វិធី​បង្រៀន​កូន​តូច​ឱ្យ​ឆាប់​ចេះ​និយាយ ឪពុក​ម្ដាយ​គួរ​តែ​យល់​ដឹង

  • 2018-05-21 09:22:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាំង​ពី​កើត​មក ទារក​ត្រូវ​ទទួល​ការ​លូតលាស់​តាម​ដំណាក់កាល​នីមួយៗ​ក្នុង​ជីវិត។ តាំង​ពី​ដំណាក់កាល​ចេះ​យំ អាច​មើល​ឃើញ ចេះ​ចាប់​កាន់​របស់ ចេះ​ប្រតិកម្ម​តប​នឹង​សកម្មភាព​ឬ​របស់​ដែល​គេ​មើល ក៏​ដល់​ដំណាក់​កាល​ចេះ​និយាយ។ ​ថ្ងៃ​នេះ វិបសាយ កញ្ញា សូម​ណែ​នាំ​ឪពុក​ម្ដាយ​ឱ្យ​បាន​យល់​ដឹង​ពី​ការ​លូតលាស់​នៃ​ការ​ចេះ​និយាយ​របស់​កូន​តូច និង​វិធី​ជំរុញ​កូន​បន្ថែម។

តើ​កូន​តូច​ចាប់​ផ្ដើម​ចេះ​និយាយ​នៅ​ពេល​ណា?

ជា​ទូទៅ ទារក​ចាប់​ផ្ដើម​ចេះ​បញ្ចេញ​សំឡេង​​តាំង​ពី​អាយុ​២​ខែ​មក​ម្ល៉េះ គ្រាន់​តែ​នោះ​ជា​សំឡេង​ថ្ងូរ ឬ​បញ្ចេញ​ស្នូរ​វ៉ៗ​ជាដើម។ ទាំង​នេះ​គឺ​ជា​ដំណាក់​កាល​ដំបូង​នៃ​ការ​រៀន​និយាយ​របស់​ក្មេង ដែល​អាច​ឈាន​ទៅ​ដល់​ការ​រអ៊ូ​អេសអូស​ច្រើន​ដង​នៅ​អាយុ​៤​ខែ។ បន្ត​មក​ទៀត ដល់​អាយុ​១២​ខែ ទារក​ចាប់​ផ្ដើម​ចេះ​ប្រើ​ពាក្យ​គោល​មួយ​ចំនួន​ដូច​ជា ហៅ​ម៉ាក់ៗ ប៉ាៗ ឬ​ពាក្យ​គូៗ​ជា​ច្រើន​ទៀត​ដែល​ងាយ​បញ្ចេញ​សំឡេង​ និង​ងាយ​ចាំ។

ចូល​ដល់​អាយុ​២​ឆ្នាំ ក្មេង​អាច​ចេះ​និយាយ​ឃ្លា​ងាយៗ​ដែល​មាន​ត្រឹម​៣-៤​ពាក្យ និង​​ពាក្យ​ស្រួលៗ​ដូច​ជា សួស្ដី ជម្រាប​លា ទៅ ជា​ដើម។ ចំណែក​ដល់​អាយុ​៣​ឆ្នាំ ​កូន​តូច​អាច​ចំណាំ​របស់​បាន​ច្រើន​ជាង​នេះ និង​ចេះ​បែង​ចែក​​ពាក្យ​ខ្ញុំ គាត់​ គេ​បាន​ល្អ​ជាង​មុន និង​អាច​ចាប់​ផ្ដើម​និយាយ​សន្ទនា​បាន​ស្ទាត់។

ឪពុក​ម្ដាយ​គួរ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ឱ្យ​កូន​​ឆាប់​ចេះ​និយាយ?

មិន​ប្រាកដ​ថា ដល់​អាយុ​ដូច​រៀបរាប់​ខាង​លើ ក្មេង​ដឹង​តែ​អាច​ធ្វើ​បាន​ទាំង​អស់​នោះ​ទេ។ ក្មេង​ខ្លះ​អាយុ​ច្រើន​ហើយ​នៅ​តែ​មិន​ទាន់​អាច​បញ្ចេញ​សំឡេង​ជា​ពាក្យ​បាន​ត្រឹម​ត្រូវ ឬ​មិន​សូវ​ចង​ចាំ​ពាក្យ​សម្រាប់​និយាយ​ឆ្លើយឆ្លង​បាន។ ដូច្នេះ​ឪពុកម្ដាយ​អាច​ជួយ​ជំរុញ​បន្ថែម​ដើម្បី​ឱ្យ​ការ​លូតលាស់​របស់​កូន​កាន់​តែ​បាន​ល្អ និង​មាន​ទំនាក់ទំនង​ល្អ។

- ឧស្សាហ៍​និយាយ​ជាមួយ​កូន​តាំង​ពី​នៅ​តូច៖

ការ​និយាយ​ជាមួយ​កូន​តាំង​ពី​ពួក​គេ​នៅ​តូចៗ​គឺ​ជា​វិធី​ដ៏​ល្អ​មួយ​ដើម្បី​បង្រៀន​ឱ្យ​កូន​ចេះ​ហារ​មាត់ បញ្ចេញ​សំឡេង និង​ចងចាំ​ពាក្យ​ដែល​អ្នក​និយាយ​ទៅ​កាន់​ពួក​គេ។ តាម​ការ​សិក្សា​បាន​​​ឱ្យ​ដឹង​ថា ការ​និយាយ​ជាមួយ​កូន​ឱ្យ​បាន​ឆាប់​ចាប់​ពី​អាយុ​៣​ខែ​ឡើង​ទៅ អាច​ជួយ​ឱ្យ​ទារក​លូតលាស់​ផ្នែក​ខួរក្បាល និង​ភាសា​បាន​ល្អ​ជាង​ក្មេង​ដែល​មិន​សូវ​មាន​អ្នក​និយាយ​ជាមួយ។

- ឧស្សាហ៍​អាន ឬ​ច្រៀង​ឱ្យ​កូន​ស្ដាប់៖

ចម្រៀង​និង​ការ​អាន​គឺ​ជា​ស្ពាន​មួយ​ដែល​អាច​ចង​កូនៗ​ឱ្យ​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​ប្រើ​ពាក្យ និង​ចងចាំ​ពាក្យ​ទាំង​នោះ​បាន​ល្អ។ ការ​ស្ដាប់​យូរៗ អាច​ឱ្យ​កូន​រៀន​ហា​មាត់​បញ្ចេញ​សំឡេង​តាម​អ្វី​ដែល​គេ​អាច​ស្ដាប់​បាន។

- រៀបរាប់​ពី​អ្វី​មួយ​នៅ​ជុំវិញ​ខ្លួន​ឱ្យ​កូន​ស្គាល់ ជាជាង​ហៅ​ឈ្មោះ​តែ​មួយ​មុខ៖

ក្រៅ​ពី​និយាយ​ពាក្យ​ឱ្យ​គេ​ស្ដាប់​ហើយ អ្នក​គួរ​រៀបរាប់​ ឬ​ពន្យល់​អ្វី​ដែល​នៅ​ជុំវិញ​ខ្លួន​ឱ្យ​គេ​បាន​ដឹង និង​ចំណាំ​ផង។

- ចេះ​សួរ​និង​និយាយ​សន្ទនា​ជាមួយ​កូន​ឱ្យ​បាន​ច្រើន៖

ការ​សួរ​គេ នៅ​ពេល​គេ​ចង់​បាន​អ្វី​មួយ ឬ​អនុញ្ញាត​ឱ្យ​គេ​សួរ​អ្វី​ដែល​គេ​ចង់ដឹង គឺ​ជា​ការ​បង្រៀន​ឱ្យ​កូន​ចេះ​ចាំ​ពាក្យ និង​ប្រើ​ពាក្យ​ពេចន៍​បាន​ល្អ​។

- ប្រើ​ភាសា​ណា​ដែល​អ្នក​ពេញ​ចិត្ត និង​ប្រើ​រាល់ថ្ងៃ​ជាមួយ​កូន៖

ភាសា​ដែល​និយាយ​ជាមួយ​កូន​គឺ​ជា​រឿង​សំខាន់ ព្រោះ​វា​នឹង​ដក់​ជាប់​ខួរ​ក្បាល​គេ​តាំង​ពី​តូចមក។​ ដូច្នេះ​គួរ​ជ្រើស​រើស​ភាសា​ណា​ដែល​គេ​អាច​ប្រើ​បាន​រាល់ថ្ងៃ មិន​មែន​ប្រើ​តែ​ក្នុង​គ្រួសារ​មួយ​មុខ​ទេ តែ​ត្រូវ​តែ​អាច​ប្រើ​នៅ​ខាង​ក្រៅ​បាន ព្រោះ​មាន​គ្រួសារ​ខ្លះ​ប្រើ​ភាសា​ជាមួយ​កូន​ជា​ភាសា​អង់គ្លេស ដល់​ពេល​ចេញ​ទៅ​ក្រៅ មាន​អ្នក​និយាយ​ភាសា​ខ្មែរ​ដាក់ កូន​ពិបាក​ស្ដាប់​បាន។ នេះ​ក៏​អាច​ជា​បញ្ហា​មួយ​ដែល​ឪពុក​ម្ដាយ​គួរ​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ៕

ចុចអាន៖ ម្ដាយ​គួរ​ធ្វើ​រឿង ៧ យ៉ាង​នេះ ដើម្បី​ជួយ​ឲ្យ​កូន​មាន​មិត្ត​សម្លាញ់​តាំងពី​នៅ​ក្មេង

ចុចអាន៖ ៦​ ចំណុច​ដាស់​តឿន​ ឪពុក​ម្ដាយ​មាន​កូន​តូច​ៗត្រូវ​ប្រយ័ត្ន​ បើ​​មិន​ចង់​ស្ដាយ​ក្រោយ​អស់​មួយ​ជីវិត

ប្រភព៖ momjunction ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម