សេង​ៗហើយ​ យើង​ក៏​គួរ​តែ​ចៀស​វាង ព្រោះ​ការពារ​ប្រសើរ​ជាង​ព្យាបាល ៕

ចុចអាន៖

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម