អាថ៌កំបាំង ៣ យ៉ាង​ស្រីៗ​ត្រូវ​ដឹង​ដាច់​ខាត បើ​ចង់​នៅ​តែ​ក្មេង មិន​ងាយ​ចាស់

  • 2018-04-23 04:56:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាយុ​កាន់​ច្រើន ច្បាស់​ណាស់​ស្ថានភាព​សុខភាព និង​សម្រស់​ក៏​ទៅ​តាម​ហ្នឹង​ដែរ។ តែ​ដោយ​សារ​ទម្លាប់​រស់​នៅ ខ្លះ​ក៏​សម្រស់​ក៏​ចាស់​មុន​អាយុ ឯ​សុខភាព​ទ្រុឌទ្រោម​លឿន ឯ​ខ្លះ​ទៀត អាយុ ៣០ ឆ្នាំ​ជាង មើល​ទៅ​ដូច​ទើប​តែ ២០ ឆ្នាំ​អ៊ីចឹង។

មុខ​មិន​ងាយ​ចាស់ សុខភាព​នៅ​រឹង​មាំ មិន​មែន​ជា​រឿង​ចៃដន្យ​នោះ​ឡើយ ពោល​គឺ​ម្នាក់​នោះ ចេះ​គ្រប់គ្រង​ទម្លាប់​ការ​រស់​នៅ​របស់​ខ្លួន​បាន​ល្អ មិន​ថា​ការ​ហូប​ចុក ការ​ថែ​រក្សា​ស្បែក ដំណេក កីឡា នោះ​ឡើយ។ អត្ថបទ​នេះ នឹង​បង្ហាញ​អាថ៌កំបាំង ៣ យ៉ាង​ស្រីៗ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បំផុត បើ​ចង់​ឲ្យ​សម្រស់​នៅ​ក្មេង​មិន​ងាយ​ចាស់ និង​មាន​សុខភាព៖

១. តិច​ច្រឡំ​អត់​ញ៉ាំ​អាហារ​ពេល​ព្រឹក​អី​ទៅ!

បើ​គិត​ថា​ចង់​តម​អត់​ញ៉ាំ​អាហារ​ពេល​ព្រឹក កុំ​ឲ្យ​ឡើង​ទម្ងន់ គឺ​ខុស​ធ្ងន់​ហើយ។ អត់​ញ៉ាំ​អាហារ​ពេល​ព្រឹក ពិត​ជា​ប៉ះពាល់​សុខភាព​មិន​អាច​ប្រកែក​បាន ដូចជា លើស​សម្ពាធ​ឈាម ឡើង​ទម្ងន់ ជំងឺ​មហារីក ជា​ដើម។

អាហារ​ពេល​ព្រឹក​ទៀត​សោត ក៏​មិន​មែន​ចេះ​តែ​ញ៉ាំ​សម្រុក​ឲ្យ​ណា​ណី​ឆ្អែត​មួយ​ទំហឹង​នោះ​ដែរ ពោល​គឺ​អ្នក​ត្រូវ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ដែល​មាន​តុល្យភាព​រៀង​រាល់ ក្នុង​នោះ​មាន ផ្លែ​ឈើ​ស្រស់ ឬ​ទឹក​ផ្លែ​ឈើ អាហារ​មាន​សារជាតិ​កាបូអ៊ីដ្រាត ដូចជា នំប៉័ង ភេសជ្ជៈ​សម្បូរ​ជាតិ​កាល់ស្យូម ដូចជា ទឹក​ដោះ​គោ និង​អាហារ​សម្បូរ​ប្រូតេអ៊ីន (សាច់ ឬ​ស៊ុត)។

២. ការពារ​ឆ្អឹង​ឲ្យ​រឹងមាំ មិន​អាច​លេង​សើច​បាន

គ្រោង​ឆ្អឹង​មិន​ត្រឹម​មាន​តួនាទី​ទ្រទ្រង់​រាងកាយ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​រាង​កាយ​ក្នុង​ការ​បង្កើត​កោសិកា​ឈាម និង​ផ្ទុក​សារធាតុ​រ៉ែ។ កំហាប់​ដង់ស៊ីតេ​ឆ្អឹង​ទាប ធ្វើ​ឲ្យ​អ្នក​អាច​កើត​ជំងឺ​ឆ្អឹង​ស្ពត និង​ពុក​ឆ្អឹង ជា​លក្ខខណ្ឌ​ដែល​ធ្វើ​ឲ្យ​ឆ្អឹង​កាន់​តែ​ពុក​ផុយ។

ជា​រឿង​ធម្មតា​ដែល​កំហាប់​ដង់ស៊ីតេ​ឆ្អឹង​កាន់​តែ​ថយ​ចុះ​ទៅ​តាម​វ័យ ប៉ុន្តែ​អ្នក​ត្រូវ​តែ​ប្រាកដ​ថា​ឆ្អឹង​មាន​សុខភាព​ល្អ និង​មាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់​ក្នុង​ពេល​វ័យ​កាន់​តែ​ចាស់។

  • ប្រើ​ប្រាស់​សារធាតុ​ខ្លាញ់​ដែល​មាន​គុណភាព​ខ្ពស់
  • ហាត់​ប្រាណ ជួយ​បង្កើន​ភាព​រឹង​មាំ និង​តុល្យ​ភាព​ឆ្អឹង
  • កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ជាតិ​ស្ករ ជាតិ​អាល់កុល និង​កាហ្វេ​អ៊ីន។

៣. រឿង​នេះ​ពិបាក​ធ្វើ​បំផុត​ក្នុង​ជីវិត គឺ​ស្ត្រែស

មាន​អារម្មណ៍​ថា ឈឺ​ក្បាល រញីរញ័រ ឈឺ​ក ឈឺ​សាច់​ដុំ វិល​មុខ គេង​អត់​លក់ ភ្លេចភ្លាំង​ច្រើន កម្លាំង​ធ្វើ​ការ​ថយ​ចុះ ឯ​លទ្ធផល​ក៏​មិន​សូវ​ចេញ​ជា​ដុំ​កំភួន​មែន​អត់? អាការ​ទាំង​នេះ​បញ្ជាក់​ថា​អ្នក​មាន​អារម្មណ៍​តាន​តឹង​ច្រើន ឬ​ស្ត្រែស។

ការ​ស្ថិត​ក្រោម​សម្ពាធ​ទាំង​នេះ អាច​ធ្វើ​ឲ្យ​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត ភ័យ​ខ្លាច គាំង​បេះដូង ដាច់​សរសៃ​ឈាម​ខួរ​ក្បាល លើស​សម្ពាធ​ឈាម ប្រព័ន្ធ​ស៊ាំ​រាងកាយ​មាន​ការ​រំខាន និង​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ។

  • ញ៉ាំ​តែ
  • ដើរ​ចេញ​ពី​បញ្ហា​មួយ​ភ្លែត​ដើម្បី​បន្ធូរ​អារម្មណ៍ ( ដក​ដង្ហើម​វែងៗ រាប់​យឺតៗ ពី ១ ដល់ ១០)
  • គេង​ឲ្យ​បាន​គ្រប់​គ្រាន់
  • ធ្វើ​សមាធិ​ រក្សា​ការ​គិត​វិជ្ជមាន។

ការ​វិវត្ត​ទៅ​រក​ភាព​ចាស់ មិន​អាច​ចៀស​បាន​នោះ​ទេ តែ​អ្នក​អាច​ធ្វើ​ឲ្យ​ខ្លួន​អ្នក​នៅ​ក្មេង​បាន​យូរ​អង្វែង បើ​អ្នក​អនុវត្ត​វិធី​ថែទាំ​សុខភាព​បាន​ត្រឹមត្រូវ។

បើ​មាន​សំណួរ​ពាក់ព័ន្ធ​នឹង​អត្ថបទ​នេះ ឬ​ការ​ថែរក្សា​សុខភាព អាច​ទាក់​ទង​តាម៖

ចំណាំ៖ រាល់​សប្ដាហ៍ កញ្ញា នឹង​ចេញ​ផ្សាយ​អត្ថបទ​សុខភាព​ពី​អ្នក​ជំនាញ​ផ្នែក​សុខភាព​របស់​ទស្សនាវដ្ដី Healthwise Digest ពី DKSH

ដោយ៖ សុផាត

អត្ថបទពេញនិយម