ជាប់​រឿង​អាស្រូវ​ដូច​គ្នា Yang Mi បាន​ទេវតា​ជួយ តែ Fan Bingbing ត្រូវ​អារក្ស​ជាន់

  • 2018-05-16 03:19:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជួបរឿង​អាស្រូវ​ក្នុង​ពេល​តែ​មួយ​តែ រឿង​ភាគ "The Legend of Fuyao” របស់​តារា​សម្ដែង​ស្រី Yang Mi នៅ​តែ​បាន​ចាក់​ផ្សាយ​ធម្មតា ខណៈ​រឿង​ភាគ "Win The World” របស់​តារា​សម្ដែង Fan Bingbing ត្រូវ​បាន​គេ​កប់​ចោល។

រឿង "The Legend of Fuyao” របស់ Yang Mi

កាល​ពី​ថ្ងៃ​ទី​៩​ខែ​ឧសភា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា រឿង​ភាគ "Win The World” របស់​រាជិនី​ទូរទស្សន៍ Fan Bingbing ដែល​បាន​បោះទុន​រាប់​សិប​លាន​ដុល្លារ​ដើម្បី​ផលិត​នោះ គឺ​ជួយ​អ្វី​លែង​បាន ហើយ​អាច​នឹង​ត្រូវ​បិទ​ចោល​ជា​រៀង​រហូត​ត្បិត​តួឯក​ប្រុស​ពាក់ព័ន្ធ​នឹង​អាស្រូវ​រំលោភ​គេ​នៅ​ប្រទេស​អូស្ត្រាលី។ អត្រា​ដែល​ក្រសួង​ពាក់ព័ន្ធ​អនុញ្ញាត​ឲ្យ​ចាក់​ផ្សាយ​គឺ​ទាប​បំផុត ស្ទើរ​តែ​ស្មើ​សូន្យ​តែ​ម្ដង។ ក្រុមការងារ​កំពុង​តែ​ចង់​ដំឡើង​តួ​ឯក​ប្រុស​ទី​២​ឡើង​ជា​តួឯក​តែ​ម្ដង ដោយ​ការ​ថត​ឈុត​ខ្លះ​ឡើង​វិញ។

រឿង "Win The World” របស់ Fan Bingbing

យ៉ាងណាក្ដី គម្រោង​ដើម​ត្រូវ​បាន​ចាយ​លុយ​ច្រើន​ពេក ហើយ​បើ​ចង់​ថត​ឡើង​វិញ ក៏​ចាយ​លុយ​មិន​តិច​ដែរ ដូច​នេះ​ផលិតករ​កំពុង​តែ​រារែក​ចិត្ត​ខ្លាំង។

ស្ថិត​ក្នុង​ស្ថានភាព​ស្រដៀង​នឹង Fan Bingbing ដែរ​គឺ​តារា​សម្ដែង​ជួរ​មុខ Yang Mi តែ​នាង​ត្រូវ​បាន​ទេវតា​សំណាង​ជួយ។ តាម​នោះ​ដែរ កាល​ពី​ខែ​កន្លង​ទៅ អ្នក​ម្ដាយ​កូន​១​ជាប់​រឿង​អាស្រូវ​បំបាត់​លុយ​សប្បុរសធម៌​ដែល​ខ្លួន​បាន​រៃ​អង្គាស។ ដល់​ពេល​បែក​ធ្លាយ​រឿង​ទៅ ទើប​នាង​ព្រម​បរិច្ចាគ។ ក្រោយ​ពេល​ហេតុការណ៍​នេះ​កើត​ឡើង គេ​បាន​រំពឹង​ថា កំពូល​រឿង​ភាគ​ប្រចាំ​ឆ្នាំ​​របស់​នាង "The Legend of Fudao” នឹង​មិន​ត្រូវ​បាន​បញ្ចាំង ឬ​យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​បាន​ពន្យារ​ពេល​បញ្ចាំង​ដើម្បី​ឲ្យ​រឿង​អាស្រូវ​នេះ​ស្ងប់​ទៅ​វិញ​ដែរ។

យ៉ាងណាក្ដី ហាក់​ដូច​ជា​មាន​រាសី​ខ្ពស់ រឿង​របស់​ស្រី​ស្អាត​វ័យ​៣២​ឆ្នាំ​នៅ​តែ​បាន​បញ្ចាំង​តាម​គម្រោង​ដើម​ដដែល។ តាម​នោះ​ដែរ "The Legend of Fuyao” នឹង​បង្ហាញ​មុខ​ភាគ​ដំបូង​នៅ​ថ្ងៃ​ទី​១៩​ខែ​មិថុនា ​ខាង​មុខ នៅ​លើ​ប៉ុស្តិ៍ Zhejiangក្រោយ​ពេល​រឿង "Summer Ballon” ចប់៕

ប្រភព៖ Zing ប្រែសម្រួល៖ Caramel