សុខៗ​មាន​រោគ​សញ្ញា​អត់ដឹង​ខ្លួន​ទាំង​នេះ ត្រៀម​លុយ​ត្រៀម​ចិត្ត​ឈឺ​ពេញ​មួយ​ជីវិត​ឲ្យ​ហើយទៅ

  • 2018-03-23 06:38:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឆ្នាំ​២០១៧ មនុស្ស​ពេញ​វ័យ​នៅ​ទូទាំង​ពិ​ភព​លោក​ប្រហែល ៨,៨% មាន​ជំងឺ​ទឹក​នោម​ផ្អែម។ បើ​តាម​ការ​ព្យាករ អាច​កើន​ដល់ ៩,៩% ត្រឹម​ឆ្នាំ​២០៤៥។ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ សម្បូរ​ជាង​គេ​បំផុត​ក្នុង​ចំណោម​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ផ្សេង​ទៀត​ចំពោះ​មនុស្ស​ពេញ​វ័យ។

ជំងឺ​នេះ​កើត​ឡើង ពេល​រាង​កាយ​ធន់​នឹង​អាំងស៊ុយលីន (អាំងស៊ុយលីន​ដំណើរ​ការ​មិន​ត្រឹម​ត្រូវ ឬ​កោសិកា​រាងកាយ មិន​ឆ្លើយ​តប​ទៅ​អាំងស៊ុយលីន​ប្រកប​ដោយ​ប្រសិទ្ធភាព) ឬ​នៅ​ពេល​លំពែង​មិន​អាច​ផលិត​អាំងស៊ុយលីន​គ្រប់​គ្រាន់ ដើម្បី​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម។

បើ​មាន​រោគ​សញ្ញា​ទាំង​នេះ ភាគរយ​ខ្ពស់​កើត​ទឹក​នោម​ផ្អែម​ហើយ

ក្នុង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ រោគសញ្ញា​វិវត្ត​យឺតៗ ហើយ​ស្ងៀម​ស្ងាត់។ យ៉ាង​ណា​ក៏​ដោយ នេះ​ជា​រោគ​សញ្ញា​ទូទៅ​អ្នក​មិន​គួរ​មើល​រំលង​ដាច់​ខាត៖

  • នោម​ច្រើន (Polyuria)
  • ផឹក​ច្រើន (Polydipsia)
  • ញ៉ាំ​ច្រើន (Polyphagia)
  • តែង​អស់​កម្លាំង
  • របួស​មិន​ងាយ​ជា​សះ​ស្បើយ
  • ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ
  • ស្ពឹក​ជើង និង​ក្បាល
  • ងាយ​បង្ក​រោគ​ដោយ​ពពួក​ផ្សិត

ប៉ុន្តែ មាន​រោគសញ្ញា​មួយ​ចំនួន​ខាង​លើ មិន​មែន​មាន​ន័យ​ថា អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម ១០០% នោះ​ទេ។ អ្នក​ត្រូវ​ជួប​ពេទ្យ ដើម្បី​ឲ្យ​ប្រាកដ។

បើ​គ្រប់​គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​មិន​បាន​ល្អ ចុង​ក្រោយ​គឺ​អាណោចអាធ័ម​

ទឹក​នោម​ផ្អែម​ជា​ជំងឺ​តំណ​ពូជ​តាម​ហ្សែន។ បើ​សមាជិក​គ្រួសារ​ណា​ម្នាក់​កើត​ជំងឺ​ទឹក​នោម​ផ្អែម អ្នក​ក៏​ប្រឈម​នឹង​កើត​ជំងឺ​នេះ​ដែរ។ បើ​មិន​បាន​ព្យាបាល ឬ​គ្រប់​គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​ឲ្យ​បាន​ល្អ​ទេ វា​នឹង​វិវត្ត​ធ្ងន់ធ្ងរ​ទៅ​ជា​ជំងឺ​គាំង​បេះ​ដូង ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ខ្សោយ​តម្រង​នោម ខ្វាក់​ភ្នែក និង​អាច​កាត់​អវយវៈ ជា​ដើម។

វិធី​ព្យាបាល​ជំនាន់​ថ្មី​ដ៏​មាន​ប្រសិទ្ធភាព

ថ្នាំ​គ្រាប់ Metformin ជា​ជម្រើស​ទី១ ក្នុង​ការ​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ សម្រាប់​គ្រប់​ក្រុម​អាយុ​ទាំង​អស់។ តាម​រយៈ​ការ​ស្រាវជ្រាវ ការ​វិភាគ​លើ​ការ​ប្រៀប​ធៀប​ប្រសិទ្ធភាព បង្ហាញ​ថា ថ្នាំ​ថ្មី​ដែល​មិន​មែន​ជា​អាំងស៊ុយលីន មួយ​នេះ ត្រូវ​បន្ថែម​លើ​ការ​ព្យាបាល​ដំបូង ដោយ​អាច​ជួយ​បន្ថយ​កម្រិត​អ័រម៉ូន A1C បាន​ប្រហែល​ពី ០,៩ ទៅ ១,១%។

ដោយ​ឡែក ការ​ព្យាបាល​រួម​បញ្ចូល​គ្នា​រវាង​ថ្នាំ dipeptidyl peptidase-4 (DPP-4) inhibitor និង metformin កាន់​តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត​ក្នុង​ការ​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​ផល​រំខាន​ដោយ​សារ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប។

ជា​វិជ្ជមាន គេ​អាច​ការពារ ឬ​កាត់បន្ថយ​ហានិភ័យ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ បាន​តាម​រយៈ​ការ​រក្សា​ទំងន់​ឲ្យ​បាន​ត្រឹម​ត្រូវ ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់ ជ្រើស​រើស​ចំណី​អាហារ​មាន​សុខភាព​ល្អ គ្រប់​គ្រង​សម្ពាធ​ឈាម គ្រប់​គ្រង​កម្រិត​កូឡេស្តេរ៉ុល​ក្នុង​ឈាម​ឲ្យ​បាន​ត្រឹម​ត្រូវ និង​ឈប់​ជក់​បារី។

ដូច្នេះ មាន​តែ​ការ​រក​ឃើញ​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​ដំណាក់​កាល​ដំបូង​ប៉ុណ្ណោះ ទើប​ជា​វិធី​ដ៏​ល្អ​បំផុត​ទប់​ស្កាត់​បញ្ហា​ធ្ងន់ធ្ងរ និង​ផល​វិបាក​នៃ​ជំងឺ​នេះ​នៅ​ពេល​ក្រោយ។

បើ​មាន​សំណួរ​ពាក់ព័ន្ធ​នឹង​អត្ថបទ​នេះ ឬ​ការ​ថែរក្សា​សុខភាព អាច​ទាក់​ទង​តាម៖

ចំណាំ៖ រាល់​សប្ដាហ៍ កញ្ញា នឹង​ចេញ​ផ្សាយ​អត្ថបទ​សុខភាព​ពី​អ្នក​ជំនាញ​ផ្នែក​សុខភាព​របស់​ទស្សនាវដ្ដី Healthwise Digest ពី DKSH

ដោយ៖ វិទូ

អត្ថបទពេញនិយម