ចរិត​លក្ខណៈ​ធំៗ​របស់​មនុស្ស​ស្រី​ឯករាជ្យ​ចំពោះ​ស្នេហា

  • 2018-06-23 00:42:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​រឹងមាំ​និង​ឯករាជ្យ​តែង​ឱ្យ​តម្លៃ​លើ​របស់​សំខាន់​ដូច​ជា ចំណូល​ប្រចាំ​ថ្ងៃ ក្ដី​សុខ​សម្រាប់​គ្រួសារ ការ​ពង្រឹង​សមត្ថភាព ជា​ជាង​ចំណាយ​ពេល​គិត​លើ​រឿង​ស្នេហា​។ បើ​អ្នក​បាន​មើល​ចំណុច​ទាំង​៦​ខាង​ក្រោម​នេះ​នឹង​ដឹង​ថា នារី​រឹងមាំ​ម្នាក់​មាន​​ទស្សនៈ​បែប​ណា​ខ្លះ​ចំពោះ​ស្នេហា។

១. នាង​សុខ​ចិត្ត​នៅ​ម្នាក់​ឯង ប្រសើរ​ជាង​រើស​មនុស្ស​ខុស៖

នារី​រឹង​មាំ​តែង​យល់​ថា សុខ​ចិត្ត​រស់​នៅ​ម្នាក់​ឯង​វិញ ប្រសើរ​ជាង​ទៅ​ពាក់ព័ន្ធ​នឹង​​មនុស្ស​ខុស​ដែល​មិន​អាច​នាំ​ក្ដី​សុខ​ដល់​ជីវិត​នាង។ នាង​តែង​ប្រកាន់​ទស្សនៈ​មួយ​ថា "យក​ប្ដី​ប្រពន្ធ​មក គឺ​ដើម្បី​ផ្ដល់​ក្ដី​សុខ​ឱ្យ​គ្នា តែ​បើ​យក​មក​ផ្ដល់​តែ​ទុក្ខ​ដល់​គ្នា មិន​បាច់​យក​ល្អ​ជាង"។

២. នាង​ចេះ​ស្វែង​យល់​ពី​បុរស​ម្នាក់​នោះ​ច្បាស់​លាស់ មុន​សម្រេច​ចិត្ត​ស្រលាញ់៖

មុន​នឹង​ដាក់​ចិត្ត​ថា​ស្រលាញ់​អ្នក​ណា​ម្នាក់ នារី​រឹង​មាំ​តែង​ត្រូវ​ការ​ពេល​វេលា និង​មាន​វិធី​ពិសោធន៍​ដើម្បី​ដឹង​ច្បាស់​ថា បុរស​នោះ​ពិត​ជា​មនុស្ស​ដែល​អាច​រស់​នៅ​ជាមួយ​គ្នា​ទៅ​ថ្ងៃ​អនាគត​បាន​ដែរ​ឬ​អត់? មិន​មែន​ផ្តោត​តែ​លើ​កត្តា​បន្តិចបន្តួច ដូច​ជា​រូប​សម្រស់ ឋានៈ​តួនាទី​ការងារ ឬ​មើល​តែ​លើ​ចំណុច​វិជ្ជមាន​តែ​មួយ​មុខ​នោះ​ទេ។

ចុចអាន៖ រឿង​អស្ចារ្យ​ទាំង​នេះ​បុរស​នឹ​ង​ទទួល​បាន ពេល​មាន​មិត្ត​ស្រី​ជា​មនុស្ស​ឯករាជ្យ

៣. នាង​មាន​សមត្ថភាព​អាច​រស់​ដោយ​ខ្លួន​ឯង​បាន៖

ដោយ​សារ​ស្នេហា​មិន​មែន​ជា​អាទិភាព​សម្រាប់​នារី​ប្រភេទ​នេះ ទើប​នាង​ត្រូវ​ចំណាយ​ពេល​វេលា​វិនិយោគ​លើ​ការ​ពង្រឹង​សមត្ថភាព​ខ្លួន​​ជា​មុន​សិន។ នាង​នឹង​ត្រូវ​ប្រាកដ​ខ្លួន​ឯង​ថា អាច​រស់​ដោយ​ខ្លួន​ឯង​បាន ដោយ​មិន​បាច់​ពឹង​ផ្អែក​លើ​ស្វាមី​ឡើយ ហើយ​បើ​ទោះ​ជា​គ្មាន​ស្នេហា​ក៏​នៅ​តែ​អាច​រស់​ដោយ​រីករាយ​បាន។

៤. នាង​មិន​ដែល​ភ្លេច​បំពេញ​ក្ដី​ស្រមៃ​របស់​ខ្លួន៖

មិន​ថា​មាន​ស្នេហា​ឬ​ក៏​អត់​ទេ នារី​ឯករាជ្យ​តែង​តែ​មិន​បោះបង់​ក្ដី​ស្រមៃ​របស់​ខ្លួន​ឡើយ។ នាង​នៅ​តែ​ផ្ដោត​លើ​គម្រោង​ប្រចាំ​ជីវិត​របស់​ខ្លួន និង​មិន​ដើរ​ខុស​ផ្លូវ​ឡើយ ទោះ​បី​មាន​អ្នក​មក​ណែនាំ​ឱ្យ​ផ្លាស់ប្ដូរ​ចិត្ត​ក៏​ដោយ។ សម្រាប់​នាង មនុស្ស​ជា​ទី​ស្រលាញ់​អាច​មាន​តម្លៃ​ ប៉ុន្តែ​មិន​អាច​មាន​តម្លៃ​ដល់​ថ្នាក់​បង្ខំ​ឱ្យ​នាង​ផ្លាស់​ប្ដូរ​សុបិន​របស់​នាង​ឡើយ។

៥. នាង​រស់​នៅ​ក្នុង​ជីវិត​ពិត៖

នារី​បែប​នេះ​មិន​ចូល​ចិត្ត​ចាត់​ទុក​ជីវិត​ខ្លួន​ឯង​ដូច​ក្នុង​រឿង​និទាន ឬ​រឿង​កុន​នោះ​ទេ។ នាង​ចេះ​ស្វែង​រក​អត្ថន័យ​ពិត​នៃ​ជីវិត​ដើម្បី​រស់​នៅ​ឱ្យ​មាន​ក្ដី​សុខ និង​ពិត​ប្រាកដ​ ដោយ​មិន​បាច់​ដេក​ស្រមៃ​ថា​ អ្នក​ដែល​នាង​ត្រូវ​ស្រលាញ់​ទាល់​តែ​មាន​ភាព​ឥត​ខ្ចោះ​ដូច​ក្នុង​រឿង​ទេ។ នាង​មិន​ដែល​សង្ឃឹម​ថា ទោះ​បី​គ្រួសារ​នាង​ក្រីក្រ​ក៏​នៅ​អាច​មាន​បុរស​អ្នក​មាន​ចិត្ត​ល្អ​មក​ស្រលាញ់​ ហើយ​រស់​នៅ​ដូច​ព្រះ​នាង​ឡើយ។

ចុចអាន៖ ២៥​ឆ្នាំ​​របស់​មនុស្ស​ស្រីជា​វ័យ​​ត្រូវ​រឹងមាំ និង​ឯករាជ្យ មិន​មែនវ័យត្រូវរត់តាមស្នេហាទេ

៦. នាង​មិន​សូវ​ខ្វល់ខ្វាយ​រឿង​រស់នៅ​ជាមួយ​គ្នា​មុន​រៀបការ៖

ការ​រស់​នៅ​ជាមួយ​គ្នា​មុន​ពេល​រៀបការ​នឹង​ត្រូវ​បាន​គេ​វាយ​តម្លៃ និង​ចាត់​ទុក​ថា​ខុស​ឆ្គង​នឹង​ប្រពៃណី។ ប៉ុន្តែ​សម្រាប់​នារី​ឯករាជ្យ​មិន​បាន​យក​រឿង​នេះ​ជា​ទម្ងន់​ពេក​នោះ​ទេ។ កាល​ណា​នាង​មើល​ឃើញ​ថា​បុរស​ណា​ម្នាក់​ល្អ​សម្រាប់​នាង ហើយ​ប្រាកដ​ប្រជា នាង​អាច​បើក​សិទ្ធិ​ក្នុង​ការ​រស់​នៅ​ក្រោម​ដំបូល​ផ្ទះ​ជាមួយ​គ្នា ដោយ​មិន​បាច់​ខ្វល់​ពី​ពាក្យ​ចេចចូច​ពី​អ្នក​ណា​ឡើយ។

នាង​គិត​ថា ការ​ប្រឹង​រក​លុយ​ដើម្បី​រៀបការ​គឺ​ជា​រឿង​ដែល​អ្នក​ទាំង​ពីរ​ត្រូវ​ធ្វើ​ដោយ​ខ្លួន​ឯង។ ដូច្នេះ​បើ​មិន​ទាន់​មាន​លុយ​គ្រប់គ្រាន់ រស់នៅ​ជាមួយ​គ្នា​ក៏​មិន​ជា​បញ្ហា៕

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម