៦​សញ្ញា​បង្ហាញ​ថា​អ្នក​គ្រាន់​តែ​ជា​កង់​សឺកួ​របស់​គេ​

  • 2018-04-13 07:49:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយសារ​តែ​មិន​អាច​បញ្ឈប់​ចំណង់ ភាព​លោភលន់​របស់​ខ្លួន​បាន មនុស្ស​ប្រុស​មួយ​ចំនួន ទោះ​​បី​​​មាន​គូ​​ស្នេហ៍​រួច​ហើយ​ក្ដី ក៏​នៅ​តែ​បើក​បេះដូង​ទទួល​យក​ក្ដី​ស្រឡាញ់​​ពី​នារី​ម្នាក់​ទៀត​។ គាត់​អាច​នឹង​ស្រឡាញ់​អ្នក​មែន ប៉ុន្តែ​ប្រសិន​អ្នក​ក្លាយ​ជា​ជន​ទី​បី ដែល​កំពុង​បំផ្លាញ​សុភមង្គល​​​មនុស្ស​ស្រី​ដូច​គ្នា វា​ពិត​ជា​រឿង​ខ្លោចផ្សា​ខ្លាំង​ណាស់​​។ រៀន​សង្កេត​សញ្ញា​ទាំង​៦​នេះ រួច​ដក​ខ្លួន​ជា​ប្រញាប់​ទាន់​អ្វីៗ​នៅ​អាច​ស្រោចស្រង់​​បាន​​ ប្រសិន​អ្នក​ដឹង​ច្បាស់ ប្រាកដ​ចិត្ត​​ថា​ គាត់​មាន​គូ​​ស្នេហ៍​រួច​ហើយ​ ហើយ​អ្នក​គ្រាន់​តែ​ជា​មនុស្ស​លួចលាក់​ម្នាក់​របស់​គេ​ប៉ុណ្ណោះ៖​

១. មិន​ដែល​នាំ​អ្នក​ដើរ​លេង​កន្លែង​​ដែល​មាន​មនុស្ស​ច្រើន​

ទោះ​ជា​រាប់អាន​គ្នា​បាន​មួយ​រយៈ​ហើយ​ក្ដី ប៉ុន្តែ​គាត់​មិន​ដែល​​បណ្ដើរ​អ្នក​នៅ​កន្លែង​សាធារណៈ​ ដែល​មាន​មនុស្ស​​ច្រើន​កុះករ​ទេ​។ ដំបូង​អ្នក​គិត​ថា ប្រហែល​​គាត់​​មិន​ចង់​ឲ្យ​​ភាព​រ៉ូមែនទិច​ត្រូវ​បាន​រំខាន​ ប៉ុន្តែ​ដល់​យូរៗ​ទៅ បែរ​ជា​យល់​ថា​គាត់​​ភ័យ​ខ្លាច​ជួប​​មនុស្ស​ស្គាល់​ដោយ​ចៃដន្យ​ ធ្វើ​ឲ្យ​បែក​ការ​​ទំនាក់ទំនង​លួចលាក់​រវាង​គាត់​និង​​​អ្នក​ទៅ​វិញ​។​

២. មាន​រូបថត​ជាមួយ​​មនុស្ស​ស្រី​​​ប្លែក​មុខ​​

អ្នក​ណា​ក៏​មាន​មិត្តភក្ដិ​ដែល​​ជា​មនុស្ស​ផ្ទុយ​ភេទ​គ្នា​ដែរ​។ ត្រឹម​តែ​ថតរូប​ជាមួយ​គ្នា​ក្នុង​ឱកាស​ពិសេសៗ​យូរៗ​ម្ដង វា​មិន​មែន​ជា​បញ្ហា​ដែល​អ្នក​ត្រូវ​ហួងហែង ប្រចណ្ឌ រក​រឿង​​គាត់​ឡើយ​។ ​រឿង​ដែល​ចម្លែក​​គឺ គាត់​ប្រាប់​ថា​ជា​មិត្ត​ធម្មតា ប៉ុន្តែ​ហេតុអ្វី​អ្នក​មិន​​ដែល​ស្គាល់ ហើយ​គាត់​ក៏​មិន​ដែល​ណែនាំ​​​ឲ្យ​ស្គាល់​​​​គ្នា​ម្ដង​សោះ​អញ្ចឹង​។​​

៣. ណាត់​ជួប​គ្នា​​ម្ដងៗ សែន​ពិបាក​

រាល់​ពេល​អ្នក​ណាត់​គាត់​ជួប​ម្ដងៗ គាត់​មិន​ដែល​មក​តាម​​ការ​កំណត់​ទេ​។ ពេល​ដែល​គាត់​ចេញ​បាន​គឺ​ ពេល​ដែល​ខុស​ប្រក្រតី​​ ដូចជា​ពាក់​កណ្ដាល​យប់​ជា​ដើម​។ គាត់​ប្រហែល​ជា​ត្រូវ​កំដរ​​​នារី​ណា​ម្នាក់​​នៅ​ពេល​ធម្មតា ដូច្នេះ​ដើម្បី​ជួប​អ្នក គាត់​បាន​ត្រឹម​លួច​ឆ្មក់​ម្ដងៗ​ប៉ុណ្ណោះ​។

៤. មិន​​ដែល​ណែនាំ​អ្នក​ឲ្យ​ក្រុម​គ្រួសារ ឬ​មិត្តភក្ដិ​ស្គាល់​

នៅ​ពេល​ដែល​អ្នក​សួរ អ្នក​តែង​មាន​លេស​ដោះសា​ថា រវល់​រឿង​នេះ រឿង​នោះ ឬ​ចាំ​ពេល​នេះ ពេល​នោះ​​ជា​ដើម​។ បើ​អ្នក​ជា​ស្រី​តែ​ម្នាក់​ដែល​គាត់​មាន ហេតុអ្វី​ត្រឹម​តែ​​ទទួល​ស្គាល់​អ្នក​ជា​ផ្លូវការ គាត់​ត្រូវ​ចាំ​យូរ​ដល់​ថ្នាក់​នេះ​?

៥. មិន​ឲ្យ​អ្នក​ប៉ះពាល់​ទូរស័ព្ទ​របស់​គាត់​

ពេល​គាត់​នៅ​ឆ្ងាយ​ទូរស័ព្ទ ហើយ​​​អ្នក​លើក​ទូរស័ព្ទ​ជំនួស​គាត់​ម្ដងៗ គាត់​ខឹង​ច្រឡោត​យ៉ាង​ខ្លាំង​។ ទូរស័ព្ទ​ផ្ទាល់​ខ្លួន​គាត់ សុទ្ធ​តែ​ចាក់​សោ​លេខ​សំងាត់​ត្រឹមត្រូវ អ្នក​មិន​​អាច​ឆែកឆេរ​ផ្ដេសផ្ដាស​​ឡើយ​។ ប្រសិន​អ្នក​​ខល​ទៅ​គាត់​​៤ទៅ៥​​ដង គាត់​មិន​ទាន់​ទទួល​ម្ដង​ផង​ ហើយ​ពេល​អ្នក​សួរ គាត់​តែងតែ​មាន​ហេតុផល​ដោះស្រាយ​ជានិច្ច​។​

៦. មិន​ចង់​ជួប ឬ​ស្គាល់​មិត្តភក្ដិ​របស់​អ្នក​

គាត់​តែង​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​គេចវេស​មិន​ចង់​ជួប ឬ​ស្គាល់​មិត្ត​របស់​អ្នក​។ សម្រាប់​គាត់ ​មាន​​តែ​អ្នក​​​ម្នាក់​គឺ​គ្រប់គ្រាន់​។ មនុស្ស​ដែល​ពាក់ព័ន្ធ​ជាមួយ​​អ្នក​ គាត់​មិន​ត្រូវការ​ឡើយ ព្រោះ​មិន​ចង់​បង្ក​បញ្ហា​ឲ្យ​កាន់​តែ​ធំ​ទៅៗ ​​នៅ​ថ្ងៃ​​ក្រោយ​​ ៕

ចុចអាន៖

ប្រភព៖ Likelovequotes ប្រែសម្រួល៖ អូន បញ្ញា

អត្ថបទពេញនិយម