៥​យ៉ាង​របស់​កូន​ស្រី​ធ្វើ​ឱ្យ​ឪពុក​ម្ដាយ​​មាន​មោទកភាព​ សើច​បិទ​មាត់​មិន​ជិត

  • 2018-04-19 04:33:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​បុគ្គលិក​លក្ខណៈ​របស់​កូន​ស្រី​ដូច​ខាង​ក្រោម​នេះ គឺ​ជា​អ្វី​ដែល​ឪពុក​ម្ដាយ​គ្រប់​រូប​ចង់​បាន​បំផុត និង​តែង​តែ​លើក​សរសើរ​កូន​ខ្លួន​ប្រាប់​អ្នក​ជិត​ខាង​បាន​ដឹង។

១-ចេះ​ដឹង​ពី​ការ​តុបតែង​ខ្លួន មិន​លើស​ ក៏​មិន​ខ្វះ

មិន​ថា​សម័យ​ដើរ​ដល់​ណា តែ​ការ​តុបតែង​ខ្លួន​របស់​នារី​គឺ​ជា​រឿង​សំខាន់​សម្រាប់​ឱ្យ​ភ្នែក​អ្នក​ដទៃ​មើល​មក​ និង​ក៏​សរ​បញ្ជាក់​​ពី​មុខ​មាត់​គ្រួសារ​ផង​​។ កូន​ស្រី​ដែល​ចេះ​តុបតែង​ខ្លួន ដឹង​កាលៈទេសៈ​ណា​ត្រូវ​ស្លៀក​ពាក់​ តែង​ខ្លួន​បែប​ណា​នឹង​ជួយ​លើក​​កិត្តិយស​គ្រួសារ ព្រោះ​គ្មាន​អ្នក​ណា​ទៅ​សរសើរ​នារី​ដែល​ស្លៀក​លេច​លើ​លេច​ក្រោម​ មិន​ដឹង​ពេល​វេលា​ឡើយ។

២-ចេះ​រៀបចំ​ជីវិត​ខ្លួន​ឯង

អ្នក​ណា​ថា​ មនុស្ស​ស្រី​ជា​ភេទ​ទន់​ខ្សោយ? មនុស្ស​ស្រី​សម័យ​នេះ​រឹង​មាំ​មិន​ចាញ់​មនុស្ស​ប្រុស​ឡើយ។ កូន​ស្រី​ដែល​អាច​រៀប​ចំ​ជីវិត​ខ្លួន​ឱ្យ​មាន​គោលដៅ​ច្បាស់​លាស់ ដូច​ជា​ដឹង​ថា​គួរ​សេពគប់​មនុស្ស​ប្រភេទ​ណា ចេះ​រក​ចំណេះ​ជំនាញ​រៀន​ច្បាស់​លាស់ ចេះ​អប់​រំ​ចិត្ត​មិន​ឱ្យ​ទន់​ជ្រាយ ឬ​ទោរទន់​តាម​ការ​អូសទាញ​ពី​អ្វី​ដែល​មិន​ល្អ គឺជា​មាស​ពេជ្រ​របស់​ឪពុក​ម្ដាយ​ដែល​មិន​អាច​ខ្វះ​បាន ទៅ​ណា​ក៏​លើក​សរសើរ​ពី​កូន​ខ្លួន​ឯង​ប្រាប់​គេ​ដែរ។

៣-ចេះ​រើស​គូ​ជីវិត​ដោយ​ពិចារណា​បាន​ច្បាស់​លាស់

កូន​ស្រី​ដែល​រៀបការ​ហើយ​ចាត់​ទុក​ថា​មាន​សុភមង្គល មិន​មែន​ជា​កូន​ស្រី​ដែល​អាច​រក​បាន​ប្ដី​អ្នក​មាន​នោះ​ទេ។ សម្រាប់​ឪពុក​ម្ដាយ ការ​ដែល​ចង់​ឱ្យ​កូន​ស្រី​រៀបការ​ហើយ​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ មាន​ផ្ទះ​ធំ​ទ្រនំ​ខ្ពស់​ អ្នក​ណា​ក៏​ចង់​បាន​ដែរ ប៉ុន្តែ​ការ​មើល​ឃើញ​កូន​ស្រី​អាច​រក​ប្ដី​ដែល​ល្អ​ម្នាក់ ចេះ​ដឹង​ទុក្ខ​ធុរៈ ស្រលាញ់​គ្រួសារ មាន​ការងារ​ធ្វើ​ត្រឹម​ត្រូវ និង​អាច​ធ្វើ​ជា​បង្គោល​គ្រួសារ​ នោះ​ហើយ​គឺ​ជា​សុភមង្គល​ពិត​។

ចុចអាន៖ សំបុត្រ​ឪពុក​ម្ដាយ​ក្រីក្រ ផ្ដាំ​ផ្ញើ​កូន​ស្រី​ថ្ងៃ​រៀបការ បង្កប់​អត្ថន័យ​មិន​អាច​កាត់​ថ្លៃ​បាន

កូន​ស្រី​ដែល​អាច​រើស​មនុស្ស​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​បែបនេះ​នឹង​ធ្វើ​ឱ្យ​ឪពុក​ម្ដាយ​ស្ងប់​ចិត្ត លែង​បារម្ភ​ខ្លាំង​ដូច​​ពេល​មិន​ទាន់​រៀបការ។ ប៉ុន្តែ​បើ​ឃើញ​កូន​ស្រី​រៀបការ​រួច​ បែរ​ជា​មាន​តែ​រឿង​រកាំរកូស គ្មាន​ក្ដី​សុខ គឺ​ឪពុក​ម្ដាយ​ឈឺ​ជាង​កូន​រាប់​រយ​ដង​ឯណោះ។

៤-ចេះ​ស្រលាញ់ បម្រើ​ប្ដី និង​ការងារ​ផ្ទះ

ទោះ​ពូកែ​យ៉ាង​ណា ការងារ​ផ្ទះ​នៅ​តែ​ជា​នារី​ជា​អ្នក​រៀបចំ​ទុក​ដាក់ ព្រោះ​ស្ត្រី​ត្រូវ​ឱ្យ​ឈ្មោះ​ថា​ជា​មេ​ផ្ទះ។ មិន​មែន​សម្រាប់​តែ​ធ្វើ​ការ​ងារ​ចង្ក្រាន​ជើង​ឆ្នាំង​ទេ តែ​ជា​អ្នក​​ដឹង​របៀប​របរ ទុក្ខធុរៈ​អ្នក​ក្នុង​គ្រួសារ​​ អប់​រំ​កូន​ចៅ និង​ទុក​ដាក់​ទ្រព្យ​សម្បត្តិ​ក្នុង​ផ្ទះ​ឱ្យ​បាន​គង់វង្ស ជា​អ្នកមាន​សិទ្ធិ​ចាត់ចែង​រាល់​កិច្ចការ​ក្នុង​ផ្ទះ​ទាំង​អស់ ដោយ​មាន​ស្វាមី​ជា​អ្នក​ជួយ​ចែក​រំលែក​ការងារ​ខ្លះ​។

ផ្ទុយ​ទៅ​វិញ បើ​គ្រួសារ​ណា​​​មាន​កូន​ស្រី​ដែល​ចូល​ចិត្ត​បង្ក្រាប​​ ត្រួត​ត្រា​ប្ដី បញ្ជា​ប្ដី​ឆ្វេង​ស្ដាំ មិន​ចេះ​ការងារ​ដាំ​ស្ល ទុក​ដាក់ ម្ដាយ​ឪពុក​ឯណា​​អាច​យក​កូន​ទៅ​អួត​ប្រាប់​គេ​ឯង​នោះ សូម្បី​លោក​ទាំង​ពីរ​ផ្ទាល់​ក៏​ទើស​ចិត្ត​មិន​ស្ទើរ​ដែរ។

ចុចអាន៖ សេដ្ឋកិច្ច​គ្រួសារ​កាន់តែ​កើន​ឡើង ភរិយា​គប្បី​មាន ៥ ចំណុច​នេះ

៥-រឹង​មាំ និង​ចេះ​គ្រប់គ្រង​អារម្មណ៍​បាន​គ្រប់​កាលៈទេសៈ

ជា​មនុស្ស​ស្រី​ដែល​រឹង​មាំ មិន​សំដៅ​លើ​កម្លាំង​បាយ​ដូច​បុរស​ឡើយ តែ​ជា​ការ​តាំង​ចិត្ត​ខ្ពស់ មិន​ពឹង​តែ​មនុស្ស​ប្រុស​ ព្យាយាម​ធ្វើ​ការ​ងារ​ឱ្យ​ចប់​ចុង​ចប់​ដើម មិន​ដើរ​ភ្លើត​ភ្លើន​ភ្លេច​ថា​ខ្លួន​ជា​ស្រី​ និង​ចេះ​គ្រប់គ្រង​អារម្មណ៍ មិន​ឆេវ​ឆាវ មិន​ធ្វើ​អ្វី​ដោយ​តក់​ក្រហល់​ ចេះ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ នោះ​ហើយ​ជា​កូន​ស្រី​ដែល​ម្ដាយ​ឪពុក​ចង់​បាន និង​មាន​មោទកភាព​​សម្រាប់​គ្រួសារ​៕

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម