ចេះ​តែ​កើត​មុន​មិន​ឈប់​តាម​ពិត​មក​ពី​មូល​ហេតុ​ទាំង​នេះ​សោះ

  • 2018-07-09 06:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុន​នៅ​លើ​មុខ​ធ្វើ​ឱ្យ​បាត់​បង់​សម្រស់​មួយ​ផ្នែក​ធំ​ និង​ត្រូវ​ចំណាយ​លុយ​ច្រើន​លើស​លប់​ដើម្បី​ព្យាបាល។​ ពេល​ខ្លះ​ការ​ព្យាបាល​ក៏​មិន​មាន​ប្រសិទ្ធភាព​ណាស់​ណា​ដែរ​ បើ​សិន​ជា​អ្នក​នៅ​តែ​មាន​ទម្លាប់​ទាំង​ប៉ុន្មាន​យ៉ាង​នេះ៖

១.​ តែង​តែ​ប៉ះ​មុន​ ឬ​មុខ​គ្រប់​ពេល

ភាគ​ច្រើន​ស្រីៗ​តែង​តែ​ប៉ះ​មុខ​ខ្លួន​ឯង​ដោយ​ប្រើ​ក្រចក​មិន​ថា​ពេល​ណា​ ឬ​កន្លែង​ណា​នោះ​ទេ។ ពេល​ខ្លះ​ដៃ​របស់​អ្នក​អាច​នឹង​កខ្វក់​ដោយ​សារ​ការ​ប៉ះ​ធូលី​ដី​ និង​ចាប់​កាន់​របស់​ផ្សេងៗ។​ បាក់តេរី​ដែល​ជាប់​នៅ​លើ​ដៃ​ក៏​បង្ក​ឱ្យ​កើត​មុន​ដោយ​មិន​ដឹង​ខ្លួន​។ ហើយ​ពេល​ខ្លះ​ទៀត​ដៃ​របស់​អ្នក​ប៉ះ​ត្រង់​កន្លែង​ដែល​មាន​មុន​ហើយ​ក៏​បន្ត​ទៅ​ប៉ះ​កន្លែង​ផ្សេង​ទៀត​ធ្វើ​ឱ្យ​មុន​កាន់​តែ​រាលដាល។​

២.​ សម្អាត​មុខ​ហួស​ហេតុ​ពេក​

ការ​សម្អាត​មុខ​គឺ​ជា​រឿង​ចាំ​បាច់​ដែល​ត្រូវ​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ​ ប៉ុន្តែ​ការ​សម្អាត​ជ្រុល​ពេក​ក៏​ធ្វើ​ឱ្យ​ស្បែក​មុខ​ស្តើង​ស្ងួត​ និង​ខ្វះ​សារធាតុ​ចិញ្ចឹម​ ជាពិសេស​ធ្វើ​ឱ្យ​ស្បែក​ប្រេះ​ងាយ​រង​ប្រតិកម្ម​ និង​កើត​មុន។​ យក​ល្អ​អ្នក​គួរ​តែ​លាង​មុខ​មួយ​ថ្ងៃ​២​ដង ​រីឯ​ការ​ដុស​ខាត់​មុខ​ត្រឹម​១​ឬ​២​ដង​ក្នុង​មួយ​សប្តាហ៍​ទៅ​បាន​ហើយ​។ អ្វី​ដែល​ចាំ​បាច់​នោះ​គឺ​ត្រូវ​ជ្រើស​រើស​ផលិតផល​ណា​ដែល​មិន​ប៉ះ​ពាល់​ដល់​ស្បែក​មុខ។

៣.​ ប្រើ​គ្រឿង​សម្អាង​ និង​គ្រឿង​ថែរក្សា​សម្រស់​មិន​សម​ស្រប​ជាមួយ​ស្បែក​មុខ

ជា​ធម្មតា​នារីៗ​តែង​ប្រហែស​ក្នុង​ការ​ជ្រើស​រើស​ផលិតផល​គ្រឿង​សម្អាង​ដោយ​មិន​បាន​ពិនិត្យ​ឱ្យ​បាន​ត្រឹម​ត្រូវ។ នារី​មួយ​ចំនួន​ទៀត​ចូល​ចិត្ត​ទិញ​របស់​បញ្ចុះ​តម្លៃ​ដោយ​មិន​គិត​ថា​ផលិតផល​នោះ​ត្រូវ​នឹង​ស្បែក​ខ្លួន​ដែរ​ឬ​អត់។ អ្នក​ត្រូវ​ពិនិត្យ​មើល​ថា​ស្បែក​មុខ​របស់​អ្នក​ស្ងួត​ ឬ​ខ្លាញ់​ហើយ​ផលិតផល​ដែល​អ្នក​ទិញ​ត្រូវ​នឹង​ស្បែក​ប្រភេទ​ណា។

៤.​ មិន​បាន​សម្អាត​ច្រាស​ និង​ប៉ុង​ផាត់​មុខ​ឱ្យ​បាន​ទៀង​ទាត់

ដូច​ដែល​អ្នក​បាន​ដឹង​ហើយ​ថា​ ការ​ប្រើ​របស់​ដដែលៗ​ធ្វើ​ឱ្យ​អ្នក​ងាយ​កើត​មុខ​ជាពិសេស​ច្រាស​និង​ប៉ុង​ដែល​អ្នក​ប្រើ​ផាត់​មុខ​ជា​រៀង​រាល់​ថ្ងៃ។ បាក់តេរី​រាប់​សែន​ដែល​អ្នក​មើល​មិន​ឃើញ​គឺ​មាន​នៅ​ក្នុង​នោះ ហេតុ​នេះ​ហើយ​អ្នក​ត្រូវ​ច្បាស់​ថា​បាន​សម្អាត​ច្រាស​ ឬ​សម្ភារៈ​ផាត់​មុខ​ផ្សេង​ទៀត​ឱ្យ​បាន​ត្រឹម​ត្រូវ៕

ចុចអាន៖

ប្រភព៖ Spiceee ប្រែ​សម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម