បែក​គ្នា​ហើយ កុំ​ធ្វើ​រឿង​ទាំង​នេះ​ដាក់​ Ex នាំ​តែ​គេ​បាន​ចិត្ត និង​មើល​ងាយ

  • 2018-05-14 03:04:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

របួស​​ដែល​បាន​កើត​ឡើង​ហើយ ទោះ​បី​ជា​សះ​ក៏​ដោយ ក៏​នៅ​តែ​មាន​ស្លាកស្នាម​ជាប់​ដែរ។ ស្នេហា​ក៏​ដូច​គ្នា រវាង​មនុស្ស​ពីរ​នាក់​ បើ​ជ្រុល​ជា​បែក​គ្នា​ហើយ គឺ​ពិបាក​នឹង​បំភ្លេច​ស្លាកស្នាម​ឈឺចាប់ ហើយ​មក​ត្រូវ​គ្នា​វិញ​បាន​ណាស់។ ដូច្នេះ​យក​ល្អ កុំ​ព្យាយាម​កុហក​ខ្លួន​ឯង និង​ធ្វើ​ឱ្យ​ខ្លួន​ឯង​កាន់​តែ​ឈឺ​ដោយ​ធ្វើ​រឿង​ទាំង​នេះ​ជាមួយ​ Ex ទៀត​ ព្រោះ​វា​នឹង​គ្មាន​ប្រយោជន៍​ឡើយ។ ផ្ទុយ​ទៅ​វិញ បើ​គេ​ដឹង គេ​នឹង​បាន​ចិត្ត ឬ​ហ៊ាន​មើល​ងាយ​អ្នក​ជា​មិន​ខាន។

តាមដាន​គេ​លើ​បណ្ដាញ​សង្គម

បណ្ដាញ​សង្គម​គឺ​ជា​កន្លែង​គ្រោះថ្នាក់​បំផុត​សម្រាប់​អ្នក​កំពុង​​ឈឺចាប់។ អ្នក​នឹង​ឃើញ​អ្វី​ដែល​មិន​គួរ​ឃើញ ឬ​បើ​អ្នក​តាំង​ចិត្ត​ចង់​ឃើញ​វា អ្នក​នឹង​កាន់​តែ​ធ្វើ​បាប​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ។ ដូច្នេះ​ដើម្បី​ជៀសវាង​អារម្មណ៍​ឈឺចាប់​មិន​អាច​ទ្រាំ​បាន គួរ​កំណត់​ខ្លួន​ឯង​នូវ​រឿង​២​យ៉ាង​នេះ គឺ​មិនត្រូវ​ផុស​អ្វី​ទាក់ទង​នឹង​ការ​បែក​គ្នា ទោះ​បី​ដោយ​ហេតុ​ផល​អ្វី​ក៏​ដោយ។ ទី​២ គួរ​ Unfriend​ ម្នាក់​នោះ​ចោល ដើម្បី​ជៀសវាង​ការ​ចុច​មើល ឬឃើញ​អ្វី​​​ថ្មី​ទាក់ទង​នឹង​គេ ដូច​ជា​ការ​រស់​នៅ​ គេ​មាន​អ្នក​ថ្មី​ឬ​អត់ ជា​ដើម ព្រោះ​​ចង់​មិន​ចង់ វា​គង់​តែ​ធ្វើ​ឱ្យ​អ្នក​ចុកចាប់ ពេល​ឃើញ​អ្វី​អំពី​គេ​នោះ។

និយាយ​អាក្រក់​ពី​គេ​ប្រាប់​មិត្ត​អ្នក

​ទោះ​បី​ម្នាក់​នោះ​ធ្លាប់​ធ្វើ​ឱ្យ​អ្នក​ឈឺ​ចាប់​យ៉ាង​ណា​ក៏​ដោយ គួរ​ចេះ​លាក់​វា​ទុក មិន​ត្រូវ​ទៅ​ដើរ​និយាយ​បើក​កកាយ​ប្រាប់​អ្នក​ដទៃ​ឡើយ។ វា​គ្មាន​បាន​ប្រយោជន៍​អ្វី ក្រៅ​ពី​ត្រូវ​អ្នក​ដទៃ​ទាំង​នោះ​វាយ​តម្លៃ​អ្នក​ថា​ជា​មនុស្ស​យក​រឿង​អាក្រក់​អ្នក​ដទៃ​ដើរ​ប្រាប់​គេ និង​ទម្លាប់​កំហុស​ឱ្យ​គេ​នោះ​ទេ។ ទោះ​យ៉ាង​ណា គួរ​ដឹង​វា​តែ​ខ្លួន​ឯង​និង​ Ex ម្នាក់​នោះ​បាន​ហើយ ព្រោះ​ថា​ខុស​ឬ​ត្រូវ​ សាមី​ខ្លួន​ទាំង​ពីរ​ដឹង​ច្បាស់​ជាង​គេ ហើយ​បើ​ដើរ​និយាយ​ប្រាប់​គេ ក៏​មិន​អាច​ជួយ​អ្វី​បាន​ដែរ ព្រោះ​អ្នក​ទាំង​ពីរ​ក៏​បែក​គ្នា​ហើយ​ដែរ។

តេ ឬ​ផ្ញើ​សារ​​ទៅ Ex ពេល​ស្រវឹង

បើ​អ្នក​ពិត​ជា​នៅ​ស្រលាញ់​គេ ស្ថានភាព​ស្រវឹង​គឺ​ជា​ពេល​ដ៏​គ្រោះថ្នាក់បំផុត​ដែល​អ្នក​អាច​នឹង​ធ្វើ​រឿង​ទាំង​នេះ​ទៅ​គេ ដើម្បី​ឱ្យ​គេ​នៅ​តែ​មាន​អារម្មណ៍​ថា អ្នក​ទុក​គេ​សំខាន់​ដដែល។ ប៉ុន្តែ​​មិន​គួរ​បណ្ដោយ​ខ្លួន​ឯង​ឱ្យ​ក្លាយ​ជា​មនុស្ស​គួរ​ឱ្យ​អាណិត​បំផុត​ក្នុង​លោក​នៅ​ចំពោះ​មុខ​អ្នក​ដែល​យើង​បាន​បែក​ជាមួយ​ហើយ​នោះ​ទេ ព្រោះ​ម្នាក់​នោះ​នឹង​គិត​ថា គ្មាន​គេ ជីវិត​អ្នក​នឹង​មិន​អាច​រស់​នៅ​បាន​ឡើយ។

ចុចអាន៖ ស្រី​ៗ​មិន​គួរ​ធ្វើ​រឿង ៥ យ៉ាង​ដាច់ខាត ពេល Ex ផ្ញើ​សារ​មក

យំ​នៅ​ចំពោះ​មុខ​ Ex

កាន់​តែ​ធ្ងន់ធ្ងរ​ជាង​ចំណុច​ទី​៣​​ទៅ​ទៀត។ បើ​ជ្រុល​ជា​បែក​គ្នា គ្មាន​ហេតុ​ផល​អី​ដែល​យើង​ត្រូវ​ទៅ​បង្ហាញ​ចំណុច​ខ្សោយ​នៅ​ចំពោះ​មុខ​គេ​ឡើយ។ ក្រៅ​ពី​ធ្វើ​ឱ្យ​បាន​ចិត្ត គេ​នឹង​វាយ​តម្លៃ​ថា​យើង​រស់​ខ្វះ​គេ​មិន​បាន ហើយ​អ្នក​ក៏​មិន​អាច​ធ្វើ​ខ្លួន​ឱ្យ​រឹងមាំ​ដើម្បី​ទទួល​យក​អ្នក​ថ្មី​ដែល​ល្អ​ជាង​គេ​បាន​ដែរ។ ទឹក​ភ្នែក​គឺ​ជា​របស់​មាន​តម្លៃ​ណាស់ ហេតុ​អី​ត្រូវ​មក​បង្ហាញ​ឱ្យ​គេ​ឃើញ​ងាយៗ? ត្រូវ​ធ្វើ​ចិត្ត​ឱ្យ​រឹង ខាំ​ធ្មេញ​សង្កត់​ចិត្ត កុំ​ឱ្យ​ទឹក​ភ្នែក​មួយ​តំណក់​រមៀល​នៅ​មុខ​គេ ចាំ​មក​ដល់​ផ្ទះ ចង់​យំ​ប៉ុន្មាន​ថ្ងៃ​ក៏​មិន​អី​ដែរ។

ព្យាយាម​ផ្សះផ្សា​ ឬ​សុំ​គេ​ធ្វើ​ជា​មិត្ត

កម្រ​មាន​ណាស់ អ្នក​ដែល​បែក​គ្នា​ហើយ​អាច​ជានា​ធ្វើ​ជា​មិត្ត​នឹង​គ្នា​បាន លុះត្រា​តែ​អ្នក​អាច​ទ្រាំ​មើល​ ពេល​គេ​មាន​អ្នក​ថ្មី​បាន។ ពុំ​នោះ​ទេ អ្នក​មិន​ទាន់​អាច​ទទួល​យក​រឿង​ទាំង​នេះ​បាន​ឡើយ កុំ​និយាយ​ថា​ខ្លួន​ឯង​រឹង​មាំ ឬ​បែក​គ្នា​យូរ​យ៉ាង​ណា​ហើយ​ក្ដី។ វិធី​ដ៏​ល្អ គឺ​ផ្ដាច់​ខ្លួន​ឱ្យ​ឆ្ងាយ​ពី​គេ​ បើ​ម្នាក់​នោះ​មក​សុំ​ធ្វើ​មិត្ត ត្រូវ​ចេះ​ប្រកែក បើ​អ្នក​នៅ​មាន​អារម្មណ៍​មិន​ទាន់​ស្រួល ព្រោះ​អ្នក​ដែល​ធ្លាប់​ធ្វើ​ឱ្យ​អ្នក​ឈឺ​ម្ដង​ហើយ គ្មាន​តម្លៃ​អី​ដែល​មក​អាច​ក្លាយ​ជា​មិត្ត​បាន​ឡើយ។

ឃុំ​ខ្លួន​ឯង ឬ​រត់​គេច​ខ្លួន​ពី​អ្នក​ផង

អ្នក​មិន​មែន​ជា​ពិរុទ្ធជន​ផង រឿង​អី​ត្រូវ​រត់គេច​ខ្លួន​ដូច​ជា​មនុស្ស​មាន​ទោស? ត្រូវ​ធ្វើ​ខ្លួន​ដូច​ធម្មតា ទោះ​មាន​អ្នក​ដឹង​រឿង​ឬ​សួរ​នាំ ត្រូវ​ធ្វើ​ធម្មតា កុំ​ឱ្យ​គេ​ចាប់​បាន​ថា​អ្នក​កំពុង​កើត​ទុក្ខ​ខ្លាំង រហូត​ចង់​ទៅ​ណា​​ឱ្យ​ឆ្ងាយ ឬ​ធ្វើ​រឿង​ដែល​មិន​គួរ​ធ្វើ។ អ្វី​ដែល​ត្រូវ​ធ្វើ​ក្រោយ​បែក​គ្នា​ហើយ គឺ​ឱ្យ​គេ​ឃើញ​ថា "ខ្ញុំ​នឹង​នៅ​តែ​ញញឹម​ចេញ ខ្ញុំ​នឹង​នៅ​តែ​ជា​ខ្ញុំ ទោះ​គ្មាន​អ្នក​ក៏​ដោយ"។

សង​សឹក

ចំណុច​នេះ​នឹង​ធ្វើ​ឱ្យ​អ្នក​ក្លាយ​ជា​មនុស្ស​អាក្រក់ ត្រូវ​គេ​ស្អប់​ដោយ​មិន​ដឹង​ខ្លួន។ ក្រៅ​ពី​នេះ ការ​សងសឹក​មិន​អាច​ជួយ​ឱ្យ​អ្នក​បាន​ស្រាកស្រាន្ត​ចិត្ត​ពិត​ប្រាកដ​ឡើយ តែ​វា​រឹត​តែ​ធ្វើ​ឱ្យ​អ្នក​កាន់​តែ​ឈឺចាប់​ និង​ជូរចត់​លើស​ដើម៕

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម