ទម្លាប់​ញ៉ាំ ៧យ៉ាង​ដែល​ធ្វើ​ឲ្យ​​គីឡូ​អ្នក​ឡើង​លឿន​​ទ្វេ​មួយ​ជា​ពីរ​

  • 2018-06-21 07:04:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទម្លាប់​ដែល​យើង​ធ្វើ​ជា​ប្រចាំ​ខាង​ក្រោម​នេះ​​ នឹង​ធ្វើ​ឲ្យ​យើង​កាន់​តែ​ធាត់​ខ្លាំង​ដោយ​មិន​ដឹង​ខ្លួន។ បើ​សិន​ជា​អ្នក​ចង់​សម្រក​ទម្ងន់​មែនទែន​នោះ សូម​​មើល​ខាង​ក្រោម​នេះ ថា​តើ​ទម្លាប់​ក្នុង​ការ​ញ៉ាំ​បែប​ណា​ខ្លះ​ដែល​យើង​គួរ​ចៀសវាង៖

១. ញ៉ាំ​បង្អែម ឬ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ច្រើន​រាល់​ថ្ងៃ

បើ​គិត​ចង់​សម្រក​ទម្ងន់​មែន ស្រី​ៗ​គួរ​តែ​ចៀសវាង ឬ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ផ្អែម​ឲ្យ​តិច​បំផុត ព្រោះ​ជាតិ​ស្ករ​ទាំង​នោះ​គឺ​ជា​ហេតុផល​ធំ​មួយ​ដែល​ធ្វើ​ឲ្យ​យើង​កាន់​តែ​ធាត់។

២. ​ទម្លាប់​ញ៉ាំ​លឿន​

ការ​ញ៉ាំ​អាហារ​លឿន​ពេក​គឺ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​យើង​ញ៉ាំ​អាហារ​កាន់​តែ​ច្រើន​ដោយ​​មិន​ដឹង​ខ្លួន ព្រោះ​ជា​ធម្មតា​​យើង​មិន​មាន​អារម្មណ៍​ថា​ឆ្អែត​ភ្លាម​ៗ​នោះ​ទេ ដូច្នេះ​បើ​ញ៉ាំ​លឿន ទម្រាំ​ឆ្អែត​ គឺ​ញ៉ាំ​ច្រើន​បាត់​ទៅ​ហើយ។ ដូច្នេះ​គួរ​ញ៉ាំ​អាហារ​យឺត​ល្មម ព្រោះ​ក្រៅ​ពី​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​យើង​ដំណើរការ​ស្រួល វា​ក៏​ជួយ​ឲ្យ​យើង​មិន​ញ៉ាំ​ច្រើន​ភ្លេច​ខ្លួន​ដែរ។

៣. ផឹក​ទឹក​តិច​ពេក

ទឹក​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​រាង​កាយ​យើង។ ពេល​ខ្លះ​រាង​កាយ​របស់​យើង​គឺ​គ្រាន់​តែ​ខ្វះ​ជាតិ​ទឹក ប៉ុន្តែ​ខួរ​ក្បាល​របស់​យើង​អាច​ចែក​មិន​ដាច់​ថា​រាងកាយ​កំពុង​​ឃ្លាន ឬ​គ្រាន់​តែ​ស្រក​ទឹក។ បើ​រាង​កាយ​យើង​គ្រាន់​តែ​​ត្រូវ​ការ​ជាតិ​ទឹក ប៉ុន្តែ​យើង​យល់​ថា​យើង​កំពុង​ឃ្លាន​ ហើយ​ងាក​ទៅ​ញ៉ាំ​អាហារ​ថែម វា​នឹង​ធ្វើ​ឲ្យ​យើង​ធាត់។ ដូច្នេះ​នៅ​ពេល​មាន​អារម្មណ៍​ថា​ឃ្លាន គួរ​សាក​ល្បង​ផឹក​ទឹក​សិន បើ​នៅ​តែ​ឃ្លាន​ទៀត សឹម​ញ៉ាំ​អាហារ​បន្ថែម។

៤. ផឹក​ស្រា​ជា​ប្រចាំ

គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​ធាត់​បាន​ដោយ​សារ​​វា​មាន​កាឡូរី​ខ្ពស់ ថែម​ទាំង​ធ្វើ​ឲ្យ​យើង​ញ៉ាំ​អាហារ​មិន​ងាយ​ឆ្អែត និង​កាត់​បន្ថយ​ការ​រំលាយ​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​ថែមទៀត។ ដូច្នេះ​បើ​មិន​​ចង់​ធាត់​ដុះ​ក្បាល​ពោះ​ទេ សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿង​ស្រវឹង។

៥. ញ៉ាំ​បន្លែ​មិន​គ្រប់គ្រាន់

នៅ​ក្នុង​បន្លែ​មាន​កាក​សរសៃ​អាហារ​​ដែល​មាន​ Fiber ជួយ​សម្រួល​ដល់​ការ​បន្ទោរបង់ ថែម​ទាំង​ជួយ​ឲ្យ​រាងកាយ​របស់​យើង​ឆ្អែត​បាន​យូរ​ទៀត​ផង។ ដូច្នេះ​រាល់​ពេល​ញ៉ាំ​បាយ គួរ​ព្យាយាម​ញ៉ាំ​បន្លែ​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​ឆាប់​ឆ្អែត។

៦. ញ៉ាំ​អាហារ​ដែល​​មាន​ជាតិ​ខ្លាញ់​ទាប ប៉ុន្តែ​​ញ៉ាំ​ច្រើន

នារី​ដែល​ស្រលាញ់​សុខភាព​ភាគ​ច្រើន​តែង​ជ្រើសរើស​ញ៉ាំ​​អាហារ​ដែល​មាន​ជិត​ខ្លាញ់​តិច ឬ​មាន​ខ្លាញ់​ល្អ ដូច​ជា​ត្រី ដោយ​គិត​ថា​ញ៉ាំ​ប៉ុណ្ណា​ក៏​មិន​ធាត់​ដែរ។ ប៉ុន្តែ​បើ​រាង​កាយ​របស់​យើង​បាន​ទទួល​ជាតិ​ខ្លាញ់​ទាំង​នោះ​ក្នុង​បរិមាណ​ច្រើន​ វា​ក៏​អាច​ឲ្យ​យើង​ធាត់​ដូច​គ្នា​។

៧. ញ៉ាំ​​​​ហើយ​គេង​ ​​មិន​ហាត់​ប្រាណ

ការ​ជ្រើសរើស​ញ៉ាំ​អាហារ​ល្អ​ៗ គ្រប់គ្រង​បរិមាណ​អាហារ​មួយ​ពេលៗ គឺ​ជា​រឿង​ដែល​គួរ​ធ្វើ​នៅ​ពេល​ដែល​យើង​ចង់​សម្រកទម្ងន់។ ប៉ុន្តែ​បើ​យើង​គ្រាន់​តែ​គិតគូរ​ពី​របបអាហារ​ប៉ុន្តែ​មិន​ហាត់​ប្រាណ​ វា​ក៏​នៅ​តែ​ធ្វើ​ឲ្យ​យើង​ឆាប់​ឡើង​គីឡូ​ដដែល ៕

ចុចអាន៖

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម