បើ​​ចង់​ជោគជ័យ​មែន​ គួរ​តែសួរ​សំណួរ​ ៨ នេះទៅ​ខ្លួនឯងជាមុន​សិន

  • 2018-06-04 09:38:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្មាន​នរណា​ដែល​ថា​មិន​ចង់​ជោគជ័យ ក្នុង​ជីវិត​នោះ​ឡើយ គ្រាន់តែ​មិន​ដឹង​ពី​វិធី​ជួយ​ឲ្យ​សម្រេច​ក្ដី​ស្រមៃ។ បើ​អ្នក​ពិតជា​ចង់​ជោគជ័យ​មែន អ្នក​គួរតែ​សួរ​ខ្លួនឯង​នូវ​សំណួរ​ទាំង ៨ នេះ​សិន ទើប​រក​ផ្លូវ​រក៖

១.តើ​សកម្មភាព​ណា​មួយ​ដែល​ធ្វើឲ្យ​អ្នក​មាន​អំណរ?

ព្យាយាម​ឆ្លើយ​សំណួរ​នេះ​ឲ្យ​បាន​លឿន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ បើ​អ្នក​ពិតជា​អាច​រក​ចម្លើយ​ឃើញ​ពិត​មែន ជីវិត​អ្នក​អាច​មាន​ពន្លឺ និង​ជួយ​អ្នក​ឲ្យ​រីកចម្រើន​ថែម​ទៀត​ផង។ វា​អាច​ជា​គន្លឹះ​ក្នុង​ការ​ចាប់ផ្ដើម​អាជីវកម្ម និង​ដឹង​ពី​ចំណង់ចំណូលចិត្ត​ខ្លួនឯង។

រូបតំណាង

**២.ប្រសិនបើ​ទំនាក់ទំនង​ស្នេហា ឬ​ការងារ​ធ្វើឲ្យ​អ្នក​មិន​សប្បាយចិត្ត តើ​អ្នក​នៅ​បន្ត ឬ​ចាកចេញ?**

ត្រូវ​ដឹង​ពី​បញ្ហា​ផ្ទាល់​ខ្លួន​មួយ​នេះ​ជា​មុន​សិន ទើប​អាច​ផ្លូវ​ត្រូវ​បាន។ តើ​អ្នក​អាច​ទ្រាំ​បាន​យូរ​ប៉ុណ្ណា​ប្រសិនបើ​ការងារ ស្នេហា ឬ​មិត្តភាព​ធ្វើឲ្យ​អ្នក​ខឹង​មិន​ឈប់​នោះ? ប្រសិនបើ​ក្នុង​ចំណោម​រឿង ២-៣ នោះ​ប៉ះទង្គិច​ផ្លូវ​ចិត្ត​អ្នក​ខ្លាំង ហើយ​អ្នក​អាច​ប្រយុទ្ធ​តទល់​នឹង​វា​បាន​រហូត នោះ​បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​រឹងមាំ​ណាស់។

៣.តើ​រឿង​អ្វី​ដែល​រារាំង​អ្នក​មិន​ឲ្យ​សប្បាយចិត្ត​បាន?

គួរតែ​គិត​ពី​ហេតុផល​ដែល​ធ្វើឲ្យ​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​សោកសៅ។ នេះ​ជា​បញ្ហា​ត្រូវ​ការ​ដោះស្រាយ​ភ្លាម​ៗ ទើប​ជីវិត​មិន​ស្មុគស្មាញ​ ហើយ​អ្នកអាច​​ដើរ​លើ​ផ្លូវ​រលូន​បាន​ខ្លះ តែបើ​សូម្បីរឿង​មិន​សប្បាយ​ចិត្ត ក៏​មិន​អាច​ដោះស្រាយ​បាន នោះជាឧបសគ្គ​មួយរារាំង​ភាព​ជោគជ័យ​របស់​អ្នក​ហើយ។

៤.តើ​អ្នក​ជឿ​ថា អ្នក​អាច​ធ្វើ​រឿង​ពិបាក​ៗ​បាន​ដែរ​ឬ​ទេ?

នេះ​ជា​ឱកាស​ធ្វើឲ្យ​សុបិន​ក្លាយ​ជា​ការ​ពិត​បាន​ឬ​មិន​បាន។ នៅ​ពេល​អ្នក​ឆ្លើយ​សំណួរ​មួយ​នេះ នឹង​ដឹង​ថា​អនាគត​ទៅ​ជា​យ៉ាង​ណា។ បើ​សូម្បី​ខ្លួនឯង​មិន​ទាំង​ជឿជាក់​លើ​ខ្លួន​ឯង​ថា អាច​ពុះពារ​គ្រប់​រឿងរ៉ាវ​ពិបាក​ៗ​បាន​ផង អ្នក​ពិត​រក​ផ្លូវ​ជោគជ័យ​មិន​ឃើញ​ទេ។

៥.តើ​អ្នក​ចង់​ឲ្យ​អ្នក​ដទៃ​ដឹង​ពី​អ្នក​យ៉ាង​ដូចម្ដេច?

គ្មាន​មនុស្ស​ណា​ដែល​មិន​ស្រមៃ​ថា អ្នក​ដទៃ​នឹង​និយាយ​ពី​រឿង​ល្អ​ៗ​ដែល​អ្នក​ធ្លាប់​បាន​ធ្វើ​កន្លង​មក។ ប៉ុន្តែ​បើ​អ្នក​មិន​ធ្លាប់​គិត​បែប​នោះ​ទេ អ្នក​ពិតជា​មិន​អាច​រក​ផ្លូវ​ឈាន​ទៅ​ភាព​ត្រចះត្រចង់​បាន​ដែរ ព្រោះ​អ្នក​អាច​មិន​ធ្លាប់​បាន​ធ្វើ​រឿង​អ្វី​អស្ចារ្យ​មួយ​សោះ។

៦.តើ​អ្នក​គិត​ថា អ្នកដទៃ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អ្នក?

សំណួរ​នេះ​ចង់​បង្ហាញ​ថា អ្នក​ធ្លាប់​ដឹង​ពី​អារម្មណ៍​ដទៃ​មាន​ចំពោះ​ខ្លួន​ដែរ​ឬ​ទេ។ បើ​អ្នក​មិន​ដឹង នោះ​វា​មាន​ន័យ​ថា អ្នក​មិន​ដែល​ខ្វល់​ពី​ការ​គិត​អ្នក​ផ្សេង​មាន​ចំពោះ​ខ្លួន​ឯង។ សំណួរ​មួយ​នេះ គឺ​អាច​បង្រៀន​អ្នក​ច្រើន​ទៀត​អំពី​ខ្លួន​អ្នក ជាង​អ្នក​ដទៃ។ វា​នឹង​ជួយ​អ្នក​រក​ឃើញ​ភាព​ទន់ខ្សោយ និង​គុណវិបត្តិ ដូច្នេះ​អ្នក​អាច​បង្វែរ​វា​ទៅ​ជា​ចំណុច​ខ្លាំង។

រូបតំណាង

៧.តើ​អ្នក​ជឿ​ថា វាសនា​របស់​អ្នក​ត្រូវ​កំណត់​ជា​មុន ឬ​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក?

សំណួរ​បែបនេះ នឹង​ធ្វើឲ្យ​ដឹង​កាន់តែ​ច្បាស់​ថា ជោគជ័យ​បែរ​មុខ​ទៅ​ខាង​ណា។ ប្រសិនបើ​អ្នក​គិត​ថា ជោគវាសនា​អ្នក​ត្រូវ​បាន​កំណត់​ជា​មុន អ្នក​នឹង​ទទួល​បាន​តែ​ភាព​បរាជ័យ និង​បាត់បង់​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​បើ​អ្នក​ជា​មនុស្ស​មិន​ជឿ​លើ​ព្រេង​វាសនា បញ្ជាក់​ថា​ជា​មនុស្ស​មាន​ឆន្ទៈ​ស្វះស្វែង​ទៅ​រក​ភាព​រីក​ចម្រើន។

៨.នៅ​ក្នុង​គំនិត​អ្នក តើ​អត្ថន័យ​នៃ​ជីវិត​មាន​ន័យ​យ៉ាង​ដូចម្ដេច?

សួរ​ខ្លួនឯង​ថា ហេតុអ្វី​បាន​ជា​អ្នក​នៅ​ទីនេះ? តើ​អ្នក​មាន​ឥទ្ធិពល​អ្វី​លើ​ពិភពលោក និង​មនុស្ស​នៅ​ជុំវិញ​អ្នក? សំណួរ​នេះ​នឹង​ផ្ដល់​ឲ្យ​អ្នក​នូវ​ចម្លើយ​យ៉ាង​ស៊ី​ជម្រៅ ដែល​ធ្វើឲ្យ​ខ្លួនឯង​ដឹង​ថា​អ្នក​ពិសេស​ចំពោះ​ពិភពលោក​នេះ ហើយ​វា​នឹង​ជំរុញ​អ្នក​រក​ឃើញ​ផល​វិជ្ជមាន ជាជាង​រឿង​អវិជ្ជមាន៕

ចុចអាន៖ឈប់​ប្រើ​ពាក្យ​ថា «ជាតិនេះ​ឆា​ចោល» តែ​ត្រូវ​ងាក​មក​ពិចារណា​រឿង​ទាំង​នេះ​វិញ

ប្រភព៖ Careergirldaily ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម