ទម្លាប់​អាក្រក់​ដែល​ធ្វើ​ឲ្យ​ស្បែក​ក្បាល​នៅ​តែ​ប្រេង​ខ្លាំង ទោះ​បី​ជា​​មើល​ថែ​បាន​ដិត​ដល់​ក៏​ដោយ

  • 2018-06-13 02:18:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ទម្លាប់​ប្រចាំ​ថ្ងៃ​មួយ​ចំនួន ដែល​ជា​មូលហេតុ​បណ្ដាល​ឲ្យ​ស្បែក​ក្បាល​របស់​យើង​ឆាប់​ឡើង​ប្រេង ស្អិត​សក់​ទោះ​បី​ជា​ឧស្សាហ៍​កក់​សក់​ក៏ដោយ។

ក្នុង​រដូវ​ក្ដៅ គ្មាន​អ្វី​ធ្វើ​ឲ្យ​មួម៉ៅ​ជាង សក់​ស្អិត​ចូល​គ្នា ហើយ​ស្បែក​ក្បាល​ឡើង​សុទ្ធ​តែ​ប្រេង​នោះ​ឡើយ។ ពេល​ខ្លះ​ទោះ​បី​ជា​យើង​ថែ​សក់​បាន​ល្អ​ក៏​ដោយ​ក្ដី តែ​មិន​ទាន់​ចប់​មួយ​ថ្ងៃ​ផង សក់​ក៏​ឡើង​ប្រេង​ទៀត​ទៅ​ហើយ។ ខណៈ​មនុស្ស​មួយ​ចំនួន​ជួប​បញ្ហា​នេះ ដោយ​សារ​តែ​កត្តា​ធម្មជាតិ​នោះ ក៏​មាន​មនុស្ស​មិន​តិច​ដែរ ដែល​​សក់​ឡើង​ប្រេង​ដោយ​សារ​តែ​ទម្លាប់​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

ឧស្សាហ៍​​ស្ត្រេស

ស្ត្រេស​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​យើង​ឡើង​មុន​នោះ​ទេ វា​ក៏​ធ្វើ​ឲ្យ​ស្បែក​ក្បាល​ឆាប់​ចេញ​ជាតិ​ប្រេង​ផង​ដែរ។ ស្ត្រេស​យូរ​អង្វែង នឹង​ធ្វើ​ឲ្យ​អ័រម៉ូន​ខុស​ប្រក្រតី ធ្វើ​ឲ្យ​ស្បែក​មុខ និង​ស្បែក​ក្បាល​ឡើង​ខ្លាញ់​ច្រើន និង​រមាស់។ ដើម្បី​កាត់​បន្ថយ​​បញ្ហា​នេះ អ្នក​គួរ​ហាត់​ប្រាណ និង​ចំណាយ​ពេល​សម្រាក​ឲ្យ​បាន​ច្រើន​ជាង​មុន។

ឧស្សាហ៍​កក់​សក់​ខ្លាំង​ពេក

អ្នក​ខ្លះ​គិត​ថា​ឧស្សាហ៍​កក់​សក់ សក់​នឹង​មិន​ឡើង​ប្រេង​ តែ​ការ​គិត​នេះ​គឺ​ខុស​ទាំង​ស្រុង។ នៅ​ពេល​ដែល​យើង​ឧស្សាហ៍​កក់សក់ នោះ​ស្បែក​ក្បាល​នឹង​ស្ងួត ដូច​នេះ នៅ​ពេល​នេះ​ស្បែក​ក្បាល​នឹង​ព្យាយាម​បញ្ចេញ​ប្រេង​ដើម្បី​ផ្ដល់​សំណើម​ដល់​ស្បែក​ក្បាល​វិញ។ អាស្រ័យ​ហេតុ​នេះ ក្នុង​១​សប្ដាហ៍ មិន​គួរ​កក់​សក់​លើស​ពី​៣​ដង​ឡើយ។

ប្រើ​ផលិតផល​សក់​ខុស

មាន​ផលិតផល​ថែ​រក្សា​សក់​ជា​ច្រើន​សម្រាប់​ប្រភេទ​សក់​ផ្សេង​ៗ​គ្នា។ បើ​សិន​ជា​អ្នក​មាន​សក់​ប្រេង មិន​គួរ​ប្រើ​សាប៊ូ ឬ​ក្រែម​បន្ទន់​ដែល​មាន​សារជាតិ​បំប៉ន​ច្រើន​ពេក​នោះ​ទេ ព្រោះ​វា​កាន់​តែ​ធ្វើ​ឲ្យ​សក់​ងាយ​ឡើង​ប្រេង​បន្ថែម​ទៀត។ គួរ​ជ្រើស​ប្រើ​ផលិតផល​ដែល​សម្រិតសម្រាំង​ឡើង​សម្រាប់​សក់​ប្រេង ហើយ​មិន​មាន​ជាតិ​បំប៉ន​ច្រើន​ពេក។

ឧស្សាហ៍​ស្ទាប​សក់​ពេក

ដៃ​របស់​យើង​មួយ​ថ្ងៃ​ៗ គឺ​ពោរពេញ​ដោយ​ធូលី​ដី ញើស និង​មេរោគ​​ជា​ច្រើន។ បើ​សិន​ជា​យើង បូត ឬ​ស្ទាប​សក់​ច្រើន​ដង​ក្នុង​ថ្ងៃ កត្តា​ទាំង​នេះ​នឹង​ឆ្លង​ទៅ​សក់ ធ្វើ​ឲ្យ​សក់​ស្អិត និង​ឆាប់​ឡើង​ប្រេង​ជាង​អ្នក​ដែល​មិន​ស្ទាប​សក់។

មិន​​សូវ​សម្អាត​ក្រាស់​សិត​សក់

ក្រាស់​ដែល​យើង​ប្រើ​ប្រចាំ​ថ្ងៃ មិន​ត្រឹម​តែ​ផ្ទុក​ក្អែល​នោះ​ទេ គឺ​ថែម​ទាំង​មាន​ប្រេង​នៅ​លើ​វា​ទៀត​ផង។ នៅ​ពេល​ដែល​ក្រាស់​មិន​ស្អាតដូច​​នេះ យក​មក​សិតលើ​ក្បាល នោះ​ប្រេង​នឹង​ចម្លង​មក​លើ​សក់ ធ្វើ​ឲ្យ​សក់​ដែល​បាន​កក់​ស្អាត​ហើយ​នោះ ប្រែ​ជា​ឡើង​ប្រេង​ដដែល។ តាម​នោះ​ដែរ អ្នក​គួរ​សម្អាត​ក្រាស់​ជា​ប្រចាំ ល្អ​បំផុត​គឺ​១​សប្ដាហ៍​ម្ដង ឬ​រៀង​រាល់​ពេល​កក់​សក់៕  

ចុចអាន៖


ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel