ស្មាន​តែ​នៅ​ជិត​ស្និទ្ធ ដឹង​អី Lay និង Kris មិន​ខ្ចី​មើល​មុខ​គ្នា​ពេល​ចូល​រួម​កម្មវិធី​តែ​មួយ

  • 2018-05-17 03:12:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សកម្មភាព​របស់​តារា​ចម្រៀង​ល្បី​ឈ្មោះ Lay និង Kris បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ក្រុម​ចម្រៀង EXO អស់​សង្ឃឹម​ជា​ខ្លាំង។

កាល​ពី​ថ្ងៃ​ទី​១៤​ខែ​ឧសភា​កន្លង​ទៅ​នេះ តារា​ចម្រៀង​យុវវ័យ​២​ដួង Kris និង Lay ដែល​ធ្លាប់​តែ​ជា​មិត្ត​រួមក្រុម​នៅ​ក្នុង​ក្រុម​ចម្រៀង EXO នោះ បាន​ចូល​រួម​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​ចម្រៀង​មួយ​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។

គួរ​បញ្ជាក់​ផង​ដែរ​ថា ទាំង Kris និង Lay គឺ​សុទ្ធ​តែ​ជា​សមាជិក​ជនជាតិ​ចិន​ទាំង​អស់​នៅ​ក្នុង​ក្រុម​ចម្រៀង EXO។ យ៉ាងណាក្ដី Kris បាន​ចាកចេញ​ពីក្រុម​ចម្រៀង​ខាង​លើ​កាល​ពី​ឆ្នាំ​២០១៤។ អ្នក​គាំទ្រ​បាន​គិត​ថា ទោះ​បី​ជា​ចាកចេញ​ហើយ​ក្ដី តែ​អ្នក​ទាំង​២​ប្រាកដ​ជា​នៅ​រក្សា​ទំនាក់ទំនង​នឹង​គ្នា។ យ៉ាងណាក្ដី សកម្មភាព​ថ្មី​បំផុត​របស់​ប្រុស​ស្អាត​ទាំង​២​បាន​ធ្វើ​ឲ្យ​គេ​ដឹង​ថា វា​គ្រាន់​តែ​ជា​ការ​ស្រមៃ​តែ​ប៉ុណ្ណោះ។

ជាក់​ស្ដែង នៅ​ក្នុង​កម្មវិធី​ខាង​លើ ទោះ​បី​ជា​ទទួល​បាន​ពាន​រង្វាន់​ដូច​គ្នា ហើយ​ត្រូវ​ឡើង​ថត​រូប​ជុំ​គ្នា​នោះ ក៏​ប្រុស​ស្អាត Kris បាន​ដើរ​កាត់​អតីត​មិត្ត​របស់​ខ្លួន​ដូច​មិន​ដែល​ស្គាល់​គ្នា។ រីឯ Lay ក៏​ហាក់​មិន​ចង់​និយាយ​អី​ជាមួយ Kris ដូច​គ្នា៕

ប្រភព៖ sharetin ប្រែសម្រួល៖ Caramel