កំហុស​ឆ្គង ៧​ពេល​ធ្វើ​ម្ហូប​ដែល​ធ្វើ​ឲ្យ​អាហារ​ល្អ​ប្រែ​ជា​មាន​គ្រោះថ្នាក់

  • 2018-04-20 01:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

១. ចម្អិន​បន្លែ​យូរ​ពេក​

ការ​ចម្អិន​បន្លែ​ដល់​រលួយ​ ឬ​ឆ្អិន​ពេក​ អាច​ធ្វើ​ឱ្យ​បាត់បង់​សារធាតុ​បំប៉ន​ផ្សេងៗ​ និង​វីតាមីន។ ដើម្បី​ទទួល​ជីវជាតិ​ឱ្យ​បាន​គ្រប់​គ្រាន់​ អ្នក​គួរ​តែ​ចម្អិន​វា​ឆ្អិន​ល្មម​។ សម្រាប់​បន្លែ​ខ្លះ​ដែល​អាច​ញាំ​ឆៅ​បាន​គួរ​តែ​ញាំ ព្រោះ​សារ​ធាតុ​ដែល​មាន​នៅ​ក្នុង​បន្លែ​ មិន​អាច​ទ្រាំទ្រ​ជាមួយ​កម្តៅ​ខ្លាំង​បាន​នោះ​ទេ។ អ្វី​ដែល​ល្អ​បំផុត​គឺ​ ញាំ​វា​ជាមួយ​ស៊ុប។

២. ការ​ប្រើ​គ្រឿង​ទេស​ច្រើន​ពេក​

ជា​ទូទៅ​ ប្រជាជន​ខ្មែរ​យើង​តែង​តែ​ប្រើ​គ្រឿង​ទេស​ជា​ច្រើន​សម្រាប់​ធ្វើ​ម្ហូប​ ដោយ​មិន​បាន​ដឹង​ថា​ការ​ប្រើ​គ្រឿង​ទេស​ដូចជា​អំបិល​ ទឹក​ស៊ីអ៊ីវ​ច្រើន​ ប៊ីចេង​ អាច​បណ្តាល​ឱ្យ​លើស​សូដ្យូម​នៅ​ក្នុង​ខ្លួន​ និង​ធ្វើ​ឱ្យ​ពុក​ឆ្អឹង​។អ្នក​គួរ​តែ​ប្រើ​គ្រឿង​ទេស​ដែល​មិន​សូវ​ប៉ះពាល់​សុខភាព​ ឬ​ប្រើ​បរិមាណ​សម​ល្មម។

៣. ប្រើ​ប្រាស់​ប្រេង​មិន​ត្រឹម​ត្រូវ​

ប្រេង​ទាំង​អស់​មាន​មុខងារ​ផ្សេងៗ​គ្នា​ មិន​មែន​ប្រេង​ទាំង​អស់​សុទ្ធ​តែ​ប្រើ​ដូច​គ្នា​នោះ​ទេ។​ ប្រេង​អូលីវ​ល្អ​សម្រាប់​ការ​ចម្អិន​កម្តៅ​ល្មម​ បើ​សិន​ជា​អ្នក​យក​វា​មក​ប្រើ​សម្រាប់​បំពង​ឬ​ចៀន​ នោះ​វា​អាច​ឆ្ងៀម​ ហើយ​ប៉ះពាល់​ដល់​សុខភាព​។ សម្រាប់​ការ​បំពង​ឬ​ចៀន​ អ្នក​គួរ​តែ​ប្រើ​ប្រេង​ផ្កា​ឈូករ័ត្ន ​ឬ​ប្រេង​បន្លែ​ផ្សេងៗ។​

៤. ចិត​សំបក​អស់​ពេក

ការ​ចិត​សំបក​ចេញ​ពី​គ្រប់​បន្លែ​ទាំង​អស់​ គឺ​ប្រៀប​ដូច​ជា​បោះ​ចោល​ជីវជាតិ​ដែល​មាន​នៅ​ក្នុង​បន្លែ​អញ្ចឹង។​ សំបក​ ដំឡូង​ ការ៉ុត​ ល្ពៅ​ ត្រសក់​ ផ្លែ​ប៉ោម​មាន​វីតាមីន​ស្ទើរ​តែ​ច្រើន​ជាង​សាច់​ទៅ​ទៀត​។ សំបក​បន្លែ​និង​ផ្លែឈើ​មាន​វីតាមីន​ និង​ហ្វៃបឺរ(Fiber)​ ជាច្រើន។

៥. មិន​បាន​លាង​ទឹក​បន្លែ​ឱ្យ​បាន​ត្រឹម​ត្រូវ​

យើង​គ្រប់​គ្នា​មិន​អាច​ប្រាកដ​ទេ​ថា​ ការ​លាង​បន្លែ​ និង​ផ្លែឈើ​ធម្មតា​បាន​ស្អាត​ល្អ​ ព្រោះ​មេរោគ​និង​បាក់តេរី​ទាំង​ឡាយ​មិន​អាច​ឃើញ ដោយ​ភ្នែក​ទទេ​នោះ​ទេ។​ ប៉ុន្តែ​ត្រូវ​ច្បាស់​ថា​ បាន​សម្អាត​វា​ត្រឹម​ត្រូវ​ច្រើន​ទឹក​ និង​បាន​ស្អាត។ ដើម្បី​ឱ្យ​កាន់​តែ​ច្បាស់​ American Chemical Society​​ ​ណែនាំ​ឱ្យ​ប្រើ​ម្សៅ​សូដា​ដើម្បី​លាង​បន្លែ​ ព្រោះ​វា​អាច​កំចាត់​បរាសិត​ និង​មេរោគ​បាន។

៦. ចម្អិន​ដោយ​ប្រើ​ទឹក​ឃ្មុំ

ការ​ប្រើ​ទឹក​ឃ្មុំ​ គឺ​ល្អ​សម្រាប់​បន្ថែម​ជាតិ​ផ្អែម ព្រោះ​វា​ជា​របស់​ផ្អែម​ពី​ធម្មជាតិ។​ ប៉ុន្តែ​អ្នក​មិន​គួរ​យក​ទឹក​ឃ្មុំ​ទៅ​ចម្អិន​ភ្លើង​ខ្លាំង​ពេក​នោះ​ទេ​ ព្រោះ​អង់ស៊ីម​ដែល​មាន​នៅ​ក្នុង​ទឹក​ឃ្មុំ​អាច​និង​បាត់បង់។​ ដូច្នេះ​អ្នក​គួរ​តែ​ប្រើ​វា​បន្ទាប់​ពី​ចម្អិន​រួច​ ជា​ជាង​ចម្អិន​វា​ជាមួយ​ម្ហូប​។​

៧. ប្រើ​ប័រ​​ដើម្បីបន្ថែម​រសជាតិ

ការ​ប្រើ​ប័រ​អាច​ជួយ​ដល់​ម្ហូប​ឱ្យ​កាន់​តែ​ឆ្ងាញ់​ជាង​ប្រើ​ប្រេង​ ប៉ុន្តែ​អ្នក​គួរ​តែ​គិត​ពី​សុខភាព​ផង​ព្រោះ​ប័រ​សំបូរ​ទៅ​ដោយ​កាឡូរី។ កាឡូរី​អស់​ទាំង​នោះ​អាច​ធ្វើ​ឱ្យ​អ្នក​ឡើង​ទម្ងន់​ដោយ​មិន​ដឹង​ខ្លួន​ ជា​ពិសេស​វា​អាច​ធ្វើ​ឱ្យ​មាន​ខ្លាញ់​នៅ​ក្នុង​សរសៃ​ឈាម ៕

ចុចអាន៖

ប្រភព៖ Shape ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម