ស្រីៗ​មុន​ទិញ​របស់​ថ្លៃ​ ប្រេនៗ​ ត្រូវ​ចេះ​សួរ​សំណួរទាំង​នេះ​​ទៅ​​ខ្លួន​ឯង​ជាមុន​សិន

  • 2018-06-12 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម័យ​​​នេះ​ ការ​​ប្រើ​ប្រាស់​សម្ភារ​​ផ្សេងៗ មិន​ថា​ជា​គ្រឿង​អេឡិចត្រូនិក កាបូប ស្បែក​ជើង ឬ​​មួយ​ក៏​សម្លៀកបំពាក់​​នោះ​​ទេ ភាគ​ច្រើន​​មាន​ការ​និយម​ទៅលើ​ម៉ាក​ល្បីៗ​​​ និង​​មាន​តម្លៃ​ថ្លៃៗ។ យ៉ាង​ណា​មិញ ​សម្ភារ​​និយម​ទាំង​​អស់​នោះ បាន​ធ្វើ​ឲ្យ​​មនុស្ស​​​​ខិត​ខំ​ប្រឹង​ប្រែង ប្រកួត​ប្រជែង​សំញែង​​​ដាក់​គ្នា ទាំង​ដែល​ពេល​ខ្លះ​​​ភ្លេច​​គិត​ថា ខ្លួន​ឯង​​​មិន​សល់​លុយ​ ដោយ​សារ​តែ​ការ​ខ្ជះខ្ជាយ​​លើ​របស់​​មិន​គួរ​​ចំណាយ​នោះ​ទាល់​តែ​សោះ​។ ដូច្នេះ​ហើយ ​​មុន​ទិញ​​អ្វី​មួយ​ដែល​មាន​តម្លៃ​ថ្លៃ​​ អ្នក​គួរ​​ធ្វើ​ការ​​ត្រិះរិះ​​​ពិចារណា​ និង​សួរ​ខ្លួន​ឯង​ជាមុន​សិន ដើម្បី​​ទប់​​ស្កាត់​​កុំ​​ឲ្យ​មាន​ការ​ចំណាយ​ហួស​ពី​សមត្ថភាព។

សំណួរ​ទី១៖ តើ​​អ្នក​ធ្លាប់​ទិញ​របស់​​នេះ​ដែរ​ទេ​ពី​មុន​មក?

ឧទាហរណ៍​ថា​​អ្នក​ចង់​ទិញ​ខោអាវ​​ថ្លៃ ត្រូវ​នឹក​​​គិត​មើល​ថា​នៅ​ផ្ទះ​​​​​មាន​​​​​ម៉ូដ​បែប​នេះ​​ហើយ​ឬនៅ បើ​មិន​​​ធ្លាប់​មាន​ទេ អ្នក​អាច​​​​បន្ត​ចូល​​ទៅ​​សំនួរ​ទី​​ ២​ បាន។ ប្រសិន​បើ​​ធ្លាប់​មាន​ហើយ ​ត្រូវ​ចង​​ចាំ​​ថា អ្នក​មិន​គួរ​ទិញ​​ឲ្យ​ជាន់​គរ​លើ​គ្នា​នោះ​ទេ លុះ​ត្រា​តែ​​​ខោអាវ​នោះ​​ប្រើ​ការ​លែង​កើត ព្រោះ​ជាក់​ស្តែង​បើ​​​​​​​​​មាន​ខោអាវ​ក្នុង​ទូ​កាន់​តែ​ច្រើន អ្នក​កាន់​តែ​មិន​សូវ​ស្លៀក អីចឹង​ទិញ​មក​ច្រើន​​​ពេក នាំ​ឲ្យ​​ចង្អៀត​ទូ កប់​ម៉ូដ​ហើយ​ខ្ជះខ្ជាយ​លុយ​ទៀត។

សំណួរ​ទី២៖ តើ​អ្នក​ជា​មនុស្ស​ចូល​ចិត្ត​​ទិញ​អីវ៉ាន់ ឬ​ក៏​​ញៀន​ជាមួយ​​សម្ភារ​និយម​ឬទេ?

នេះ​ជា​សំណួរ​ដ៏​សំខាន់​​​សម្រាប់​ស្រីៗ ឧទាហរណ៍​ថា អ្នក​ចង់​​ទិញ​​កាបូប​ដែល​​មាន​តម្លៃ​ដល់​ទៅ​រាប់​រយ​ ឬ​រាប់​ពាន់​ដុល្លារ តើ​អ្នក​ប្រាកដ​ទេ​ថា អ្នក​អាច​ប្រើ​វា​បាន​រាប់​ឆ្នាំ ហើយ​​ទប់​អារម្មណ៍​​កុំ​​ឲ្យ​ទិញ​បន្ត​ទៀត ទោះ​បី​ជា​មាន​ម៉ូដ​ចេញ​ថ្វី​ស្អាត​ៗ​ទាន់​សម័យ​​ប៉ុនណា​ក៏​ដោយនោះ? បើ​គិត​ថា​​ខ្លួន​ឯង​​ជា​មនុស្ស​ចូល​ចិត្ត​ផ្លាស់​ប្តូរ​ច្រើន​ ទៅ​តាម​ការ​និយម ដូច្នេះ​​គួរ​ទិញ​របស់​ណា​ដែល​មាន​តម្លៃ​សម​ល្មម​បាន​ហើយ។

សំណួរ​ទី​៣៖ ពេល​ដែល​ទិញ​របស់​ថ្លៃ​នោះ​ទៅ​​ តើ​អាច​នឹង​ធ្វើ​ឲ្យ​​អ្នក​លំបាក​ដែរ​ទេ?

ជួន​កាល​អ្នក​ត្រូវ​បែក​ចែក​​ការ​ចំណាយ​​​ប្រចាំ​ខែ​ទៅ​លើ​​ថ្លៃ​ផ្ទះ​ផង​ ថ្លៃ​សាលា​ផង ឬ​សេវា​ផ្សេងៗ​ទៀត ប៉ុន្តែ​​​​ស្បែក​ជើង​​ដែល​អ្នក​ប៉ង​ចង់​ទិញ​ជា​យូរ​មក​ហើយ​​នោះ​ មាន​តម្លៃ​​លើស​ពី​ថ្លៃ​ចំណាយ​ប្រចាំ​ខែ​ទៅ​ទៀត​​។ ដើម្បី​កុំ​ឲ្យ​នាំ​ភាព​​​លំបាក​​មក​ដាក់​ខ្លួន អ្នក​ត្រូវ​ធ្វើ​ការ​សន្សំ​ម្តង​បន្តិចៗ​សិន​ បាន​គ្រប់​កាលណា​សឹម​ទិញ​តាម​ក្រោយក៏​បាន។

សំណួរ​ទី៤៖ តើ​​អ្នក​ទិញ​ដោយ​សារ​តែ​​ការ​ពេញ​ចិត្ត ឬ​ដោយ​សារ​តែ​​​​​​របស់​នោះ​មាន​ម៉ាក​ល្បី?

របស់​​​ថ្លៃ​តែង​មាន​ការ​ច្នៃ​ប្រឌិត​ដ៏​ទាក់​ទាញ ប៉ុន្តែ​​​​បើ​ការ​ច្នៃ​ម៉ូដ​​នោះ មិន​មែន​ជា​រស​និយម​​​របស់​​អ្នក ហេតុ​អ្វី​ត្រូវ​ចំណាយ​​​​ទៅ​លើ​របស់​​​ដែល​គ្រាន់​មាន​ម៉ាក​ល្បី​ ដោយ​គ្មាន​ការ​ពេញ​ចិត្ត​ពិត​​ប្រាកដ?

​​ សំណួរ​ទី៥៖ បើ​សិន​ជា​​​មិន​​មាន​បណ្តាញ​សង្គម Instagram facebook តើ​​អ្នក​នឹង​ទិញ​វា​ដែរ​អត់?

ការ​ទិញ​របស់​របរ​ប្រើ​​ប្រាស់​​ជា​សិទ្ធិ​របស់​បុគ្គល​​ម្នាក់ៗ ​ប៉ុន្តែ​​បើ​​អ្នក​​​ទិញ​ដោយ​សារ​ហេតុ​ផល​តែ​មួយ​គត់​ គឺ​​ចង់​​​ថត​បង្ហោះ​​​នៅ​ក្នុង​ facebook ឬInstagram ដើម្បី​​ឲ្យ​គេ​ឯង​​បាន​ឃើញ​នោះ ​គួរ​គិត​ពិចារណា​ឡើង​វិញ។

​​សំណួរ​ទី៦៖ តើ​អ្នកទិញ​ព្រោះ​តែ​តម្រូវ​ការ ឬ​​ដោយ​សារ​តែ​អារម្មណ៍​មួយ​ឆាវ?

សព្វ​ថ្ងៃ​នេះ​ ​សម្បូរ​ណាស់​អ្នក​លក់​​តាម​អនឡាញ​​ ឬ​ហាង​នានា​ធ្វើ​​ការ​ផ្សព្វផ្សាយ និង​មាន​ប្រូម៉ូសិន​​ពិសេសៗ​ជា​ច្រើន​​ដែល​​ឃើញ​ហើយ អ្នក​អាច​ពិបាក​នឹង​ទប់​អារម្មណ៍។ បើ​អ្នក​ចេះ​តែ​ជក់​​​ចិត្ត​នឹង​កម្មវិធី​ប្រូម៉ូសិន​​​អស់​ទាំង​នោះ​ អ្នក​ច្បាស់​ជា​អស់​លុយ​ដោយ​មិន​ដឹង​ខ្លួន។

​សំណួរ​ទី៧៖ តើ​អ្នក​ប្រើ​​ប្រាស់​វា​ញឹក​ញាប់​ដែរ​ទេ?

គ្មាន​អ្វី​ខុស​ទេ​ បើ​​គ្រាន់​តែ​ទិញ​​របស់​ថ្លៃ​​ដើម្បី​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​នោះ ប៉ុន្តែ​បើ​យល់​ថា​​​​​ ទិញ​ទៅ​មិន​សូវ​បាន​​ប្រើ​ប្រាស់​​ ហើយ​យក​មក​ទុក​ចោល​ដដែល គួរ​កុំ​អី​ល្អជាង ព្រោះ​លុយ​​មិន​មែន​ស្រួល​រក​ទេ។

សំណួរ​ទី៨៖​ តើ​អ្នក​ទិញ​​ដោយ​សារ​តែ​ឃើញ​តារាៗ ឬ​អ្នក​ល្បីៗ​​ប្រើ​មែន​ដែរ​ឬ​ទេ?

មាន​មនុស្ស​ជា​ច្រើន ​តែង​ចង់​ចម្លង​ស្ទីល​​នៃ​ការ​​​ស្លៀក​ពាក់​​​ពី​តារា​​​ ឬ​​​អ្នក​ល្បី​ៗ នៅ​​ក្នុង​បណ្តាញ​សង្គម​ ប៉ុន្តែ​សូម​​កុំ​ភ្លេច​ថា​​ ពេល​ខ្លះ​​អ្នក​ទាំង​អស់​នោះ ​​​​​មាន​អ្នក​ឧបត្ថម្ភ​ឲ្យ​ ព្រោះ​ពួក​គេ​​ជា​មនុស្ស​ល្បី​ស្រាប់ ហើយ​បើ​​អ្នក​ចង់​ប្តូរ​ម៉ូដ​​ច្រើន​ដូច​ជា​តារា​ល្បី​ដែរ​នោះ អ្នក​នឹង​រីងរៃ​អស់​ពី​ខ្លួន៕

ចុច​អានបន្ត៖

ប្រភព៖ stylecaster ប្រែ​សម្រួល៖ ដេត ឈុនអ៉ី