ជំងឺ​ ៦យ៉ាង​ដែល​ស្រ្តី​មាន​ផ្ទៃ​ពោះ​គួរ​ប្រយ័ត្ន​ឱ្យមែនទែន

  • 2018-06-22 07:38:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ ស្រ្តី​គ្រប់​រូប​ងាយ​ទទួល​រង​នូវ​ជំងឺ​ផ្សេងៗ​ណាស់​​ក៏​ព្រោះ​តែ​រាយ​កាយ​ត្រូវ​ការ​អាហារូបត្ថម្ភ​ច្រើន​ជាង​ស្រ្តី​ធម្មតា​។ ស្ត្រី​មាន​ផ្ទៃ​ពោះ​ច្រើន​តែ​ឡើង​ទម្ងន់​ដែល​ជា​ហេតុ​នាំ​ឱ្យ​មាន​ជំងឺ​ផ្សេងៗ​ដូច​ជា​ ទឹក​នោម​ផ្អែម​ ឈឺ​ជើង​ ស្រ្តេស​ ។ល។​ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​មាន​ផ្ទៃ​ពោះ​ទាំង​ឡាយ​ត្រូវ​ប្រយ័ត្ន​ចំពោះ​ជំងឺ​ទាំង​៧​នេះ៖​

១.​ ជំងឺ​ក្រឡា​ភ្លើង​ (Preeclampsia)

ជំងឺ​ប្រភេទ​នេះ​ច្រើន​កើត​ចាប់​ពី​​២០​សប្តាហ៍​ដំបូង​នៃ​ការ​មាន​គភ៌ទៅ ជាពិសេស​កំឡុង​ពេល​សប្តាហ៍​ទី​៣២។​ ជំងឺ​នេះ​អាច​ប៉ះពាល់​ទាំង​ម្តា​យ​និង​កូន​ដោយ​សារ​តែ​សំពាធ​ឈាម​កើន​ឡើង​ និង​ការ​ប៉ះពាល់​សរីរាង្គ​មួយ​ចំនួន​ដូច​ជា​ តម្រង​នោម​ជា​ដើម​។ បើ​សិន​ជា​គ្មាន​ការ​វិនិច្ឆ័យ​ឱ្យ​បាន​ត្រឹម​ត្រូវ​ទេ​នោះ​វា​នឹង​បណ្តាល​ឱ្យ​ប្រកាច់​ ខូច​ខួរ​ក្បាល​ តម្រង​នោម​និង​គាំង​បេះដូង។​ ជា​ធម្មតា​រោគ​សញ្ញា​នៃ​ជំងឺ​នេះ​គឺ​ ការ​ហើម​ដៃ​ ឬ​ជើង​ ពិបាក​ដក​ដង្ហើម​ ឈឺ​ក្បាល​ និង​នោម​តិច​ជាង​ធម្មតា។​

២.​ ជំងឺខ្សោយបេះដូង (Peripartum Cardiomyopathy)

ជំងឺ​បេះដូង​ប្រភេទ​នេះ​គឺ​ទាក់​ទង​នឹង​ការ​ចុះ​ខ្សោយ​នៃ​សាច់​ដុំ​បេះ​ដូង​ដែល​ច្រើន​តែ​កើត​ឡើង​នៅ​ពេល​ជិត​សម្រាល​។ ស្រី្ត​ជា​ច្រើន​ជួប​ប្រទះ​នឹង​ការ​ផ្លាស់​ប្តូរ​សរីរាង្គ​កំឡុង​ពេល​មាន​ផ្ទៃ​ពោះ​នាំ​ឱ្យ​សរសៃ​ឈាម​រីក​ធំ​ និង​បេះ​ដូង​ពិបាក​ដំណើរ​ការ។​ ជា​លទ្ធផល​ ក្នុង​ករណី​ខ្លះ​អាច​បណ្តាល​ឱ្យ​ក្លាយ​ទៅ​ជា​ជំងឺ​បេះដូង​។ រោគ​សញ្ញា​នៃ​ជំងឺ​នេះ​ក៏​ដូច​ជា​ជំងឺ​ក្រឡា​ភ្លើង​ដែរ​គ្រាន់​តែ​ជំងឺ​នេះ​ច្រើន​កើត​ឡើង​នៅ​ពេល​ជិត​សម្រាល​។ មនុស្ស​ស្រី​ខ្លះ​ បេះដូង​អាច​ដំណើរ​ការ​បាន​ធម្មតា​ឡើង​វិញ​កំឡុង​ពេល​២​សប្តាហ៍​ក្រោយ​ពេល​សម្រាល​ រី​ឯ​អ្នក​ខ្លះ​ទៀត​ចំណាយ​ពេល​ដល់​ទៅ​៦​ខែ​ឬ​លើស​ពី​នេះ។

៣.​ ជំងឺ​បាក់​ទឹក​ចិត្ត​ (Depression)

នេះ​ជា​ជំងឺ​ដែល​ស្ត្រី​មាន​ផ្ទៃ​ពោះ​ច្រើន​ជួប​ប្រទះ​ក៏​ព្រោះ​តែ​ការ​គេង​មិន​គ្រប់​គ្រាន់​ ការ​ឡើង​ចុះ​អរ​ម៉ូន​ ឬ​ក៏​ការ​មាន​ផ្ទៃ​ពោះ​ជា​លើក​ដំបូង​ដែល​ហេតុ​នាំ​ឱ្យ​មាន​ការ​តប់​ប្រមល់​ក្នុង​ចិត្ត​ និង​ខ្វាយ​ខ្វល់​ច្រើន​។ វា​ជា​ជំងឺ​ធម្មតា​តែ​ក៏​តម្រូវ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ​ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ។

៤.​ ជំងឺ​ទឹក​នោម​ផ្អែម (Diabetes)

អ្នក​ប្រហែល​ជា​ធ្លាប់​បាន​ដឹង​ហើយ​ថា​កំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ ស្ត្រី​ងាយ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប៉ុន្តែ​ពេល​ខ្លះ​ជំងឺ​នេះ​ក៏​នៅ​តែ​មាន​ក្រោយ​ពេល​សម្រាល​កូន​រួច​។​ ស្រ្តី​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​​កំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ត្រូវ​តម​អាហារ​ដែល​មាន​គ្លុយកូស​ខ្ពស់​ និង​តាម​ដាន​ឱ្យ​បាន​ម៉ត់​ចត់​ឱ្យ​មែន​ទែន។​

៥.​ ជំងឺ​រលាក​ខ្នែង​ពោះ​រៀន​ (Appendicits)

កំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ ពោះ​វៀន​របស់​អ្នក​នឹង​ធ្វើ​ការ​ផ្លាស់​ទី​ដែល​ជា​ហេតុ​នាំ​ឱ្យ​ងាយ​កើត​ជំងឺ​រលាក​ខ្នែង​ពោះ​វៀន។ ស្ត្រី​មាន​ផ្ទៃ​ពោះ​តែង​ជួប​ប្រទះ​នឹង​ការ​ឈឺ​ចាប់​នៅ​ត្រង់​ពោះ​ និង​រាល​ដល់​ផ្នែក​ខាង​ក្រោម​ផ្ចិត​ទៅ​ផ្នែក​ខាង​លើ​ស្តាំ​នៃ​ខ្នង។

៦.​ ជំងឺ​មហារីកសុដន់

ជំងឺ​មហារីក​សុដន់ក៏​មាន​ទំនាក់​ទំនង​ជាមួយ​ការ​មាន​គភ៌ដែរ​តែ​វា​អាស្រ័យ​លើ​វ័យ​មាន​ផ្ទៃ​ពោះ​ដែរ។ ស្រ្តី​ដែល​មាន​កូន​ដំបូង​នៅ​វ័យ​រាង​ចាស់​អាច​ប្រឈម​មុខ​នឹង​ជំងឺ​មហារីក​ដោះ​ជាង​ស្រ្តី​នៅ​ក្មេង​។​ នៅ​ពេល​អ្នក​មាន​គភ៌កោសិកា​ដើម​ទ្រូង​របស់​អ្នក​កើន​ឡើង​យ៉ាង​លឿន​ ហើយ​ហ្សែន​ខ្លះ​បង្ក​ការ​ខូច​ខាត​ដល់​កោសិកា​ដើម​ទ្រូង​ទាំង​មូល​ធ្វើ​ឱ្យ​ជំងឺ​មហារីក​កើត​ឡើង។ ហើយ​ការ​ខូច​ខាត​នេះ​ភាគ​ច្រើន​កើត​មាន​នៅ​លើ​ស្រ្តី​វ័យ​ចំណាស់៕​

ប្រភព៖ self ប្រែ​សម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម