២៥​ឆ្នាំ​​របស់​មនុស្ស​ស្រីជា​វ័យ​​ត្រូវ​រឹងមាំ និង​ឯករាជ្យ មិន​មែនវ័យត្រូវរត់តាមស្នេហាទេ

  • 2018-06-14 05:04:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

២៥​ឆ្នាំ​ទៅ​ហើយ​អ្នក​មិន​អាច​នៅ​តែ​ត្រូវ​ការ​ការ​ពារ និង​ថ្នាក់ថ្នម​ពី​អ្នក​ដទៃ​ដូច​ក្មេង​ទៀត​បាន​នោះ​ទេ ប៉ុន្តែ​ភាព​ចាស់​ទុំ​អ្នក​ត្រូវ​តែ​មាន។

មក​ដល់​សម័យ​នេះ​ទៅ​ហើយ កូន​ស្រី​គឺ​លែង​សូវ​មាន​ការ​អៀន​ប្រៀន​ច្រើន​​ទៀត​ហើយ ហើយ​ការ​ផ្ដោត​ទៅ​លើ​រឿង​មនុស្ស​ប្រុស​វិញ​កាន់​តែ​ឆ្ងាយ​ទៅ​ៗ​ទៀត​ ព្រោះ​មនុស្ស​ស្រី​ពេល​នេះ​មិន​មែន​ចាំ​តែ​ផ្ញើ​វាសនា​អនាគត​ខ្លួន​ទៅ​លើ​មនុស្ស​ប្រុស​ទាំង​ស្រុង​ទៀត​ឡើយ។

រូបតំណាង

ជា​ទូទៅ​មនុស្ស​ស្រី​ភាគ​ច្រើន​អង្គុយ​នៅ​ហាង​កាហ្វេ​គឺ​តែង​និយាយ​ពី​បញ្ហា​មនុស្ស​ប្រុស​ដែល​ខ្លួន​បាន​ស្គាល់ ឬ​មនុស្ស​ប្រុស​ដែល​កំពុង​តាម​ស្រឡាញ់​នាង ឬ​មនុស្ស​ប្រុស​ដែល​នាង​លង់​ស្រឡាញ់​ជា​ដើម ខណៈ​មនុស្ស​ប្រុស​អង្គុយ​និយាយ​ជា​ពី​រឿង​ការងារ ការ​រក​ស៊ី​ ឬ​រឿង​ផ្សេង​ទៀត។

បែប​នេះ​ហើយ​ទើប​មនុស្ស​ស្រី​មើល​ទៅ​អន់​ជាង​មនុស្ស​ប្រុស ហើយ​ត្រូវ​បាន​សង្គម​មនុស្ស​ជា​ច្រើន​លើក​ឡើង​ថា​មនុស្ស​ស្រី​មិន​បាច់​ចេះ​អី​ក៏​បាន ព្រោះ​មុន​នឹង​ក្រោយ​គង់​តែ​ពឹង​លើ​ប្ដី​ដដែល។

មនុស្ស​ស្រី​គ្រប់​គ្នា​ត្រូវ​ចាំ​ណា​វ័យ​ ២៥​ឆ្នាំ ជា​វ័យ​ដែល​អ្នក​ត្រូវ​ធ្វើ​ជា​មនុស្ស​ស្រី​ដ៏​រឹងមាំ​ម្នាក់​ ឯក​រាជ្យ​ម្នាក់ ដោយ​មាន​ការងារ​ល្អ​មួយ មាន​ស្ថេរភាព​រឿង​លុយ​កាក់ និង​រស់​នៅ​ដោយ​មិន​បាច់​លើ​ការ​ជួយ​របស់​អ្នក​ណា។

អ្នក​មិន​បាច់​ព្យាយាម​តែង​ខ្លួន​ស្អាត​ពេក​ទេ បើ​អ្នក​សូម្បី​តែ​លុយ​ក៏​ត្រូវ​សុំ​ពី​គេ​មក​ទិញ​គ្រឿង​សម្អាង​នោះ។ ស្អាត​ដើម្បី​តែ​ចង់​រក​បាន​មនុស្ស​ប្រុស​ល្អ​ម្នាក់​នោះ អ្នក​គ្មាន​ថ្ងៃ​បាន​ដូច​បំណង​ឡើយ ព្រោះ​មនុស្ស​ប្រុស​ល្អ​គេ​នឹង​ស្វែង​រក​មនុស្ស​ស្រី​ល្អ​ដូច​គ្នា។

២៥​ឆ្នាំ មិន​បាច់​ខ្លាច​ថា​គ្មាន​អ្នក​ណា​ស្រឡាញ់​នោះ​ទេ ព្រោះ​បើ​អ្នក​រឹងមាំ​ មនុស្ស​ប្រុស​នឹង​ដើរ​មក​រក​អ្នក​ដោយ​ឯងៗ។ វ័យ​នេះ​អ្នក​ច្បាស់​ណាស់​នឹង​មាន​ស្នេហា​ តែ​កុំ​​បណ្ដោយ​ឲ្យ​វ័យ​ ២៥​ឆ្នាំ​អ្នក​ជា​វ័យ​ដែល​ងប់ងុល​នឹង​ស្នេហា ផ្លាស់ប្ដូរ​ខ្លួន​ឯង​ដើម្បី​តែ​ស្នេហា និង​លះបង់​រឿង​ដែល​នៅ​សល់​ជា​ច្រើន​ទៀត​ដើម្បី​តែ​ស្នេហា។

រូបតំណាង

ជំនួស​​ឲ្យ​ការ​ចំណាយ​ពេល​គិត​លើ​រឿង​មនោសញ្ចេតនា អ្នក​គួរ​តែ​យក​ពេល​នោះ​ទៅ​ ហាត់​ប្រាណ ដើរ​តាម​សួន ដើម្បី​ឲ្យ​សុខភាព​ល្អ​វិញ​ប្រសើរ​ជាង។ ជំនួស​ឲ្យ​ការ​ខូចចិត្ត​ព្រោះ​ត្រូវ​គេ​ក្បត់​ចិត្ត អ្នក​គួរ​តែ​យក​ពេល​ដែល​អ្នក​ត្រូវ​ដេក​យំ​នោះ ទៅ​រៀន​នៅ​ជំនាញ​ណា​មួយ​ដែល​អាច​ជួយ​អ្នក​ឲ្យ​រក​លុយ​បាន​វិញ​ទើប​ប្រសើរ ព្រោះ​ពេល​នោះ​អ្នក​នឹង​អាច​ផ្គត់ផ្គង់​សម្រស់​ខ្លួន​ឯង​បាន។

ជំនួស​ឲ្យ​ការ​ហិចហើរ ល​លេង​នឹង​ល្បែង​ស្នេហា​អត់​ប្រយោជន៍ អ្នក​គួរ​តែ​យក​ពេល​នោះ​ធ្វើ​ខ្លួន​ឲ្យ​ច្បាស់​លាស់ និង​ពិត​ប្រាកដ​មួយ​សម្រាប់​អនាគត​ខ្លួន​ឯង និង​គ្រួសារ​ ព្រោះ​មនុស្ស​ប្រុស​ល្អ​គេ​មិន​យក​ភ្នែក​មើល​អ្នក​ទេ បើ​អ្នក​នៅ​តែ​រសាត់​គ្មាន​ទិស​ដៅ។

មនុស្ស​ស្រី​ដែល​ចូល​វ័យ​ ២៥​ឆ្នាំ មិន​ទាន់​រៀប​ការ​គឺ​គ្មាន​អី​ត្រូវ​ភ័យ​នោះ​ទេ សំខាន់​បំផុត​អ្នក​អាច​ធ្វើ​ឲ្យ​ជីវិត​អ្នក​រីករាយ ស្រស់​ស្អាត និង​ជួយ​ជ្រោមជ្រែង​គ្រួសារ​ឲ្យ​បាន​ខ្ពង់ខ្ពស់។ កុំ​គិត​ថា​មនុស្ស​ស្រី​ត្រូវ​តែ​ឆាប់​រៀបការ​នោះ ព្រោះ​បើ​រៀប​ការ​ទាំង​ខ្លួន​គ្មាន​អី​សោះ នោះ​ជីវិត​អ្នក​នឹង​ចាញ់​ប្រៀប​គេ​រហូត ហើយ​អនាគត​កូនៗ​អ្នក​ក៏​មិន​ប្រាកដ​ថា​អាច​ល្អ​ដូច​កូន​ៗ​គេ​ដែរ។

រូបតំណាង

រៀប​ចំ​ខ្លួន​ឲ្យ​ល្អ ធ្វើ​ជីវិត​ឲ្យ​រឹងមាំ នោះ​វ័យ​២៥ឆ្នាំ​អ្នក​ នឹង​ស្រស់​ស្អាត​ជាទី​បំផុត៕

ចុចអាន៖កូន​ស្រី​​បើ​ចង់​រស់​នៅ​ក្នុង​ជីវិត​ដ៏​ស្រស់​ស្អាត​បំផុត​នោះ​ គួរ​​អប់រំ​​ខ្លួន​ឲ្យ​​មាន​ ២​ចំណុច​នេះ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម