ដេក​ផ្ទះ​ពេល​ចូល​ឆ្នាំ​មាន​អី​មិន​ល្អ! នេះ​ជា​ហេតុផល​ដែល​អ្នក​នៅ​ផ្ទះ​គួរ​ត្រេក​អរ

  • 2018-04-13 08:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូលឆ្នាំ​ម្ដងៗ​ប្រជាជន​ខ្មែរ​យើង​ដឹង​តែ​មាន​គម្រោង​ដើរលេង​ហើយ ព្រោះ​ពេល​វេលា​នេះ​ជា​ពេល​ដែល​សប្បាយ​រីករាយ។ដោយឡែក​បើ​អ្នក​ដែល​មិន​បាន​ដើរ​ទៅ​ណា​ក៏​មិន​គួរ​ពិបាក​ចិត្ត ស្អិតទ្រូង​អី​ដែរ​ព្រោះ​ការ​ដែល​នៅ​ផ្ទះ​មាន​ផល​ល្អ​ច្រើន​ណាស់។ ខាង​ក្រោម​នេះ​ជា​ហេតុផល​ដែល​អ្នក​មិន​បាន​ដើរលេង​ពេល​ចូលឆ្នាំ​គឺ​ល្អ​ម្យ៉ាង​ដែរ ៖

១. ពេល​ចូលឆ្នាំ​មនុស្ស​ម្នា​ច្រើន​ណាស់

ដឹង​ស្រាប់​ហើយ​ថា​ពេល​មាន​បុណ្យទាន​គឺ​មនុស្ស​ច្រើន​ណាស់ ពេល​ខ្លះ​ទៅ​ដើរ​លេង​គ្មាន​សប្បាយ​អី​ទេ​បាន​ត្រឹម​តែ​ហិត​ក្លិន​មនុស្ស​តែ​ប៉ុណ្ណោះ។ ម្យ៉ាង​ទៀត​មនុស្ស​កុះករ​ក៏​មិន​សូវ​ជា​សុវត្ថិភាព​ប៉ុន្មាន​ដែរ ព្រោះ​មាន​ជន​ខិលខូច​ចាំ​ឆ្លៀត​ឱកាស​ច្រើន​ណាស់ ដូច្នេះ​ដេក​ផ្ទះ​ជា​ជម្រើស​ដ៏​ល្អ​បំផុត។

២. សល់​លុយ

ពេល​ចូលឆ្នាំ​អី​ក៏​ថ្លៃ​ដែរ ទាំង​កន្លែង​គេង ទាំង​អី​ញ៉ាំ ទាំង​របស់របរ​ ដូច្នេះ​បើ​អាច​កុំ​ដើរ​ពេល​បុណ្យទាន​អី​ព្រោះ​នឹង​អាច​ចំណាយ​គុណ​នឹង​ពីរ​ គុណ​នឹង​បី។ បើ​សិន​ជា​ចង់​សន្សំ​លុយ​នោះ​ការ​នៅ​ផ្ទះ​មិន​ទៅ​ណា​គឺ​សក្តិសម​បំផុត។

៣. មិន​ខូច​សម្រស់

ដើរ​លេង​ចូល​ឆ្នាំ ខែ​ចែត្រ​កម្រ​នឹង​ថា​មិន​ប៉ះពាល់​ដល់​សម្រស់​ណាស់​ព្រោះ​វា​ក្ដៅ ហុយ​ជា​ដើម។ សម្រាប់​អ្នក​ដែល​ស្រឡាញ់​សម្រស់​គួរ​តែ​កុំ​ទៅ​ដើរ​លេង​អី​ព្រោះ​អាច​ពេល​ចប់​ចូលឆ្នាំ​ហើយ​ស្ដាយ​ខ្លួន។ គេង​នៅ​ផ្ទះ​មើល​គេ​ Check in និង Post រូប​ទៅ​​ល្អ​ជាង​ព្រោះ​វា​អាច​ឲ្យ​អ្នក​សប្បាយ​ចិត្ត​ដោយ​មិន​បាច់​ប្រឹង​ថែទាំង​ឡើង​វិញ​បន្ទាប់​ពី​ដើរលេង​ហើយ។

រូបតំណាង

៤. មាន​ពេល​នៅ​ជាមួយ​គ្រួសារ​បាន​ច្រើន

ចូលឆ្នាំ​ម្ដង​គួរ​តែ​ចំណាយ​ពេល​ជាមួយ​គ្រួសារ​ឲ្យ​បាន​ច្រើន​ព្រោះ​បើ​អ្នក​មិន​នៅ​ជាមួយ​គាត់​ទេ គាត់​ពិត​ជា​ចង់​ឲ្យ​អ្នក​ទៅ​ផ្ទះ​ជួបជុំ​គ្នា​ណាស់។ មនុស្ស​ចាស់​គាត់​ក៏​មិន​សូវ​ចង់​ដើរ​ពេល​មនុស្ស​ច្រើន​ប៉ុន្មាន​ដែរ ដូច្នេះ​គួរ​តែ​យក​ពេល​ដើរ​លេង​ជាមួយ​មិត្តភក្តិ​ទៅ​កំដរ​គាត់​វិញ​ល្អ​ជាង។

៥. មាន​សុវត្ថិភាព

មនុស្ស​ភាគ​ច្រើន​តែង​ចេញ​ដំណើរ​ដើរលេង​ពេល​ចូលឆ្នាំ ដូច្នេះ​នៅ​លើ​ផ្លូវ​ឡាន ម៉ូតូ​ច្រើន​ណាស់​ ខ្លះ​បើកបរ​ទាំង​ស្រវឹង​ក៏​មាន​ដែរ។ ដើម្បី​កុំ​ឲ្យ​អ្នក​ផ្ទះ​បារម្ភ និង​មាន​សុខសុវត្ថិភាព​ខ្លួន​ឯង​គួរ​តែ​កុំ​ដើរ​លេង​រញ៉េរញ៉ៃ​ពេក​អី។ ពេល​មាន​គ្រោះថ្នាក់​អ្នក​ដែល​ទៅ​គឺ​ផុត​ហើយ តែ​អ្នក​ដែល​នៅ​គឺ​កើតទុក្ខ ដូច្នេះ​បើ​មិន​ចាំ​បាច់​អី​ត្រូវ​ដើរលេង​ទេ​នៅ​ផ្ទះ​ក៏​ល្អ​ម្យ៉ាង​ដែរ។

៦.​មិន​បាក់កម្លាំង

ដើរលេងម្ដងៗមិន​មែន​អត់ហត់​ទេ ចុះទម្រាំ​ចប់ចូលឆ្នាំទៀត​នោះ​ដឹងតែ​មកវិញ​អស់ពីខ្លួន​ហើយ។ រីឯអ្នក​ដែល​គេងផ្ទះ​គឺ​ស្រួល មិន​បាច់ហត់ មិន​បាច់ឈឺនេះឈឺនោះ​ជាពិសេស​ចប់ចូលឆ្នាំនៅ​តែ​មាន​កម្លាំង​ទៅ​ធ្វើការ​ដោយ​មិន​បាច់​បារម្ភអីទាំង​អស់។

រូបតំណាង

នៅ​ផ្ទះ​មាន​អី​មិន​ល្អ ចាំបាច់​ដេកកើតទុក្ខ​ធ្វើ​អី!

ចុចអាន៖ចង់​​ដើរ​លេង​សប្បាយ​ថ្ងៃចូល​ឆ្នាំ​ ត្រូវ​ដឹង​វិធី​ការពារ​ខ្លួន​ទាំង​នេះ​ នៅ​កន្លែង​មនុស្ស​ច្រើន​


អត្ថបទ៖ ផេង ផលធិតា