ពីដើម មនុស្ស​ស្រី​ទាល់​​តែ​មាន​៣១​ចំណុច​នេះ​ទើប​ហៅ​ថា​«ស្រី​គ្រប់​លក្ខណ៍​»បាន

  • 2018-04-25 04:41:29
  • ចំនួនមតិ 2 | ចំនួនចែករំលែក 151

ចន្លោះមិនឃើញ

«ស្រី​គ្រប់​លក្ខណ៍» ឬ «ស្រី​ខាត​លក្ខណ៍» ឃ្លា​នេះ​យើង​ប្រាកដ​ជា​ធ្លាប់​ឮ​ ជា​​ពិសេស​ពី​មាត់​ចាស់ៗ​តែម្ដង។ យ៉ាង​ណា​មិញ​យោងតាមសៀវភៅ សុជីវធម៌ប្រចាំគ្រួសារប្រចាំសង្គម និពន្ធដោយ លោកអាចារ្យ សុង ស៊ីវ បានរៀបរាប់ថា កាល​ពី​ដើម​​ឡើយ មនុស្ស​ស្រី​ទាល់​​តែ​មាន​៣១​ចំណុច​នេះ​ទើប​គេ​ហៅ​ថា​ស្រី​គ្រប់​លក្ខណ៍​បាន៖

រូបតំណាង

១.​ មិន​ចេះ​អេចអូច​និយាយ​ដើម​គេ​។

២.​ ចេះ​គួរសម​ក្រោក​ទទួល​មាតា​បិតា ​និង​ស្វាមី​។

៣.​ ដឹង​គុណ​ តប​គុណ​ មាតា​បិតា​ញាតិ​សន្តាន​ ទាំង​​ពីរ​ខាង​។

៤.​ មិន​ចេះ​ដេក​ថ្ងៃ​។

៥. ​មិន​ភ្លីភ្លើ​ភ្លេច​មុខ​ភ្លេច​ក្រោយ​។

៦.​ ចេះ​ថែ​ទាំ​របស់​ទ្រព្យ​។

៧.​ មិន​ផិត​ក្បត់​ស្វាមី​។

៨.​ មិន​ចេះ​ប្រច័ណ្ឌ​ស្វាមី​។

៩.​ គ្មាន​កលមាយា​។

១០.​ មិន​រំសាយ​សក់​ឲ្យ​គេ​ឃើញ​។

១១ .​ មាន​ចិត្ត​អត់​ធន់​ធ្ងន់ធ្ងរ​។

១២.​ មាន​ជើង​ស្រាល​មិន​ដើរ​តន្ត្រំ​ក្តុង​ក្តាំង។

១៣.​ មិន​ឈរ​ឬ​អង្គុយ​សំញែង​កាយ​ឲ្យ​គេ​ឃើញ​។

១៤.​ មិន​ដើរ​ញ៉ិកញ៉ក់​កាច់​រាង​។

១៥.​ ចេះ​សង្រួម​ភ្នែក​មិន​ក្រឡេក​រឡេមរឡាម​។

១៦.​ មាន​ដំណើរ​ល្អ​ មិន​គ្រលែង​កាយ​ចំទយ​គូទ​។

១៧.​ មិន​បង់​បោយ​ញាក់​ស្មា​ គ្រលែង​ដើម​ដៃ​។

១៨.​ មាន​សំឡេង​តិច​​ច្បាស់លាស់​ មិន​និយាយ​ឡូឡា​។

១៩.​​ មិន​ចេះ​ឡេះឡោះ​លេង​សើច​។

២០.​ មិន​និយាយ​ផ្ដោះផ្ដង​ចំពោះ​បុរស​និង​ស្ត្រី​។

២១.​មិន​ទម្រន់​ ធ្វើ​ការ​ណា​ធ្វើ​ទាល់​តែ​ហើយ​ការ​នោះ​។

២២.​ ទៅ​ទីណា​ឆាប់​ត្រឡប់​វិញ​ មិន​ញៀន​អង្គុយ​ផ្ទះ​គេ​។

២៣.​ ចេះ​ទុក​ដាក់​ឥវ៉ាន់​ក្នុង​ពេល​គួរ​ទុក​ដាក់​។

២៤.​ ចេះ​រៀប​ចំ​ផ្ទះ​សំបែង​។

២៥.​ ចេះ​តុបតែង​គ្រឿង​ឧបភោគ​បរិភោគ​។

២៦.​ ខ្លាច​ចិត្ត​ស្វាមី​មាតាបិតា​ ហើយ​គោរព​តាម​ឱវាទ។

២៧.​ បរិភោគ​ចំណី​អាហារ​ ក្រោយ​ស្វាមី​ និង​មាតា​បិតា​។

២៨.​ ឈប់​បរិភោគ​មុន​ស្វាមី​និង​មាតា​បិតា​។

២៩.​ ដេក​លក់​ក្រោយ​ស្វាមី​។

៣០.​ ភ្ញាក់​មុន​ស្វាមី​។

៣១.​ មាន​មេត្តា​ករុណា​ចេះ​ធ្វើ​បុណ្យ​ទាន​។

រូបភាព​ផ្ដល់សិទ្ធិ​ដោយ៖ Gentle Photography

ស្ត្រី​ដែល​ប្រកប​ដោយ​លក្ខណៈ​គ្រប់​ពេញ​ទាំង​៣១​នេះ​ ហៅ​ថា​ស្រី​គ្រប់​លក្ខណ៍​ បើ​មិន​ពេញ​ទេ​មាន​ខ្វះ​ខាត​ខ្លះ​ហៅ​ថា​ស្រី​ខាត​លក្ខណ៍​ បើ​មាន​ត្រង់​នេះ​ខ្លះ​ត្រង់​នោះ​ខ្លះ​រដាច់​រដោច​ហៅ​ថា​ស្រី​ដាច់​លក្ខណ៍​ឬ ​មី​កំដាច់​លក្ខណ៍​៕

ចុចអាន៖មួយ​ជីវិត​​មនុស្ស​មាន​១០​ឆ្នាំ​ប៉ុន្មាន​ដង? ​ចំណាយ​ពេល​អាន​​នឹង​ដឹង​ថា​ប្រើ​ជីវិត​យ៉ាង​ណា​ឲ្យ​មាន​ន័យ


អត្ថបទ៖ ផេង ផលធិតា