បើ​កំពុង​មាន​អារម្មណ៍​ថា​ស្អប់ខ្លួនឯង ហើយ​ឃើញ​គេ​ល្អ​ជាង​ខ្លួន អាន​អត្ថបទនេះ​អ្នក​នឹង​អាច​យល់

  • 2018-06-20 07:08:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជឿថា​មាន​មនុស្ស​មិន​តិច​ទេ​ដែល​កំពុង​មាន​អារម្មណ៍​ស្អប់​ខ្លួន​ឯង ហើយ​គិត​ថា​ខ្លួន​ឯង​មិន​ល្អ​គ្រប់គ្រាន់។ យ៉ាង​ណា​ក៏​ដោយ​បើ​អ្នក​ពេល​នេះ កំពុង​តែ​បោះបង់​ខ្លួន​ឯង​ចោល គួរ​តែ​ចំណាយ​ពេល​អាន​អត្ថបទ​នេះ ទោះ​មិន​អាច​ជួយ​ឲ្យ​អ្នក​ល្អ​លើស​គេ តែ​វា​អាច​ឲ្យ​អ្នក​ស្រឡាញ់​ខ្លួន​ឯង​ខ្លះ។

១. អ្នក​ល្អ​គ្រប់គ្រាន់​ហើយ ព្រោះ​អ្នក​ជា​អ្នក បើ​អ្នក​ដូច​អ្នក​ផ្សេង​នោះ​មិន​មែន​ជា​អ្នក​ទេ។ គ្រប់​គ្នា​សុទ្ធ​តែ​មាន​ភាព​ល្អ​រៀង​ខ្លួន គ្រាន់​តែ​មិន​ដូច​គ្នា​តែ​ប៉ុណ្ណោះ ដូច្នេះ​កុំ​គិត​ថា​អ្នក​អន់ ហើយ​គេ​ល្អ​ជាង​អ្នក​អី។

រូបតំណាង

**២.** អ្នក​ល្អ​គ្រាន់​គ្រាន់​ហើយ ព្រោះ​យ៉ាង​ហោច​ណាស់​អ្នក​បាន​រស់​នៅ​ក្នុង​ពិភព​លោក​នេះ ខណៈ​មនុស្ស​ជា​ច្រើន​ទៀត​មិន​ដឹង​នៅ​ឯណា។ ហេតុអី ត្រូវ​បន្ទោស​វាសនា​ដែល​តម្រូវ​ឲ្យ​អ្នក​ជួប​ជីវិត​មិន​ល្អ? អ្វី​ដែល​អ្នក​ត្រូវ​បន្ទោស​គឺ​បន្ទោស​ខ្លួន​ឯង​ដែល​មិន​ប្រើ​ពេល​ឲ្យ​មាន​តម្លៃ បែរ​ជា​អង្គុយ​យក​ខ្លួន​ឯង​ទៅ​ប្រៀប​នឹង​គេ​វិញ។

៣. ទោះ​បី​ជីវិត​នេះ​សោះកក្រោះ​បន្តិច​មែន តែ​ភាព​សោះកក្រោះ​នេះ​បាន​បង្រៀន​ឲ្យ​អ្នក​រឹង​មាំ​ច្រើន​ណាស់។ បង្រៀន​ឲ្យ​អ្នក​ចេះ​រស់​នៅ​បាន​ដោយ​ខ្លួន​ឯង បង្រៀន​អ្នក​ឲ្យ​យល់​ពី​រសជាតិ​ជីវិត​បាន​យ៉ាង​គ្រប់សព្វ ទាំង​អ្នក​ខ្លះ​មិន​ដែល​ស្គាល់​ដើម​ស្រូវ​មាន​រូបរាង​បែប​ណា​ផង។

រូបតំណាង

៤. ត្រូវ​គិត​ថា​ខ្លួន​ឯង​ល្អ​ណាស់​ទៅ​ហើយ ដែល​អាយុ​ជាង​២០​ឆ្នាំ ៣០​ឆ្នាំ អ្នក​មាន​បទពិសោធន៍​ជីវិត​ច្រើន អាច​មាន​ការងារ​មួយ​ដែល​អាច​ឲ្យ​អ្នក​ផ្គត់ផ្គង់​ខ្លួន​ឯង​បាន​ដោយ​មិន​បាច់​ពឹង​លើ​អ្នក​ណា។ ទោះ​បី​អ្នក​គ្មាន​ឡាន​ជិះ គ្មាន​ផ្ទះ​នៅ​ធំ​ស្កឹមស្កៃ​មែន តែ​នេះ​ជា​អ្វី​ដែល​អ្នក​រក​មក​ពី​កម្លាំង​ ញើស​ឈាម​អ្នក។

៥. បើ​មាន​អ្នក​រិះ​គន់​អ្នក អ្នក​គួរ​តែ​ត្រេក​អរ ព្រោះ​នោះ​សុទ្ធ​តែ​ជា​ជោគជ័យ​ដែល​ពួក​គេ​បាន​ផ្ដល់​ឲ្យ​អ្នក។ គេ​រិះ​គន់​អ្នក ដោយ​សារ​គេ​ចាប់​អារម្មណ៍​អ្នក គេ​រិះគន់​អ្នក​ដោយ​សារ​គេ​មើល​អ្នក គេ​សង្កេត​អ្នក ដូច្នេះ​អ្នក​ជា​មនុស្ស​ពិសេស​ម្នាក់​ដែល​ធ្វើ​ឲ្យ​អ្នក​រិះគន់​ទាំង​នេះ គាំទ្រ​អ្នក​មិន​ដឹង​ខ្លួន។

៦. ត្រូវ​ទន្ទេញ​ពាក្យ​ថា​« ខ្ញុំ​​ជា​មនុស្ស​ឆ្លាត ពូកែ​គ្រប់គ្រាន់​​ហើយ​សម្រាប់​ខ្លួន​ខ្ញុំ»។ ពាក្យ​នេះ​បញ្ជាក់​ថា​អ្នក​បាន​ឲ្យ​តម្លៃ​ខ្លួន​ឯង ហើយ​មិន​យក​ខ្លួន​ឯង​​ទៅ​ប្រៀប​ធៀប​ជាមួយ​អ្នក​ណា។ ត្រូវ​ចាំ​ណា​ទោះ​ខ្លួន​ឯង​ស្ថិត​ក្នុង​ចំណុច​ទាប​ប៉ុណ្ណា​ក៏​ដោយ​ ក៏​កុំ​បោះបង់​ខ្លួន​ឯង​ចោល។

រូបតំណាង

ពេល​ខ្លះ​បើ​ចេះ​តែ​គិត​ថា​ខ្លួន​ឯង​មិន​ល្អ​នេះ មិន​ល្អ​នោះ ជីវិត​នេះ​អ្នក​មិន​អាច​រក​ក្ដី​សុខ​ឃើញ​ទេ ហើយ​អ្នក​នឹង​បង្កើត​ទម្លាប់​ច្រណែន​រហូត​គ្មាន​ថ្ងៃ​កែ​បាន៕

ចុចអាន៖មេរោគ​ក្នុង​ចិត្ត​៥​យ៉ាង​​ នាំ​ឱ្យ​ជីវិត​អ្នក​មិន​អាច​រីករាយ​បាន​ដូច​គេ

ប្រភព៖ thoughtcatalog ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម