ស្វែង​យល់​ត្រួស​ៗ​ពី​ទេពធីតា​សង្ក្រាន្ត​ដែល​ជា​​បុត្រី​កបិល​មហាព្រហ្ម​ទាំង​ ៧​អង្គ​

  • 2018-04-14 06:00:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

ទំនៀម​​ពិធី​​ចូល​ឆ្នាំ​​​ខ្មែរ​ប្រព្រឹត្ត​​ទៅ​​ចំនួន ៣ ថ្ងៃ ។ ថ្ងៃ​ដំបូង​ជា​ថ្ងៃមហាសង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃ​ វន័បត, ថ្ងៃទី៣ ជាថ្ងៃ​ឡើង​ស័ក ។ រីឯការ​កំណត់​​ខែ ថ្ងៃ ម៉ោង នាទី​ដែល​ឆ្នាំ​ចាស់​ត្រូវ​ផុត​កំណត់ ហើយ​ទេវតា​ឆ្នាំ​ថ្មី​ត្រូវ​ចុះ​មក​ទទួល​តំណែង​​ពី​ទេព្តា​ឆ្នាំ​ចាស់​នោះ គេ​អាច​ដឹង​បាន​​ដោយ​​​ប្រើ​​ក្បួន​ហោរាសាស្ត្រ​​បុរាណ​ គឺ​​ក្បួន​មហាសសង្ក្រាន្ត។

ផ្អែក​តាម​និទាន​ពី​ប្រវត្តិ​​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ខាង​ក្រោម​នេះ កញ្ញា នឹង​បង្ហាញ​ត្រួស​ៗ​ពី បុត្រី​កបិល​មហាព្រហ្ម​ទាំង​ ៧​អង្គ​ដែល​នឹង​ត្រូវ​ផ្លាស់​ប្ដូរ​វេន​​​គ្នា​​​ដង្ហែក្បាលកបិល មហាព្រហ្មប្រទកិ្សណភ្នំព្រះសុមេរុ និងត្រូវអភិបាលពិភពលោករៀងរាល់ឆ្នាំថ្មីចូលមកដល់។

បើ​សង្ក្រាន្ត​ចូល​ចំ​ថ្ងៃអាទិត្យ     

គឺ​ត្រូវ​វេន​បុត្រី​ទី​១ ទេព​ធីតា​ ទុង្សៈទេវី ទ្រង់​អម្ពរ​​ពណ៌​ក្រហម សៀត​ផ្កា​ទទឹម ​សោយ ផ្លែឧទុម្ពរ (ផ្លែ​ល្វា) ជា​ភក្សាហារ, អាវុធ​ស្តាំ​កងចក្រ ឆ្វេង​ស័ង្ខ, គង់​លើ​ពាហនៈ​គ្រុឌ

បើ​សង្ក្រាន្ត​ចូល​ចំ​ថ្ងៃច័ន្ទ

គឺ​ត្រូវ​វេនបុត្រី​ទី​២ ទេព​ធីតា គោរាគៈទេវី ទ្រង់​អម្ពរ​​ពណ៌លឿង សៀតផ្កាអង្គារបុស្ស ​សោយ ប្រេង ជា​ភក្សាហារ អាវុធស្តាំព្រះខ័ន ឆ្វេងឈើច្រត់ គង់​លើ​ពាហនៈខ្លា

បើ​សង្ក្រាន្ត​ចូល​ចំ​ថ្ងៃអង្គារ       

គឺ​ត្រូវ​វេន​បុត្រី​ទី​៣ ទេព​ធីតា រាក្យសាទេវី ទ្រង់​អម្ពរ​​ពណ៌ខ្មៅ សៀតផ្កាឈូក    ​សោយលោហិត ជា​ភក្សាហារ អាវុធស្តាំត្រីសូល៍ឆ្វេងធ្នូ គង់​លើ​​ពាហនៈ​អស្សតរ

បើ​សង្ក្រាន្ត​ចូល​ចំ​ថ្ងៃពុធ

គឺ​ត្រូវ​វេន​បុត្រី​ទី៤ ទេព​ធីតា មណ្ឌាទេវី ទ្រង់​អម្ពរ​​ពណ៌​អន សៀតផ្កាចម្ប៉ា  ​សោយ​ទឹកដោះសិប្បី ជា​ភក្សាហារ អាវុធស្តាំម្ជុល ឆ្វេងឈើច្រត់ គង់​លើ​ពាហនៈ លា

បើ​សង្ក្រាន្ត​ចូល​ចំ​ថ្ងៃព្រហស្បតិ៍

គឺ​ត្រូវ​វេន​បុត្រី​ទី​៥ ទេព​ធីតា កិរិណីទេវី ទ្រង់​អម្ពរ​​ពណ៌​បៃតង ​សៀតផ្កាមណ្ឌា ​សោយសណ្ដែក ល្ង ជា​ភក្សាហារ អាវុធស្តាំកង្វេរ ឆ្វេងកាំភ្លើង គង់​លើ​ពាហនៈ​ដំរី

បើ​សង្ក្រាន្ត​ចូល​ចំ​ថ្ងៃសុក្រ       

គឺ​ត្រូវ​វេន​បុត្រី​ទី​៦ ទេព​ធីតា កិមិរាទេវី ទ្រង់​អម្ពរ​​ពណ៌​ស សៀតផ្កា ចង្កុលណី ​សោយ ចេកណាំវ៉ា ជា​ភក្សាហារ អាវុធស្តាំព្រះខ័ន ឆ្វេងពិណ គង់​លើ​ពាហនៈ​ក្របី

បើ​សង្ក្រាន្ត​ចូល​ចំ​ថ្ងៃសៅរ៏       

គឺ​ត្រូវ​វេន​បុត្រី​ទី​៧ ទេព​ធីតា មហោ​ធរៈ​ទេវី ទ្រង់​អម្ពរ​​ពណ៌​ខៀវ សៀតផ្កាត្រកៀត ​​សោយ សាច់ទ្រាយ ជា​ភក្សាហារ អាវុធស្តាំកងចក្រ ឆ្វេងត្រីសូល៍ គង់​លើ​ពាហនៈ​ក្ងោក


អត្ថបទ៖ ស្វាយ វ៉ាន់ថន

អត្ថបទថ្មី