ខ្នង​​កោង​ អាច​ប្រែ​ជា​ត្រង់​ស្អាត​ដូច​ដើម​វិញ​ ដោយ​ក្បាច់​ហាត់​ប្រាណ​សាមញ្ញៗ​ទាំង​នេះ​

  • 2018-06-25 08:41:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បញ្ហា​ខ្នង​កោង ឬ​ខ្នង​គម​​ភាគ​ច្រើន​គឺ​កើត​មាន​ចំពោះ​អ្នក​អង្គុយ​ធ្វើ​ការ​អូហ្វីស​ច្រើន​ម៉ោង​ជាប់​ៗ​គ្នា។ បើ​សិន​ជា​អ្នក​សង្កេត​ឃើញ​ថា​ខ្នង​របស់​ខ្លួន​ចេះ​តែ​កោង​ទៅ​ៗ​មិន​ត្រង់​ដូច​មុន អ្នក​គួរ​ក្រឡេក​មើល​ទម្លាប់​អង្គុយ​របស់​ខ្លួន​​ថាតើ​អ្នក​អង្គុយ​ត្រង់​ខ្លួន​ ឬ​ក៏​អត់ បើ​អ្នក​អង្គុយ​កោងខ្នង​គ្រប់​ពេល​ ច្បាស់​ណាស់​ឆ្អឹង​ខ្នង​របស់​អ្នក​នឹង​មាន​បញ្ហា​តាម​នោះ។ ក្រៅ​ពី​ការ​ផ្លាស់​ប្ដូរ​ទម្លាប់​អង្គុយ​ឲ្យ​ត្រង់ ខាង​ក្រោម​នេះ​គឺ​ជា​ក្បាច់​ហាត់​ប្រាណ​ខ្លះ​ៗ​ដែល​យើង​អាច​អនុវត្ត​បាន​ដើម្បី​ឲ្យ​មាន​ខ្នង​ត្រង់​ស្អាត​ឡើង​វិញ៖

១. ឈរ​ផ្អែក​ជញ្ជាំង

​នេះ​ជា​វិធី​មួយ​ដើម្បី​ពត់​ខ្នង​កោង​ឲ្យ​ត្រង់​​ឡើង​វិញ ដោយ​ឈរ​ផ្អែក​ ធ្វើ​យ៉ាង​ណា​ឲ្យ​ផ្នែក​ខាង​ក្រោយ​ទាំង​អស់​ចាប់​ពី​ក្បាល​ ស្មា​ ខ្នង​ ត្រគាក និង​ភ្នែក​គោល ជាប់​នឹង​ជញ្ជាំង ហើយ​ដក​ដង្ហើម​ចេញ​ចូល​យឺត​ៗ។ ព្យាយាម​ធ្វើ​យ៉ាង​នេះ ឲ្យ​បាន​យ៉ាង​ហោច ១៥ទៅ​២០​នាទី​ក្នុង​មួយ​ថ្ងៃ។

២. សំពះ​មក​ក្រោយ

នេះ​ជា​កាយវិការ​ដែល​រាង​ពិបាក​បន្តិច​នៅ​ពេល​ធ្វើ​ដំបូង ជា​ពិសេស​សម្រាប់​អ្នក​ដែល​ទម្លាប់​ឈ្ងោក​មុខ​យូរ​រហូត​​ដល់​​កោង​ខ្នង។ ត្រូវ​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​បាត​ដៃ​ប៉ះ​គ្នា​​ស្និទ្ធ​តាម​ដែល​អាច​ធ្វើ​បាន។ ធ្វើ​បែប​នេះ​មួយ​ថ្ងៃ ១០​ទៅ​១៥នាទី​ដើម្បី​ពត់​ខ្នង​ឲ្យ​ត្រង់​វិញ។

៣. អ៊ែន​ខ្នង

ក្បាច់​នេះ​អាច​ធ្វើ​បាន​ដោយ​លុត​ជង្គង់​ចុះ យក​ដៃ​​ចាប់​កែង​ជើង ដោយ​ខំ​ប្រឹង​អ៊ែន​ខ្នង​ទៅ​ខាង​ក្រោយ។ សម្រាប់​ស្រី​ៗ​ដែល​ពិបាក​ក្នុង​ការ​លុត​ជង្គង់ អាច​ហាត់​ឈរ​បាន ដោយ​យក​ដៃ​ច្រត់​​ចង្កេះ​ទៅ​ក្រោយ​ ហើយ​អ៊ែន​ខ្នង​ទៅ​ក្រោយ។

៤. ក្បាច់​អាវ៉ង់​​ជញ្ជាំង

ក្បាច់​​នេះ​អាច​នឹង​ហត់​នឿយ​បន្តិច​។ ស្រី​ៗ​អាច​ធ្វើ​បាន​ដោយ​បែរ​មុខ​ទៅ​ជញ្ជាំង ហើយ​យក​ដៃ​ទាំង​ពីរ​ផ្ចុច​អាវ៉ង់​នឹង​ជញ្ជាំង​យឺត​ៗ ដូច​ជា​គេ​អាវ៉ង់​លើ​ឥដ្ឋ​ដែរ។ គួរ​ហាត់​មួយ​ថ្ងៃ ២០​នាទី។ ក្បាច់​នេះ​នឹង​ជួយ​កសាង​សាច់​ដុំ​​ស្មា និង​ខ្នង ជួយ​​ឲ្យ​ខ្នង​កាន់​តែ​ត្រង់។

៥. ម៉ាស្សា​ស្មា

ក្បាច់​ម៉ាស្សា​នេះ​នឹង​ជួយ​ឲ្យ​សាច់​ដុំ​បរិវេណ​ស្មា​មាន​ភាព​ធូរ​ស្រាល ដែល​នឹង​ជួយ​ឲ្យ​ស្មា និង​ខ្នង​របស់​យើង​ត្រង់​វិញ​ដែរ។ ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​ម៉ាស្សា អាច​ប្រើ​គ្រាប់​ប៉េងប៉ុង​ជំនួយ​បាន។ ក្បាច់​នេះ​គួរ​អនុវត្ត​មួយ​ថ្ងៃ ២​នាទី ៕

ចុចអាន៖

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម