កុំ​បណ្ដោយ​! ៦សញ្ញា​បង្ហាញ​ថា​អ្នក​កំពុង​ចាស់​ទ្រុឌទ្រោម​​លឿន​ជាង​វ័យ

  • 2018-07-04 04:00:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​ទោះ​បី​ភាព​ចាស់​ជរា​គឺ​ជា​រឿង​ធម្មជាតិ​ដែល​យើង​មិន​អាច​ជៀសវាង​បាន ប៉ុន្តែ​បើ​វា​កើត​ឡើង​ឆាប់​ខ្លាំង​ពេក យើង​ក៏​គួរ​​យក​ចិត្ត​ទុក​ដាក់​ដែរ។ សព្វ​ថ្ងៃ​នេះ​មាន​​បុរស​និង​ស្ត្រី​ជា​ច្រើន​នាក់​ដែល​មាន​បញ្ហា​ឆាប់​ចាស់​ជាង​អាយុ ដោយ​មាន​អាការ​ផ្សេង​ៗ​ដូច​ខាង​ក្រោម​នេះ៖

១. ស្បែក​ស្ងួត មាត់​ប្រេះ​ញឹក

បញ្ហា​ស្បែក​ឆាប់​ចាស់​ច្រើន​ចាប់​ផ្ដើម​លេច​ឡើង​ក្រោយ​អាយុ​ ២៥ឆ្នាំ ប៉ុន្តែ​សភាព​បរិយាកាស​ជុំវិញ​ និង​កត្តា​ជា​ច្រើន​ទៀត​​អាច​បណ្ដាល​ឲ្យ​បញ្ហា​នេះ​កើត​ឡើង​លឿន​ជាង​ធម្មតា ​ដូច​ជា​ការ​​ញ៉ាំ​អាហារ​មិន​មាន​តុល្យភាព ឬ​មិន​គ្រប់​ជីវជាតិ ការ​ព្រងើយ​កន្តើយ​រឿង​កម្ដៅ​ថ្ងៃ និង​ការ​ស្រ្តេស​ខ្លាំង​ពេក​ជា​ដើម។

២. ស្នាម​ជ្រួញ​ជុំវិញ​ភ្នែក

ស្បែក​នៅ​បរិវេណ​​ជុំវិញ​ភ្នែក​​​អាច​បង្ហាញ​ពី​ស្ថានភាព​រស់​នៅ​របស់​មនុស្ស​យើង​បាន​យ៉ាង​ល្អ ថា​តើ​យើង​គេង​ច្រើន ឬ​គេង​តិច ស្រេ្តស​ច្រើន​ឬអត់។ ដូច្នេះ​ប្រសិន​បើ​មាន​ស្នាម​ជ្រួញ​ជុំវិញ​បរិវេណ​នេះ គឺ​អាច​ប្រាប់​បាន​ថា​រាងកាយ​របស់​យើង​កំពុង​ទ្រុឌទ្រោម​ជាង​វ័យ។ ដំណោះស្រាយ​នោះ​គឺ​គួរ​គេង​ឲ្យ​បាន​គ្រប់គ្រាន់ កុំ​ញ៉ាំ​ប្រៃ​ច្រើន​ពេក និង​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន។

៣. រដូវ​មក​មិន​ទៀងទាត់

បញ្ហា​មក​រដូវ​មិន​ទៀងទាត់​​គឺ​ជា​រឿង​ធម្មតា​របស់​មនុស្ស​ស្រី​វ័យ ៤៦ទៅ៥៤ឆ្នាំ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ​គេ​បែរ​ជា​រក​ឃើញ​ថា ស្ត្រី​នៅ​យុវវ័យ​មាន​បញ្ហា​ច្រើន​ជាង​ស្ត្រី​វ័យ​កណ្ដាល​ទៅ​ទៀត។ នេះ​គឺ​ដោយ​សារ​អវយវៈ​ផ្នែក​ខាង​ក្នុង​កំពុង​មាន​បញ្ហា ហើយ​អ្នក​អាច​ការពារ​បាន​ដោយ​ការ​ត្រួត​ពិនិត្យ​សុខភាព​ញឹកញាប់ និង​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ខ្លះ​ថា​ មក​រដូវ​មិន​ទៀងទាត់​នេះ​កើត​ឡើង​ដោយ​សារ​អ្វី ហើយ​​​ត្រូវ​មាន​ទម្លាប់​រស់​នៅ​បែប​ស្រលាញ់​សុខភាព​ផង ដូច​ជា​គេង​ឲ្យ​បាន​គ្រប់គ្រាន់ ញ៉ាំ​អាហារ​មាន​ប្រយោជន៍ និង​ហាត់​ប្រាណ​​ជាដើម។

៤. រាងកាយ​ហត់នឿយ

បើ​ត្រឹម​តែ​ការ​ឡើង​ជណ្ដើរ ការ​ដើរ ឬ​បម្លាស់ទី​​ផ្សេង​ៗ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​​​ក៏​អ្នក​ត្រូវ​ការ​ប្រឹង​ ឬ​មាន​អារម្មណ៍​ថា​ប្រើ​កម្លាំង​ច្រើន នោះ​អាច​ជា​សញ្ញា​​​បង្ហាញ​ថា​​ខាង​ក្នុង​ខ្លួន​របស់​យើង​កំពុង​មាន​បញ្ហា​ចាស់​ជាង​វ័យ។ ប៉ុន្តែ​មិន​ត្រូវ​​ឈប់​បញ្ចេញ​សកម្មភាព​​​រាងកាយ​ដាច់​ខាត តែ​អាច​ផ្លាស់​ជ្រើសរើស​ការ​ហាត់​ប្រាណ​​ស្រាល​ៗ​​ឲ្យ​បាន​ច្រើន​ដូច​ជា ហាត់ Yoga រាំ​តាម​ចង្វាក់​ភ្លេង ធាក់​កង់ ដើម្បី​ឲ្យ​សាច់​ដុំ​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ​បាន​បញ្ចេញ​កម្លាំង និង​កាន់​តែ​រឹងមាំ។

៥. សក់​ជ្រុះ​ឃើញ​ច្បាស់​ៗ

ជា​ធម្មតា​មនុស្ស​យើង​អាច​មាន​សក់​ជ្រុះ​ប្រមាណ ៥០ទៅ១២៥សរសៃ​ក្នុង​មួយ​ថ្ងៃ​ស្រាប់​ហើយ ប៉ុន្តែ​បើ​វា​ជ្រុះ​ច្រើន​ជាង​នេះ នោះ​អ្នក​គួរ​តែ​ទៅ​ជួប​គ្រូពេទ្យ​ទៅ ព្រោះ​វា​ជា​សញ្ញា​បង្ហាញ​ថា​អ្នក​មាន​បញ្ហា​អ័រម៉ូន បើ​ទុក​ចោល​យូរ​ នឹង​អាច​ប្រឈម​បញ្ហា​ទំពែក​ជា​មិន​ខាន។ អ្នក​មាន​បញ្ហា​នេះ​គួរ​ព្យាយាម​ជ្រើសរើស​ផលិតផល​ថែ​រក្សា​សរសៃ​សក់​ឲ្យ​បាន​ល្អ ជ្រើសរើស​ញ៉ាំ​អាហារ​ដែល​មាន​​សារធាតុ Omega 3 ដូច​ជា​បន្លែ និង​សាច់​ត្រី​ឲ្យ​កាន់​តែ​ច្រើន និង​ជៀសវាង​កុំ​ឲ្យ​សរសៃ​សក់​ប៉ះ​ជាមួយ​កម្ដៅ​ថ្ងៃ​យូរ។

៦. បញ្ហា​​ការ​គេង

ការ​គេង​មិន​លក់ គឺ​ជា​បញ្ហា​ធំ​ដែល​កើត​ឡើង​បាន​គ្រប់​ភេទ​គ្រប់​វ័យ ប៉ុន្តែ​បើ​​វា​កើត​ឡើង​មុន​អាយុ ៦០ឆ្នាំ យើង​អាច​ព្យាបាល​វា​បាន​ដោយ​ការ​ផ្លាស់​ប្ដូរ​ទម្លាប់​រស់​នៅ​មិន​ល្អ​ចេញ។ សាក​ល្បង​ហាត់ Yoga ហែល​ទឹក ឬ​អាន​សៀវភៅ​មុន​គេង​ដើម្បី​​សម្រាក​ខួរ​ក្បាល​មុន​គេង។ បិទ​ទូរទស្សន៍ ទូរសព្ទ និង​ឧបករណ៍​ទាក់ទង​ផ្សេង​ៗ​​ឲ្យ​បាន​​​មួយ​ម៉ោង​មុន​ចូល​គេង​ ក៏​ជួយ​ឲ្យ​អ្នក​ឆាប់​គេង​លក់​ដែរ។

ពិនិត្យ​មើល​ខ្លួន​ឯង បើ​មាន​សញ្ញា​ណា​មួយ ត្រូវ​ដោះស្រាយ​ជា​បន្ទាន់​ណា៎!

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម