ទម្លាប់​ល្អ​ទាំង ៨ ជួយ​អ្នក​ឲ្យ​ស្រីៗ​មាន​សុខភាព​ល្អ​ដោយ​មិន​បាច់​ប្រឹង

  • 2018-06-17 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​អាច​រក​ឃើញ​គន្លឹះ​តាម​អ៊ីនធឺណិត​រាប់​លាន​លើ​របៀប​ថែរក្សា​សុខភាព ប៉ុន្តែ​មាន​មនុស្ស​តិចតួច​ប៉ុណ្ណោះ​ដែល​គិត​ថា​មកពី​មាន​ទម្លាប់​ល្អ​ៗ ទើប​អាច​ជួយ​ឲ្យ​ពួកគេ​សុខ​សប្បាយ គ្មាន​ជំងឺ​ប្រចាំ​កាយ​បាន។ កញ្ញា សូម​បង្ហាញ​ពី​ទម្លាប់​ល្អ​ៗ ជួយ​អ្នក​ឲ្យ​មាន​សុខភាព​ល្អ​ដោយ​មិន​បាច់​ប្រឹង៖

១.បញ្ឈប់​ការ​កើន​ឡើង​កាឡូរី

ការសិក្សា​កន្លង​មក​បាន​ឲ្យ​ដឹង​ថា អាហារ​កែច្នៃ និង​ភេសជ្ជៈ​មាន​ជាតិ​ស្ករ អាច​ធ្វើឲ្យ​កើន​ឡើង​កាឡូរី​យ៉ាង​ខ្លាំង។ អ្នកស្រាវជ្រាវ​នៅ​សាលា​អាហារូបត្ថម្ភ​សុខភាព​សាធារណៈ Harvard  បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​កំណត់​នូវ​អ្វី​គួរតែ​ទទួល គឺ​ដើម្បី​រក្សា​ទម្ងន់ និង​ធ្វើឲ្យ​សុខភាព​ល្អ។

២.យក​បន្លែ​ផ្លែឈើ ជំនួស​សាច់

ផ្លែឈើ និង​បន្លែ​គឺជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​សរសៃ​ទឹក។ ខាង​ វិទ្យាសាស្ត្រ​ស្រាវជ្រាវ និង​អាហារូបត្ថម្ភ​នៅ​សាកលវិទ្យាល័យ Minnesota សហរដ្ឋអាមេរិក​បាន​ចង្អុល​បង្ហាញ​ថា ប្រសិនបើ​មាន​ផ្លែឈើ-បន្លែ ច្រើន​ទៅ​ក្នុង​ម្ហូប​នោះ សុខភាព​នឹង​ប្រសើរ​ឡើង។ ជាតិ​សរសៃ​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​អត្រា​ថយ​ចុះ​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង និង​ការ​ធាត់ ហើយ​វា​ក៏​មាន​សារធាតុរ៉ែ ដែល​អាច​ប្រឆាំង​អុកស៊ីតកម្ម។

៣.បរិភោគ​អ្វី​ដែល​អ្នក​ចង់ និង​ញ៉ាំ​នៅ​ពេល​ឃ្លាន

ជួនកាល​អ្នក​សម្រេចចិត្ត​ជៀសវាង​អាហារ​មួយ​ចំនួន ព្រោះ​គិត​ថា​វា​អាច​នាំ​ឲ្យ​ធាត់ ប៉ុន្តែ​អ្នក​មិន​អាច​ជៀស​បាន​រហូត​ទេ គ្រាន់តែ​ញ៉ាំ​បន្តិចបន្តួច​ទៅ​បាន​ហើយ។ ដើម្បី​រក្សា​សុខភាព​ឲ្យ​នៅតែ​រឹងមាំ គួរ​ញ៉ាំ​អ្វី​ដែល​ចង់ តែ​មិនមែន​ញ៉ាំ​យក​មួយ​ឆ្អែត​ណែន។ ធ្វើ​បែបនេះ នឹង​បន្ថយ​ចំណាប់​អារម្មណ៍​លើ​ចំណី​អាហារ​ដទៃ។

៤.ពង្វាង​ចិត្ត

ប្រសិនបើ​អ្នក​ពិតជា​ចង់​ញ៉ាំ​អ្វី​ដែល​មិន​ល្អ​ចំពោះ​សុខភាព ដើម្បី​បញ្ឆោត​ខួរក្បាល​លែង​ឲ្យ​ចង់​ញ៉ាំ ចូរ​ផឹក​ទឹក​ត្រជាក់​មួយ​កែវ​សិន។ ដូច្នេះ​អារម្មណ៍​ឆ្អែត​នឹង​លេច​ឡើង​លឿន​ជាង​មុន ហើយ​អ្នក​អាច​បញ្ឈប់​ការ​ចង់។

៥.ដើរ ២ នាទី​រៀងរាល់​ម៉ោង

បើ​អ្នក​មាន​ការងារ​ត្រូវ​ធ្វើ​ច្រើន​ម៉ោង គួរ​កុំ​អង្គុយ​រហូត​អី ក្រោកឈរ​ឡើង ហើយ​ដើរ​ចុះ​ដើរ​ឡើង។ ការសិក្សា​មួយ​របស់​សាកលវិទ្យាល័យUtah Health បាន​រក​ឃើញ​ថា ការ​ចូលរួម​របស់​សកម្មភាព​អាំងតង់ស៊ីតេ​ទាប​ដូចជា​ការ​ឈរ​មិន​អាច​ទូទាត់​សង​នូវ​គ្រោះថ្នាក់​សុខភាព ដែល​បង្ក​ដោយ​ភាព​តានតឹង​ក្នុង​ការងារ​បាន​ទេ។ អ្នក​គួរ​រក្សា​ទម្លាប់​ដើរ​រយៈពេល ២ នាទី ក្នុង​មួយ​ម៉ោង ដើម្បី​បង្កើន​សកម្មភាព​រាងកាយ។

៦.កុំ​ពិសា​អាហារ​សម្រន់​ក្នុង​កញ្ចប់

អ្នក​អាច​ញ៉ាំ​នំ​កញ្ចប់ ឬ​ស្ករ​គ្រាប់​បាន​យ៉ាង​ច្រើន បើ​អ្នក​ញ៉ាំ​ផ្ទាល់​ក្នុង​កញ្ចប់​ធំ​ៗ​តែ​ម្ដង។ ដូចនេះ​ចូរ​ ចាក់​វា​ដាក់​ក្នុង​កូន​ចាន ឬ​រំលែក​ទៅ​ថង់​តូច​ៗ វា​នឹង​ជួយ​ទប់​ការ​ញ៉ាំ​បាន​ខ្លះ។

៧.ដូរ​ទម្លាប់​គេង

ជា​ធម្មតា​អ្នក​គេង​នៅ​ម៉ោង ១០ យប់ តែ​ទម្រាំ​រៀបចំ ឬ​គេង​លក់ យ៉ាងហោចណាស់​ក៏ ១០ កន្លះ ទៅ​ម៉ោង ១១ ដែរ។ ប្រសិនបើ​អ្នក​ចង់​ចូល​គេង​ឲ្យ​បាន​លឿន ចូរ​ទៅ​លើ​គ្រែ​មុន​ពេល​កំណត់ ១០ នាទី នោះ​វា​អាច​ជួយ​ឲ្យ​អ្នក​គេង​បាន​ពេញ​ភ្នែក។

៨.បន្ថយ​ស្ករ

បរិមាណ​ស្ករ​ច្រើន​នៅ​ក្នុង​អាហារ​ធ្វើឲ្យ​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី ២ ខ្ពស់។ ការស្រាវជ្រាវ​ដោយ​វេជ្ជបណ្ឌិត Caroline M. Apovian បាន​ចុះផ្សាយ​ក្នុង​ទស្សនាវដ្ដី Jama បង្ហាញ​ពី​ទំនាក់ទំនង​រវាង​ភេសជ្ជៈ​ជាតិ​ស្ករ និង​អត្រា​ធាត់​ចំពោះ​កុមារ។ ជាតិ​ស្ករ​ច្រើន​នាំ​ឲ្យ​ងាយ​ធាត់ អ្នក​ជំនាញ​សុខភាព​ណែនាំ​សម្រាប់​ការ​ទទួលទាន​ជាតិ​ស្ករ​ប្រចាំថ្ងៃ ៦ ស្លាបព្រា​កាហ្វេ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ស្ត្រី និង ៩ សម្រាប់​បុរស៕

ចុចអាន៖តិចនិក​ជួយ​អ្នក​ម្តាយ​ទើប​សម្រាលកូន​រួច​ផ្លាស់​ប្តូរ​សាច់​ឈាម​ស្អាត​ឡើង​វិញ

ប្រភព៖ afamily ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម