សុខ​ចិត្ត​ឈ្លោះ​ឲ្យ​ដឹង​គ្នា​ម្ដង ក៏​គ្រាន់​ជាង​ស្ងៀមស្ងាត់​ហើយ​បាត់​​បង់​គ្នា​រហូត

  • 2018-05-16 02:47:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រៅ​ពី​សម្ពាធ​ការងារ​ពេញ​មួយ​ថ្ងៃ​ហើយ មក​ដល់​ផ្ទះ​វិញ អារម្មណ៍​ខ្ញុំ​រឹត​តែ​ហត់​ទ្វេ​ដង​នៅ​ពេល​មិន​ដឹង​ថា មនោសញ្ចេតនា​មួយ​នេះ នឹង​រសាត់​អណ្ដែត​ទៅ​ទិស​ខាង​ណា បើ​គ្មាន​អ្នក​ណា​ហើប​មាត់​និយាយ​បែប​នេះ​នោះ។

ជាង​១​សប្ដាហ៍​មក​ហើយ ដែល​ខ្ញុំ​នឹង​គេ​បាន​ធ្វើ​សង្គ្រាម​ត្រជាក់​នឹង​គ្នា។ ត្រឹម​តែ​១​អាទិត្យ​មែន​ពិត តែ​ខ្ញុំ​អារម្មណ៍​ថា​វា​យូរ​ដូច​មួយ​ឆ្នាំ​អ៊ីចឹង​។ គ្មាន​ពាក្យ​សួរ​សុខ​ទុក្ខ គ្មាន​ការ​ជួប​មុខ គ្មាន​ការ​ផ្ញើ​សារ គ្មាន​អ្វី​ទាំង​អស់។ ចង់​និយាយ​រក​គ្នា​ណាស់ តែ​ខ្លាច​ខ្លួន​ឯង​ថោក ដូច​ដែល​មិត្ត​ៗ​យុវវ័យ​តែង​និយាយ។

ដល់​ថ្ងៃ​ទី​៨ នៅ​ពេល​ដែល​ភាគី​ទាំង​សង​ខាង​ទ្រាំ​លែង​បាន ក៏​ត្រូវ​គ្នា​វិញ។ គេ​បាន​ប្រាប់​ខ្ញុំ​ថា ថ្ងៃ​ក្រោយ​មាន​អ្វី​មិន​ពេញ​ចិត្ត និយាយ​ពេល​នោះ​តែ​ម្ដង​ទៅ កុំ​ទុក​ឲ្យ​យូរ​ដូច​នេះ​ទៀត ព្រោះ​ទុក​កាន់​តែ​យូរ កាន់​តែ​មើល​មុខ​គ្នា​មិន​ចំ កាន់​តែ​ឈឺ​ចិត្ត​ថែម​តែ​ប៉ុណ្ណោះ។ គេ​សួរ​ខ្ញុំ​ថា បើ​ស្ងៀមស្ងាត់​ហើយ​បែក​គ្នា និង​ឈ្លោះ​គ្នា ខ្ញុំ​ជ្រើស​មួយ​ណា?

ខ្ញុំ​ប្រាកដ​ជា​យក​ឈ្លោះ​គ្នា​ហើយ តែ​ឈ្លោះ​ក៏​ត្រូវ​មាន​កម្រិត​ដែរ មិន​មែន​មិន​ដឹង​ក្បាល​កន្ទុយ​នោះ​ឡើយ។ ពួក​ខ្ញុំ​បាន​ផ្ដល់​ពេល​វេលា​ឲ្យ​គ្នា ដើម្បី​ពិចារណា​ពី​កំហុស​រៀង​ខ្លួន។ ក៏​ចាប់​តាំង​ពី​ពេល​នោះ​មក ខ្ញុំ និង​គេ រាល់​ពេល​មាន​រឿង​អ្វី​មិន​ត្រូវ​ចិត្ត​ពី​ភាគី​ម្ខាង តែង​និយាយ​ចំ​ៗ លែង​សម្ងំ​ដូច​មុន ព្រោះ​ពេល​វេលា​ដែល​មិន​ស្ដី​រក​គ្នា​នោះ ហាក់​ដូច​កំពុង​សម្លាប់​ពួក​យើង​ទាំង​២​ដែរ។

មនោសញ្ចេតនា​គ្មាន​ពេល​ណា​ដែល​ល្អ​ឥត​ខ្ចោះ​នោះ​ឡើយ មាន​តែ​អ្នក​ដែល​ស្ថិត​ក្នុង​មនោសញ្ចេតនា​នោះ​ចេះ​អត់​អោន​ឲ្យ​គ្នា​ឬ​អត់​ប៉ុណ្ណោះ។ ដូច​នេះ​កុំ​ស្ដាយ​ប៉ុន្មាន​នាទី​សម្រាប់​ទទួល​កំហុស​ខ្លួន​ឯង ក៏​ដូច​ជា​លើកលែង​ឲ្យ​កំហុស​របស់​គេ។ មាន​តែ​ដូច​នេះ​ទេ ទើប​ដើរ​ជាមួយ​គ្នា​យូរ​អង្វែង​បាន៕

ចុចអាន៖

អត្ថបទ៖ Caramel

អត្ថបទពេញនិយម