ក្រោយ​ពេល​បែក​គ្នា​ទើប​យល់​រឿង​ ៥​យ៉ាង​នេះ

  • 2018-07-10 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ក្នុង​លោក​សុទ្ធ​តែ​មាន​គូ​គ្រាន់​តែ​អ្នក​ខ្លះ​មិន​ទាន់​ជួប​ ហើយ​អ្នក​ខ្លះ​ទៀត​ក៏​បែក​បាក់​ជា​ច្រើន​លើក​ច្រើន​សា។ អារម្មណ៍​ក្រោយ​បែក​គ្នា​គឺ​ពិបាក​នឹង​បរិយាយ​ណាស់​ ជា​ពិសេស​ស្រីៗ។​ នារី​ភាគ​ច្រើន​គិត​ថា​ពេល​បាត់​បង់​ស្នេហា​ ពិភពលោក​ក៏​ប្រែ​ជា​ស្រអាប់​គ្មាន​ន័យ។ តែ​ការ​គិត​បែប​នេះ​គឺ​ខុស​ហើយ​ មាន​រឿង​ល្អៗ​ជា​ច្រើន​ដែល​កើត​ឡើង​ក្រោយ​ពេល​បែក​បាក់​។ រឿង​ខ្លះ​មាន​តែ​អ្នក​ទើប​បែក​បាក់​ស្នេហា​ទេ​ទើប​យល់៖

១.​ គ្មាន​រឿង​អាក្រក់​កើត​ឡើង​ដូច​អ្វី​ដែល​អ្នក​គិត​ទេ

ដំបូង​អ្នក​គិត​ថា​ខុស​ចំពោះ​ខ្លួន​ឯង​ដែល​ធ្វើ​ឱ្យ​ខ្លួន​ឯង​ជួប​ភាព​ឈឺ​ចាប់​បែប​នេះ។ បន្ទាប់​មក​អ្នក​ក៏​គិត​ពី​ពេល​វេលា​ដែល​អ្នក​នៅ​ជាមួយ​គេ។ អ្នក​អាច​នឹង​គេង​មិន​សូវ​លក់​ គិត​ច្រើន​ និង​មិន​សូវ​ញ៉ាំ​អី។ តែ​ក៏​មាន​ពេល​មួយ​ដែល​អ្នក​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ប្រសើរ​ជាង​មុន​ បើ​សិន​ជា​អ្នក​អត់​ទ្រាំ​នឹង​ការ​ជួ​ប​ប្រទះ​ទាំង​នេះ​បាន។

២.​ អ្នក​ដឹង​ពី​ខ្លួន​ឯង​តិច​ណាស់​

នៅ​ពេល​មាន​ស្នេហា​គ្រប់​គ្នា​តែង​តែ​ធ្វើ​ការ​លះ​បង់​អ្វី​ដែល​គេ​ត្រូវ​ការ​ និង​អ្វី​ដែល​ជា​ខ្លួន​គេ​ជា​ពិសេស​ស្រីៗ។ ក៏​ព្រោះ​តែ​មិន​ចង់​ឱ្យ​ដៃ​គូ​អន់​ចិត្ត​ឬ​ពិបាក​ អ្នក​ក៏​ភ្លេច​គិត​ពី​ខ្លួន​ឯង​ មិន​បាន​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ។​ ក្រោយ​ពី​បែក​បាក់​ស្នេហា​ហើយ​ទើប​អ្នក​ដឹង​ថា​ដល់​ពេល​ដែល​អ្នក​ធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ហើយ​។

៣.​ មាន​ពេល​ស្ងប់​ស្ងាត់​សម្រាប់​ខ្លួន​ឯង

មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​មាន​ពេល​លំហែ​កាយ​នោះ​ទេ​ តែ​ក្រោយ​បែក​គ្នា​អ្នក​នឹង​មាន​ពេល​ច្រើន។ ហេតុ​នេះ​ហើយ​បើ​សិន​ជា​អ្នក​មាន​ពេល​បែប​នេះ​គួរ​តែ​ចំណាយ​វា​ឱ្យ​ល្អ​។ បិទ​ទូរស័ព្ទ​ កុំ​លេង​បណ្តាញ​សង្គម​ហើយ​ព្យាយាម​នៅ​ស្ងាត់​ម្នាក់​ឯង។ អ្នក​នឹង​មាន​ឱកាស​សម្រាប់​គិត​ពិចារណា​រឿង​គ្រប់​យ៉ាង ​ហើយ​គួរ​ធ្វើ​បែប​ណា​ល្អ។

៤. នៅ​ Single ​ប្រសើរ​ជាង​ឯកា​ពេល​មាន​ស្នេហា

ហេតុ​ផល​ចម្បង​ដែល​គ្រប់​គ្នា​តែង​តែ​ទ្រាំ​មិន​ចង់​បែក​គ្នា​គឺ​ដោយ​សារ​តែ​ខ្លាច​ភាព​ឯកា។ ប៉ុន្តែ​អ្នក​ដែល​គិត​បែប​នេះ​គឺ​ខុស​ហើយ​ ពេល​ខ្លះ​អ្នក​មាន​ស្នេហា​តែ​អ្នក​នៅ​តែ​ឯកា​ហើយ​ការ​ដែល​ទ្រាំ​ជាមួយ​ស្នេហា​បែប​នេះ​ឈឺ​ចាប់​ជាង​នៅ​ Single ​ទៅ​ទៀត។ ហេតុ​នេះ​ហើយ​ការ​ដែល​នៅ​ Single ​ល្អ​ជាង​ចំណាយ​ពេល​លើ​មនុស្ស​ខុស។

៥.​ បើ​អ្នក​មិន​ជួប​ស្នេហា​ក្លែង​ក្លាយ​ អ្នក​ក៏​មិន​អាច​ជួប​ស្នេហា​ពិត​ដែរ

ស្នេហា​បាន​បញ្ចប់​អ្វី​ដែល​នៅ​សល់​គឺ​មេរៀន​មិន​មែន​អនុស្សាវរីយ៍​ជូរ​ចត់​នោះ​ទេ។ អ្នក​ត្រូវ​រៀន​ពី​មេរៀន​ទាំង​នោះ​ហើយ​កុំ​ឱ្យ​ជួប​រឿង​ដដែលៗ​ ឬ​មនុស្ស​ដូច​ជា​អ្នក​ចាស់​។ អ្នក​ត្រូវ​គិត​ថា​ បើ​អ្នក​មិន​បាន​ជួប​អ្នក​ចាស់​ដ៏​អាក្រក់​ អ្នក​ក៏​មិន​អាច​ជួប​អ្នក​ថ្មី​ដែល​ល្អ​ជាង​នោះ​ដែរ៕

ចុចអាន៖

ប្រភព៖ Brightside ប្រែ​សម្រួល៖ តាន់ ច័ន្ទលក្ខិណា