របស់​៧​យ៉ាង​ កុំ​​ស្លៀក​​​​ ឬ​ដាក់​តាម​ខ្លួន​ពេល​ហោះហើរ​ ក្រែង​មាន​បញ្ហា

  • 2018-06-20 07:55:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស​លើ​ក​ដំបូង​គឺ​ជា​រឿង​រំភើប​បំផុត។ ទន្ទឹម​នឹង​អារម្មណ៍​រំភើប​នេះ​ អ្នក​គួរ​តែ​ត្រៀម​ខ្លួន​​ជា​ស្រេច និង​យល់​ដឹង​ពី​ចំណុច​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​ដំណើរ​កម្សាន្ត​ជើង​ផុត​ពី​ដី​នេះ។ ខាង​ក្រោម​នេះ​អាច​ជា​ជំនួយ​ខ្លះ​សម្រាប់​ស្រីៗ​យើង​ដែល​មិន​ទាន់​ធ្លាប់​មាន​បទ​ពិសោធន៍​ផ្នែក​ដំណើរ​ផ្លូវ​អាកាស​នេះ​ឱ្យ​យល់​ដឹង​ពី​គន្លឹះ​ស្លៀកពាក់​ថា អ្វី​ដែល​គួរ​និង​មិន​គួរ​ស្លៀក ឬ​ដាក់​ខ្លួន​ក្នុង​ពេល​ហោះហើរ​ ដើម្បី​ជៀសវាង​បញ្ហា​ដោយ​​យថាហេតុ។

១. ទឹក​អប់៖

រឿង​នេះ​ធ្លាប់​ត្រូវ​បាន​ធ្វើ​ច្រើន​មក​ហើយ ហើយ​ក៏​មិន​សូវ​មាន​អ្នក​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ដែរ។ ហេតុ​អី​ត្រូវ​ហាម​ទឹក​អប់​នៅ​លើ​យន្តហោះ? ព្រោះ​ដូច​យើង​ដឹង​​ស្រាប់​ហើយ​ថា មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​អារម្មណ៍​ជាមួយ​ក្លិន​ទឹក​អប់​នោះ​ទេ។ មាន​អ្នក​ខ្លះ​ប្រតិកម្ម​នឹង​ក្លិន​ទឹក​អប់​ណា​មួយ ឬ​ទាំង​អស់​តែ​ម្ដង។

ដូច្នេះ​បើ​មាន​អ្នក​យក​ទឹក​អប់​មក​បាញ់​ផ្ទាល់​នៅ​លើ​យន្ត​ហោះ ក្លិន​របស់​វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​ដំណើរ​ដទៃ ហើយ​គ្រោះថ្នាក់​សុខភាព​នៅ​លើ​យន្តហោះ​មិន​មែន​ងាយ​ដោះស្រាយ​ដូច​នៅ​លើ​ដី​ឡើយ។

២. ស្លៀក​ពាក់​រឹប​ពេក៖

ពេល​ធ្វើ​ដំណើរ​តាម​យន្តហោះ អ្នក​គួរ​ចៀសវាង​ការ​ស្លៀក​ពាក់​តឹង​ឬ​រឹប​ពេក ជា​ពិសេស​សម្រាប់​អ្នក​ដែល​ត្រូវ​ធ្វើ​ដំណើរ​លើស​ពី​៤​ម៉ោង។ អ្នក​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​អាច​នឹង​មាន​អាការៈ​ឈាម​រត់​​មិន​ស្រួល ឬ​ស្ទះ​សរសៃ​ឈាម​នៅ​ផ្នែក​ជើង ដែល​អាច​បណ្ដាល​ឱ្យ​ទៅ​ជា​ហើម​ជើង​បន្តិច។

ដូច្នេះ​បើ​ស្លៀក​ពាក់​តឹង​ពេក វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព​ក្នុង​ពេល​នោះ។ ដើម្បី​ជៀសវាង​អាការៈ​ស្ទះ​នេះ អ្នក​គួរ​ស្លៀកពាក់​បែប​រលុងៗ ​ធ្វើ​ម៉េច​ស្រួល​ខ្លួន​សម្រាប់​ខ្លួន​ឯង ហើយ​អាច​ងើប​ដើរ​ទៅ​បន្ទប់​ទឹក​ញឹកញាប់​សម្រាប់​អ្នក​ដែល​ងាយ​នឹង​កើត​បញ្ហា​នេះ។

៣. ស្លៀក​ពាក់​រញ៉េរញ៉ៃ​ពេក៖

អ្នក​ត្រូវ​ដឹង​ថា បង្គន់​នៅ​ក្នុង​យន្តហោះ​មាន​ទំហំ​តូច​​ខ្លាំង​ណាស់។ ដូច្នេះ​បើ​អ្នក​ពាក់​ខោ​អាវ​ដែល​ស្មុគស្មាញ មាន​ច្រើន​ជាន់ ឬ​ស្លៀក​អៀម​ខោ​ អ្នកអាច​នឹង​ពិបាក​ក្នុង​ពេល​ស្រាត​ខោ​បត់​ជើង។ ត្រូវ​ចងចាំ​ថា សម្លៀកបំពាក់​ដែល​មាន​ឡេវ​ច្រើន ឬ​រូត នឹង​មិន​ធ្វើ​ឱ្យ​អ្នក​មាន​ផាសុកភាព​ឡើយ​ក្នុង​ពេល​ហោះហើរ។

៤. ពាក់​​របស់របរ​ដែល​ធ្វើ​ពី​លោហៈ៖

វា​មិន​មែន​ជា​រឿង​ភ្ញាក់​ផ្អើល​ទេ ដែល​ថា​​​គ្រឿង​អលង្ការ​ធ្វើ​ពី​លោហៈ​អាច​នាំ​ឱ្យ​មាន​បញ្ហា​ក្នុង​ពេល​​ឆែកឆេរ​មុន​ឡើង​យន្តហោះ​នោះ ព្រោះ​អ្នក​អាច​នឹង​ធ្លាប់​ឮ​ខ្លះ​ពី​រឿង​នេះ​ថា រាល់​​របស់​របរ​ដែល​មាន​ជាតិ​លោហៈ​នឹង​មិន​​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​យក​ឡើង​យន្តហោះ​បាន​ទេ។

បើ​គ្រាន់​តែ​ជា​ស្បែកជើង ឬ​គ្រឿង​អលង្ការ​ដែល​ធ្វើ​ពី​លោហៈ​ត្រូវ​បាន​គេ​ឆែកឃើញ​ ហើយ​ហាម​​យក​ឡើង​យន្តហោះ អ្នក​អាច​ដោះ​វា​ចេញ​បាន ប៉ុន្តែ​សម្រាប់​សម្លៀកបំពាក់​មួយចំនួន​ដែល​មាន​ឡេវ ឬ​ខ្សែ​រូត​ធ្វើ​ពី​លោហៈ​ដែរ​នោះ អ្នក​ច្បាស់​ជា​ពិបាក​មិន​ខាន។ ដូច្នេះ​ត្រូវ​ពិនិត្យ និង​ជ្រើសរើស​សម្លៀកបំពាក់ និង​គ្រឿង​ដាក់​តាម​ខ្លួន​ឱ្យ​បាន​ច្បាស់​លាស់​ ចៀសវាង​មាន​បញ្ហា។

៥. ពាក់​ Contact Lense៖

ក្នុង​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស ​មាន​ភាគ​រយ​ខ្ពស់​ណាស់​ដែល​អាច​នាំ​ឱ្យ Lense ដែល​ពាក់​ក្នុង​ភ្នែក​របស់​អ្នក​ទៅ​ជា​ស្ងួត និង​បណ្ដាល​ឱ្យ​រមាស់​ភ្នែក។ ដូច្នេះ បើ​អ្នក​ត្រូវ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ គួរ​ប្រើ​វ៉ែន​តា​ជំនួស​ Lense ដាក់​ភ្នែក​ទើប​មាន​សុវត្ថិភាព។

៦. ស្បែក​ជើង​កែង៖

សន្តិសុខ​ខាង​ប្រលានយន្តហោះ​នឹង​ស្នើ​សុំ​ឱ្យ​ដោះ​ស្បែក​ជើង​កែង និង​ស្បែក​ជើង​​ឃ្លុប​ផ្សេងៗ​ចេញ​ នៅ​ពេល​ឆែកឆេរ​សុវត្ថិភាព ព្រោះ​ស្បែក​ជើង​ទាំង​នេះ​អាច​មាន​កន្លែង​លាក់​របស់​គ្រោះថ្នាក់​។ មិន​ត្រឹម​តែ​ប៉ុណ្ណេះ បើ​ស្បែក​ជើង​អ្នក​ធ្វើ​ពី​លោហៈ​ទៀត អ្នក​នឹង​មិន​អាច​យក​វា​ឡើង​ទៅ​លើ​ជាមួយ​បាន​ឡើយ។

ដូច្នេះ​ដើម្បី​ជៀសវាង​បញ្ហា ឬ​បណ្ដាល​ឱ្យ​ឈឺ​ ពេល​​ហើម​ជើង​ដូច​រៀបរាប់​ខាង​លើ គួរ​កុំ​ជ្រើស​យក​ស្បែក​ជើង​ប្រភេទ​នេះ​អី។

៧. សម្លៀក​បំពាក់​ដែល​មាន​អក្សរ​មិន​សមរម្យ៖

តិច​មិន​ជឿ? ប៉ុន្តែ​ធ្លាប់​មាន​ករណី​ច្រើន​​មកហើយ ដែល​អ្នក​ដំណើរ​ត្រូវ​បាន​ហាម​ឃាត់​ មិន​ឱ្យ​ហោះហើរ​ដោយ​សារ​តែ​​ពាក់​សម្លៀកបំពាក់​ដែល​មាន​សរសេរ​អក្សរ​មិន​សមរម្យ​ដូច​ជា​ ពាក្យ​ចម្អេះ​ចំអាស ពាក្យ​ជេរ ឬ​ពាក្យ​មើលងាយ​ រើស​អើង​ណា​មួយ​ក៏​ដោយ។

យក​ល្អ គួរ​ស្លៀក​សម្លៀកបំពាក់​លាត ​ផ្កា ឬ​ប្រាកដ​ថា​គ្មាន​ពាក្យ​អវិជ្ជមាន​ទាំង​នេះ​ឡើយ។

ចុចអាន៖

ប្រភព៖ Brightside | cheatsheet ប្រែ​សម្រួល៖ សរ សុគន្ធី