តារា​ចម្រៀង​ប្រុស​ល្បី​លេខ​១​វៀតណាម​បដិសេធ​តំណែង​តួឯក​រឿង "ម្ចាស់​ព្រះ​អាទិត្យ"

  • 2018-04-30 03:29:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ដឹកនាំ​រឿង​ភាគ "Descendants of the Sun” របស់​វៀតណាម​បាន​ឲ្យ​ដឹង​ថា​​ខ្លួន​កំពុង​ជួប​ផល​ពិបាក​ក្នុង​ការ​ជ្រើសរើស​តួ​នៅ​ពេល​តារា​ចម្រៀង​ល្បី​ឈ្មោះ Son Tung MTP បដិសេធ​តំណែង​តួឯក​ដែល​លោក​ផ្ដល់​ឲ្យ។

កាល​ពី​ថ្ងៃ​ទី​១៣​ខែ​មេសា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន​វៀតណាម​បាន​ចុះផ្សាយ​ពី​ក្រុមហ៊ុន​មួយ​ក្នុង​ប្រទេស​បាន​ទិញ​សិទ្ធិ​ដើម្បី​ផលិត​រឿង "ម្ចាស់​ព្រះអាទិត្យ" ឡើង​វិញ​បាន​សម្រេច។ បន្ទាប់​មក អ្នក​ដឹកនាំ​រឿង Tran Buu Loc បាន​ឲ្យ​ដឹង​ថា​ជម្រើស​ទី​១​របស់​លោក​សម្រាប់​តំណែង​តួឯក​ប្រុស​គឺ តារា​ចម្រៀង​ល្បី​លេខ​១​ប្រចាំ​ប្រទេស MTP។

យ៉ាងណាក្ដី ប្រុស​ស្អាត​វ័យ​២៣​ឆ្នាំ​រូប​នេះ មិន​បាន​ទទួល​យក​សំណើ​ខាង​លើ​ឡើយ ព្រោះ​គិត​ថា​ខ្លួន​មិន​សម​នឹង​តួ​អង្គ​ខាង​លើ។ ក្រោយ​ពេល​ត្រូវ​បដិសេធ​បែប​នេះ អ្នក​ដឹក​នាំ​ខាង​លើ​មិន​ទាន់​បង្ហើប​ពី​ជម្រើស​ទី​២​របស់​ខ្លួន​នៅ​ឡើយ​ទេ ព្រោះ​រក​មិន​ទាន់​ឃើញ។

គួរ​បញ្ជាក់​ផង​ដែរ​ថា MTP គឺ​ជា​តារា​ចម្រៀង​យុវវ័យ​ល្បី​ឈ្មោះ​របស់​វៀតណាម។ តារា​កើត​ឆ្នាំ​១៩៩៤ មាន​អ្នក​គាំទ្រ​១០​លាន​នាក់​លើ​បណ្ដាញ​សង្គម Facebook និង​២​លាន​នាក់​លើ Instagram។ លោក​ក៏​ជា​តារា​ចម្រៀង​ទោល​ទី​១​ដែល​មាន​វីដេអូ Youtube មាន​ចំនួន​អ្នក​មើល​ជាង​១០០​លាន​ដង​ផង​ដែរ៕

ប្រភព៖ Zing ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម