​វិធី​បង្រៀន​ខ្លួន​ឯង​ឲ្យ​ឈប់​​គិត​ច្រើន​ពី​​​សម្ដី​ឥត​ប្រយោជន៍​​របស់​អ្នក​ដទៃ

  • 2018-04-23 09:16:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ​ការ​គិត​ច្រើន​អំពី​ការ​យល់​ឃើញ​របស់​អ្នក​ដទៃ​ចំពោះ​ខ្លួន គឺ​ជា​រនាំង​មួយ​ដែល​ធ្វើ​ឲ្យ​​ជីវិត​យើង​មិន​អាច​រីក​ចម្រើន​បាន។ ប្រសិន​បើ​អ្នក​ជា​មនុស្ស​ដែល​ខ្វាយខ្វល់​ពី​អ្វី​ដែល​អ្នក​ដទៃ​គិត​ពាក់ព័ន្ធ​នឹង​អ្នក​គ្រប់​ពេល​វេលា តែង​ខ្វល់​បញ្ហា​​ពាក្យ​ចចាមអារ៉ាម ឬ​ក៏​ព្យាយាម​​ផ្គាប់​​ចិត្ត​មនុស្ស​ច្រើន​ពេក អត្ថបទ​នេះ​នឹង​ជួយ​​ឲ្យ​អ្នក​ដើរ​​ក្នុង​ផ្លូវ​ត្រូវ ក្នុង​ការ​ផ្លាស់​ប្ដូរ​ការ​គិត​ដែល​គ្មាន​ប្រយោជន៍​ទាំង​នោះ៖

១. ឈប់​គិត​ច្រើន​ទៀត

ភាគ​ច្រើន នៅ​ពេល​អ្នក​គិត​ថា​អ្នក​ត្រូវ​គេ​វាយ​តម្លៃ តាម​ពិត​វា​មិន​ដូច្នោះ​ទេ។ វា​ពិបាក​ពេក​ហើយ​ដែល​មនុស្ស​​ម្នាក់​ៗ​ត្រូវ​ទៅ​វាយ​តម្លៃ​មនុស្ស​​គ្រប់​គ្នា​ដែល​ខ្លួន​ជួប ហើយ​ទៅ​វិភាគ​លើ​កំហុស​ឆ្គង​នានា​របស់​គេ។ ដូច្នេះ​កុំ​បាច់​ខ្លាច​ថា​អ្នក​ដទៃ​គិត​យ៉ាង​នេះ​គិត​យ៉ាង​នោះ​មក​លើ​ខ្លួន ព្រោះ​ភាគ​ច្រើន​គេ​មិន​សូវ​បាន​ចាប់​អារម្មណ៍​លើ​អ្នក​ទេ។

២. ផ្ដោត​លើ​គោលដៅ​របស់​ខ្លួន

អ្នក​ដែល​រវល់​តែ​ផ្ដេកផ្ដួល​​នឹង​អ្វី​ដែល​អ្នកដទៃ​គិត តែង​​យក​សម្ដី ឬ​ពាក្យ​ចចាមអារ៉ាម​ទាំង​ឡាយ​មក​គិត​នេះ​គិត​នោះ ហើយ​មិន​អាច​មើល​ឃើញ​រូបភាព​ទូលាយ​បាន។ ប៉ុន្តែ​អ្នក​​ដែល​មិន​​​ផ្ដេកផ្ដួល​លើ​ការ​គិត​អ្នក​ដទៃ នឹង​អាច​មើល​ឃើញ​អ្វី​ច្រើន​ជាង​ និង​សម្រេច​គោលដៅ​បាន​រហ័ស​ជាង។ អ្នក​មាន​ឱកាស​តែ​ម្ដង​ទេ​ក្នុង​ការ​ប្រើ​ជីវិត ដូច្នេះ​តើ​អ្នក​សុខ​ចិត្ត​ឲ្យ​ការ​គិត​អ្នក​ដទៃ​មក​ធ្វើ​ឲ្យ​ជីវិត​អ្នក​លែង​មាន​ភាព​រីករាយ​យ៉ាង​ហ្នឹង​ឬ?

៣. ជឿជាក់​លើ​ខ្លួន​ឯង

វិធី​ល្អ​មួយ​ដើម្បី​​កុំ​ឲ្យ​ការ​គិត​របស់​អ្នកដទៃ​មាន​ឥទ្ធិពល​គ្រប​ដណ្ដប់​លើ​​ជំហរ​របស់​អ្នក​នោះ គឺ​អ្នក​ត្រូវ​មាន​ជំនឿ​ចិត្ត​កាន់​តែ​ច្រើន​ក្នុង​ការ​សម្រេច​ចិត្ត និង​ទង្វើ​នានា​របស់​ខ្លួន។ ដរាប​ណា​អ្នក​មិន​ធ្វើ​អ្វី​ប៉ះពាល់​ដល់​សង្គម និង​អ្នក​ដទៃ នោះ​អ្នក​គ្មាន​ហេតុផល​អ្វី​ត្រូវ​ខ្វល់​នឹង​ពាក្យ​រិះគន់​ដែល​គ្មាន​ហេតុផល​ទាំង​នោះ​ឡើយ។

៤. ព្រម​ទទួល​ស្គាល់​ថា​ខ្លួន​ឯង​ជា​នរណា

ប្រាកដ​ណាស់ ការ​ទទួល​ស្គាល់​​ធាតុ​ពិត​របស់​ខ្លួន​គឺ​មិន​មែន​ជា​រឿង​ងាយ​ទេ។ ​ប៉ុន្តែ​អ្នក​ត្រូវ​ទទួល​ស្គាល់​ការ​ពិត​ថា មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​មាន​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​រៀង​ៗ​ខ្លួន ដូច្នេះ​​បើ​អ្នក​ដឹង​ថា​ខ្លួន​ខ្លាំង​លើ​ចំណុច​អ្វី​ អ្នក​ត្រូវ​​​សប្បាយ​ចិត្ត​នឹង​ខ្លួន​​ឯង ហើយ​ត្រូវ​ចេះ​អភ័យ​ទោស​ឲ្យ​ខ្លួន​ឯង​ចំពោះ​ចំណុច​ខ្សោយ​ដែល​អ្នក​មិន​អាច​កែប្រែ​បាន ៕

ចុចអាន៖

ប្រភព៖ rugyim ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម