រឿង​សំខាន់​ៗ​ដែល​កូន​ក្រមុំ​ត្រូវ​ដឹង មួយ​អាទិត្យ​មុន​ថ្ងៃ​ចូល​រោង​​ការមក​ដល់

  • 2018-05-22 06:14:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទី​បំផុត​ថ្ងៃ​ដែល​​អ្នក​ប៉ង​ប្រាថ្នា​បាន​មក​ដល់​​ហើយ អ្នក​ច្បាស់​ជា​មាន​រឿង​ជា​ច្រើន​ត្រូវ​ធ្វើ ហើយ​​ប្រហែល​ជា​មិន​​ដឹង​​​ថា​ត្រូវ​ធ្វើ​អី​ទុក​អី​ទេ​​ ប៉ុន្តែ​យ៉ាងហោចណាស់​ អ្នក​អាច​ដឹង​ថា​អ្វី​​គូរ​ធ្វើ​ អ្វី​មិន​គួរ​ធ្វើ​​ក្នុង​ពេល​មួយ​អាទិត្យ​មុន​​ថ្ងៃ​ចូល​រោង​​ការ។

១. មិន​ត្រូវ​កាត់​សក់

អ្នក​ប្រហែល​ជា​ចង់​​​ឲ្យ​សក់​មើល​ទៅ មាន​ស្ទីល​ថ្មី​ប្លែក​ ប៉ុន្តែ​នេះ​មិន​មែន​ជា​ពេល​ដ៏​ល្អ​សម្រាប់​អ្នក​នោះ​ទេ។ អ្នក​គួរ​ទៅ​រក​ជាង​ដែល​ធ្លាប់​កាត់​​ឲ្យ​ពី​មុន​មក គ្រាន់​តែ​តម្រឹម​បន្តិច​បន្តួច​បាន​ហើយ ទើប​អ្នក​មិន​ស្តាយ​ក្រោយ​ក្នុង​ថ្ងៃ​​ពិសេស​​របស់​អ្នក។

២. គេង​ឲ្យ​បាន​គ្រប់​គ្រាប់

ជិត​ដល់​ថ្ងៃ​នោះ​មិន​ថា​សាច់ញាតិ ក្រុម​គ្រួសារ ឬ​កូន​ក្រមុំ​ទេ គឺ​រវល់​តែ​ទាំង​​អស់​គ្នា​​ហ្នឹង យ៉ាង​ណា​មិញ​អ្នក​ត្រូវ​តែ​ឆ្លៀត​ពេល សម្រាក​និង​គេង​ឲ្យ​បាន​គ្រប់​គ្រាន់ ​ដើម្បី​កុំ​ឲ្យ​បាក់​កម្លាំង​ បាក់​សម្រស់​ភ្នែក​ស្លក់ មើល​ទៅ​មិន​ស្អាត​។

៣. កុំ​​តម​​អាហារ​និង​ហាត់​​ប្រាណ​​ខុស​ពី​អ្វី​ដែល​ធ្វើ​ប្រចាំ​ថ្ងៃ

​​បើ​អ្នក​ភ័យ​ព្រួយ​ខ្លាច​​ធាត់ ស្លៀក​រ៉ូប​មិន​ចុះ សូម​កុំ​ព្យាយាម​អត់​អាហារ និង​ហាត់​ប្រាណ​សម្រុក​ខ្លាំងៗ ព្រោះ​វា​នឹង​មិន​បាន​ផល ថែម​ទាំង​អាច​ធ្វើ​ឲ្យ​អ្នក​ឈឺ​ខ្លួន​អត់​ប្រយោជន៍។ បើ​​រ៉ូប​អ្នក​​សម​ល្មម​នឹង​ខ្លួន​ហើយ អ្នក​​អាច​ហាត់​ប្រាណ​​តាម​ធម្មតា និង​ញ៉ាំ​​អាហារ​ដែល​ជួយ​ឲ្យ​សុខភាព​​ល្អ ក្នុង​បរិមាណ​សមរម្យ ឲ្យ​បាន​ទៀងទាត់។

៤. មិន​ផ្លាស់​ប្តូរ​​គ្រឿង​សម្អាង និង​​ផលិតផល​ថែរក្សា​ស្បែក

​បើ​អ្នក​ធ្លាប់​តុបតែង​មុខ និង​ថែរក្សា​​ស្បែក​ជា​មួយ​ផលិតផល​ប្រចាំ​ថ្ងៃ​ណា​មួយ​ អ្នក​គូរ​បន្ត​ប្រើ​រហូត​ដល់​ថ្ងៃ​រៀបការ ព្រោះ​​ការ​ផ្លាស់ប្តូរ ​ក្នុង​ករណី​ផលិតផល​នោះ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ប្រតិកម្ម វា​ច្បាស់​ជា​ពិបាក​កែ​ខៃ​ ឲ្យ​ទាន់​ពេល​វេលា​ណាស់។ ម្យ៉ាង​ទៀត​គួរ​ជៀស​ឲ្យ​ផុត ពី​ការ​បក​ឬ​ខាត់​ស្បែក​​​ ដែល​មាន​​សារធាតុ​គីមី​ផ្សេងៗ។

៥. ល​​ស្បែក​ជើង​ដែល​ត្រូវ​ពាក់

ត្រូវ​ប្រាកដ​ថា ស្បែក​ជើង​​ដែល​ពាក់​ពេញ​មួយ​យប់ គឺ​មិន​ឲ្យ​តឹង​ពេក​​ កែង​ចោទ​ខ្លាំង​ពេក ព្រោះ​​វា​អាច​ឲ្យ​អ្នក​ឈឺ​ជើង ឈរ​មិន​បាន​យូរ​ហើយ​រាំ​ជាមួយ​កូន​កំលោះ​មិន​កើត​ទៀត។

៦. កុំ​ខ្លាច​​ក្នុង​ការ​ស្វែង​រក​ជំនួយ

អ្នក​​អាច​ស្វែង​រក​ជំនួយ​ពី​បងប្អូន ឬ​មិត្ត​ជិតស្និទ្ធ​​​ចំពោះ​​រឿង​ណា​ដែល​អាច​ពឹង​ពាក់​បាន មក​ធ្វើ​ជុំ​គ្នា បាន​ទាំង​ការ​ចងចាំ​​ល្អ​ហើយ ថែម​ទាំង​ធ្វើ​​ឲ្យ​អ្នក​​មិន​ស្មុគស្មាញ​ចំពោះ​​​​រឿង​តូចតាច​ និង​​មាន​ពេល​សម្រាប់​​ធ្វើ​​​អ្វី​ផ្សេង​​​ទៀត។

៧. មិន​​​តក់ក្រហល់​​ មុន​​​​ថ្ងៃ​ចូល​រោង​ការ

ខ្វះ​មួយ​អាទិត្យ​មុន​ចូល​រោង អ្នក​គូរ​ព្យាយាម​បញ្ចប់​​​អ្វីៗ​ដែល​បាន​គ្រោង​ទុក​​ប៉ុន្មាន​ខែ​មុន​ឲ្យ​អស់ ទើប​មិន​តក់ក្រហល់​ពិបាក​ខ្លាំង ពេល​​ថ្ងៃ​ដ៏​ធំ​ជិត​មក​ដល់។

៨. មិន​កើត​ទុក្ខ

​​​​​ទុក្ខ​កង្វក់​ទាំង​ប៉ុន្មាន​ត្រូវ​បំភ្លេច​ចោល​ឲ្យ​អស់ ធ្វើ​ចិត្ត​ឲ្យ​សប្បាយ​ ត្រៀម​ខ្លួន​ស្វាគមន៍​​សម្រាប់​ជីវិត​ថ្មី ជាមួយ​​​នឹង​អនាគត​ស្វាមី​របស់​អ្នក។

៩. មាន​ពេល​នៅ​ជាមួយ​ដៃ​​គូ

វា​ជា​ពេល​ដ៏​សំខាន់​ដែល​អ្នក​ទាំង​ពីរ ត្រូវ​​ចំណាយ​ពេល​នៅ​​​ជាមួយ​គ្នា​ឲ្យ​បាន​ច្រើន បង្កើត​ស្នាមញញឹម អនុស្សាវរីយ៍​ល្អៗ ហើយ​​កម្ចាត់​ឲ្យ​​អស់​នូវ​ការ​ខឹង​អន់​ចិត្ត​នឹង​គ្នា ឬ​រឿង​​ណា​ដែល​អាច​រំខាន​​ដល់​អារម្មណ៍​​អ្នក​ទាំង​ពីរ។

ចុចអានបន្ត៖

រៀប​ការ​នឹងបុរស​បែប​ណា​ទើប​មិន​​ខក​ខ្លួន? ៧​ចំណុច​​ដែល​ត្រូវ​មើល​ មុន​ជ្រើស​គេ​ជា​គូ​ជីវិត

ប្រភព៖ confetti ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម