បើ​អ្នក​ស្រលាញ់​សង្សារ​របៀប​នេះ គេអាច​នឹង​ធុញទ្រាន់​ទៅ​វិញ

  • 2018-06-21 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ស្រលាញ់​គ្នា មនុស្ស​ស្រី​ខិតខំ​ធ្វើ​គ្រប់​បែបយ៉ាង ដើម្បី​ឲ្យ​ស្នេហា​គង់វង្ស​យូរអង្វែង។ ប៉ុន្តែ​ពេល​ខ្លះ​អ្នក​អាច​នឹង​ធ្វើ​ហួសហេតុ​ពេក រហូត​ជា​មូលហេតុ​ធ្វើឲ្យ​បុរស​ៗ​មាន​ការ​ធុញទ្រាន់ ចង់​ចប់​ទៅ​វិញ។ ៦ របៀប​នេះស្រី​ៗ​តែង​ប្រើ តែ​ជា​រឿង​ខុសឆ្គង៖

១.អ្នក​រង់ចាំ​ឲ្យ​គេ​ផ្លាស់ប្ដូរ

គេ​នឹង​មិន​ផ្លាស់ប្ដូរ​សម្រាប់​អ្នក​ទេ តែ​គេ​អាច​កែប្រែ​ខ្លួនឯង​សម្រាប់​ខ្លួនឯង​តែ​ប៉ុណ្ណោះ។ ការ​រង់ចាំ​ឲ្យ​នរណា​ម្នាក់​ផ្លាស់ប្ដូរ ដើម្បី​ផ្គាប់​ចិត្ត​ខ្លួន​ឯង​ជា​ការ​ខ្ជះខ្ជាយ​ពេលវេលា​ឥតប្រយោជន៍។

២.អ្នក​គិត​ថា​គ្មាន​នរណា​ម្នាក់​នៅ​ទី​នេះ ប្រសើរ​ជាង​អ្នក​ឡើយ

បើ​អ្នក​គិត​ថា គ្មាន​នរណា​ផ្សេង​ដែល​ល្អ និង​អាច​ធ្វើឲ្យ​ដៃគូ​សប្បាយ​រីករាយ​ជាង​អ្នក​នោះ គឺជា​រឿង​យល់​ច្រឡំ​ធំ​ហើយ។ រឿង​បែបនេះ​ទុក​ឲ្យ​ខាង​ប្រុស​គេ​ជា​អ្នក​និយាយ​វិញ​ទៅ​ចុះ ព្រោះ​ពេល​ខ្លះ​អ្នក​អាច​មិន​ផ្ដល់​ភាព​កក់ក្ដៅ​ឲ្យដៃគូ​បាន​គ្រប់គ្រាន់ តែ​អ្នក​មិន​ដឹង​ប៉ុណ្ណោះ។

៣.អ្នក​លែង​ចង់​ទៅ​ណា​ឆ្ងាយ​ពី​គាត់

ពិភពលោក​គឺ​ធំធេង​ណាស់ ប៉ុន្តែ​អ្នក​បែរជា​ដាក់​កម្រិត​ខ្លួនឯង​ដោយ​នៅ​មួយ​កន្លែង មិន​ព្រម​ទៅ​ណា​ឆ្ងាយ​ពី​គាត់​សោះ។ អ្នក​ប្រើ​វិធី​នេះ ដើម្បី​ចង់ឲ្យ​សង្សារ​ដឹង​ចិត្ត​ថា អ្នក​ពិតជា​ស្រលាញ់​​មិន​អាច​ខ្វះ​គាត់​បាន​មែន​នោះ គឺជា​ការ​បំបិទ​ខ្លួនឯង​ពី​ការ​ស្វែងយល់​អ្វី​ថ្មី​ទៅ​វិញ ហើយ​បុរស​ក៏​គេ​មិន​ចង់​បាន​បែបនេះ​ដែរ បើ​ស្អិត​ដូច​តុកកែ​ម្ល៉ឹង​ៗ។

រូបតំណាង

៤.ព្យាយាម​ចង់​ឲ្យ​ដៃគូ​ផ្ដល់​ក្ដី​ស្រលាញ់​ដូច​ក្នុង​កុន

ស្នេហា​ដ៏​សែន​រ៉ូមែនទិក មាន​តែ​នៅ​ក្នុង​កុន​ប៉ុណ្ណោះ ជីវិត​ពិត​គ្មាន​នរណា​ដែល​ថា​អាច​ធ្វើ​បាន​ល្អឥតខ្ចោះ​ឡើយ។ អ្នក​តែងតែ​ចង់​ឲ្យ​គូស្នេហ៍​ទិញ​របស់របរ​ខ្លួន​ស្រលាញ់ ចង់​បាន​ផ្កា​កូឡាប​មួយ​បាច់​ធំ ចង់​ឲ្យ​គាត់ Surprise... ដោយ​យក​លំនាំ​តាម​រឿង​ភាគ ប្រុស​ៗ​គ្រាន់តែ​ឮ​ក៏​ហត់​បាត់​ទៅ​ហើយ។

៥.ចង់​បំបិទ​សិទ្ធ​ដៃគូ

របៀប​ស្រលាញ់​បែបនេះ ពិតជា​ខុស​ធ្ងន់ បើ​ទោះ​ជា​អ្នក​ស្រលាញ់​គាត់​ប៉ុណ្ណា​ក៏​ដោយ។ មនុស្ស​ប្រុស​មិន​ចង់​រស់នៅ​ក្នុង​គំនាប ឬ​ការ​ឃាត់ឃាំង​ឡើយ។ ដូចនេះ​ប្រសិនបើ​អ្នក​ព្យាយាម​បិទ​សិទ្ធ​សេរីភាព​ម្ខាង​ទៀត ភាព​រកាំរកូស​នឹង​កើត​ឡើង​ក្នុង​ទំនាក់ទំនង​ស្នេហា។

៦.កុហក​ខ្លួន​ឯង

ស្នេហា​មួយ​ឆាវ​អាច​ធ្វើឲ្យ​អ្នក​បាត់បង់​ការ​គិត​វែងឆ្ងាយ​បាន នៅ​ពេល​អ្នក​ប្រាប់​ខ្លួនឯង​ថា អ្នក​មិន​ចង់​បាន​អ្វី​បន្ថែម​ទៀត​ទេ ព្រោះ​ត្រឹម​មាន​គេ​អ្នក​អាច​ស្កប់ស្កល់​ណាស់​ទៅ​ហើយ។ នោះ​ជា​ការ​កុហក​ខ្លួនឯង​យ៉ាង​ច្បាស់ក្រឡែត មនុស្ស​ម្នាក់​ៗ​តែងតែ​មាន​ក្ដី​ស្រមៃធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍ និង​ថ្មី ដើម្បី​ជួយ​ឲ្យ​ជីវិត​កាន់តែ​មាន​ន័យ៕

រូបតំណាង

ចុចអាន៖ទុក្ខ​លំបាក​ខុស​ៗ​គ្នា​​​ដែល​មនុស្ស​ស្រី​ត្រូវ​ដឹង​មុន​រើស​បុរស​ណា​ម្នាក់​ជា​​ប្ដី

ប្រភព៖ thoughtcatalog ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម