ចង់​​បាន​រាង​ស្អាត គ្មាន​​ក្បាល​ពោះ ញ៉ាំ​ភេសជ្ជៈ​ប៉ុន្មាន​មុខ​នេះ​

  • 2018-04-28 08:55:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភេសជ្ជៈ​មួយ​ចំនួន​ក៏​មាន​សារសំខាន់ និង​ជា​ចំណែក​ដែល​ចូលរួម​សម្រក​ទម្ងន់​របស់​យើង​បាន​ដែរ ប៉ុន្តែ​បើ​យើង​មិន​ប្រយ័ត្ន​ ចេះ​តែ​ជ្រើសរើស​ផឹក​ភេសជ្ជៈ​តាម​ខ្លួន​ចូលចិត្ត​នោះ មិន​ត្រឹម​តែ​មិន​ស្គម​ទេ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​យើង​កាន់​តែ​ធាត់​ថែម​ទៀត។ ដូច្នេះ​ហើយ​ថ្ងៃ​នេះ កញ្ញា សូម​ណែនាំ​នូវ​ភេសជ្ជៈ​ធម្មជាតិ​មួយ​ចំនួន​ដែល​អាច​ជួយ​ឲ្យ​នារី​ៗ​មាន​រាង​ស្គម​ស្អាត​បាន បើ​សិន​អ្នក​ទទួលទាន​ដោយ​វិធី​ត្រឹមត្រូវ​ដូច​ខាង​ក្រោម​នេះ៖

១. ទឹក​ទំពាំងបាយជូរ​ស្រស់

នៅ​ក្នុង​ផ្លែ​ទំពាំងបាយជូរ មាន​សរសៃ​ហ្វាយប៊ឺ មួយ​ប្រភេទ​ដែល​មាន​សារធាតុ​ប្រឆាំងរ៉ាឌីកាល់សេរី និង​ជួយ​ជំរុញ​ការ​ដុត​រំលាយ​ជាតិ​ខ្លាញ់​ចាស់ និង​ថ្មី​ក្នុង​រាងកាយ ហើយ​ក៏​ជា​ទឹក​ផ្លែ​ឈើ​ស្រស់​ដែល​អាច​ញ៉ាំ​បាន​ដោយ​មិន​ចាំបាច់​ថែម​ស្ករ​​ទៀត​ផង ព្រោះ​វា​មាន​ជាតិ​ផ្អែម​ដោយ​ធម្មជាតិ​ហើយ។ ដូច្នេះ​ហើយទើប​វា​អាច​ជួយ​បន្ថយ​ភាព​ធាត់ មិន​ធ្វើ​ឲ្យ​ឡើង​គីឡូ និង​ជួយ​ឲ្យ​មាន​កម្លាំង​មិន​ហេវ​ច្រើន។

២. ទឹក​ម្នាស់​ស្រស់

នៅ​ក្នុង​ផ្លែ​ម្នាស់​ មាន​ជាតិ​អាស៊ីដ​ដែល​ជួយ​រំលាយ​ជា​ពិសេស​នូវ​អាហារ​ពពួក​ប្រូតេអ៊ីន ដូច្នេះ​ហើយ​ទើប​អាច​ជួយ​សម្រួល​ដល់​អាការ​ចុក​សៀត និង​តឹង​ពោះ។ មិន​តែ​ប៉ុណ្ណោះ​វា​ក៏​អាច​ជួយ​រំលាយ​អាហារ​ដែល​មាន​ជាតិ​អាស៊ីដ និង​ជាតិ​ក្បុង ព្រម​ទាំង​ជួយ​សម្រួល​ដល់​សាច់​ដុំ​ក្នុង​រាងកាយ បញ្ចេញ​ជាតិ​ពុល និង​មាន​ជាតិ​វីតាមីន​ល្អ​ៗ​ជា​ច្រើន។

៣. ទឹក​សណ្ដែក

នៅ​ក្នុង​ទឹក​សណ្ដែក​មាន​សារធាតុ​ប្រូតេអ៊ីន​ច្រើន ដែល​ជួយ​ឲ្យ​យើង​​ឆ្អែត​បាន​យូរ ផឹក​ហើយ​មិន​មាន​អារម្មណ៍​ថា​ឃ្លាន ព្រម​ទាំង​មាន​សារធាតុ​ចិញ្ចឹម​ដែល​ធ្វើ​ឲ្យ​អ័រម៉ូន​របស់​មនុស្ស​ស្រី​ធ្វើ​ការ​បាន​ល្អ​ថែម​ទៀត។ ចង់​ទទួល​បាន​ប្រសិទ្ធភាព​គឺ​ត្រូវ​ជ្រើសរើស​ទឹក​សណ្ដែក​ដែល​គ្មាន​ជាតិ​ស្ករ ឬ​ជាតិ​ស្ករ​តិច​បំផុត។

៤. ទឹក​ឃ្មុំ​លាយ​នឹង​ទឹក​ក្រូច​ឆ្មារ​ក្ដៅ​ឧណ្ហ​ៗ

ទឹក​ឃ្មុំ​​មាន​គុណ​ប្រយោជន៍​ជួយ​បម្រុង​ឈាម ប្រឆាំង​តទល់​នឹង​ការ​រលាក ចំណែក​ទឹក​ក្រូច​ឆ្មារ​គឺ​ពោរពេញ​ទៅ​ដោយ​វីតាមីន C និង​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី។ ​អាច​ធ្វើ​បាន​ដោយ​គ្រាន់​តែ​​ប្រើ​​ទឹក​ក្ដៅ​ឧណ្ហ​ៗ​មួយ​កែវ លាយ​ជាមួយ​ក្រូច​ឆ្មារ​​មួយ​ផ្លែ និង​បន្ថែម​ទឹក​ឃ្មុំ​ ១ស្លាប​ព្រា​បាយ​ចូល ហើយ​កូរ​ឲ្យ​ចូល​គ្នា។ ទទួលទាន​ទាន់​នៅ​ក្ដៅ​ឧណ្ហ​ៗ​ដើម្បី​ឲ្យ​ឈាម​ដើរ​បាន​ស្រួល និង​ជួយ​ដល់​ការ​រំលាយ​អាហារ។

៥. ទឹក​ប៉េងប៉ោះ

នៅ​ក្នុង​ប៉េងប៉ោះ​មាន​សារធាតុ Lycopene វីតាមីន C វីតាមីន A និង​វីតាមីន E ខ្ពស់ ដែល​ជួយ​ដល់​ផ្នែក​ចក្ខុ ការ​កសាង​ជាលិកា និង​ជួយ​បន្ថែម​ដល់​ប្រព័ន្ធ​ប្រឆាំង​រ៉ាឌីកាល់សេរី ធ្វើឲ្យ​ឆាប់​ឆ្អែត ថែម​ទាំង​ជួយ​ឲ្យ​ស្បែក​ស្អាត សុខភាព​ល្អ​ថែម​ទៀត។

៥. ទឹក​ខ្ញី

ខ្ញី​គឺ​ជា​រុក្ខជាតិ​ដែល​មាន​ជាតិ​ហិល​ក្ដៅ ដែល​ជួយ​​បន្ថយ​អាការ​ហើម​ពោះ ធ្វើ​ឲ្យ​​ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើ​ការ​បាន​ធម្មតា ព្រម​ទាំង​មាន​ចំណែក​ជួយ​ដល់​ការ​ជំរុញ​​ដល់​ចរន្ត​ឈាម​ឲ្យ​ធ្វើ​ការ​បាន​កាន់​តែ​ស្រួល​ទៀត​ផង។ ជា​ពិសេស​ខ្ញី​អាច​បន្ថែម​ប្រសិទ្ធភាព​ចំពោះ​ការ​ដុត​រំលាយ​ខ្លាញ់​ផង​ដែរ ប៉ុន្តែ​សុំ​កុំ​ដាក់​បន្ថែម​ស្ករ ឬ​ទឹក​ឃ្មុំ​ ទើប​មាន​ប្រសិទ្ធភាព។

ចាប់​អារម្មណ៍​ភេសជ្ជៈ​មួយ​ណា​អាច​ធ្វើ ឬ​រក​ទិញ​មក​ញ៉ាំ​បាន ហើយ​កុំ​ភ្លេច​ញ៉ាំ​អាហារ​ក្រុម​ផ្សេង​ៗ​ឲ្យ​បាន​គ្រប់គ្រាន់​ផង ព្រម​ទាំង​ហាត់​ប្រាណ និង​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ ទើប​អាច​សម្រក​ទម្ងន់​បាន​យ៉ាង​មាន​សុខភាព​ល្អ ៕

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម